តារាហ្វេសប៊ុកដែលជាអ្នកជំនួញអនឡាញដ៏ជោគជ័យ គឺអ្នកនាងអ៊ាន សៀវម៉ី (Siv Mey) ដែលទើបឡើងងារជាលោកជំទាវឧកញ៉ា នឹងប្រារព្ធធំមួយ ដោយមានទាំងការបុកគ្រឹះសាងសង់ផ្ទះផង ដើម្បីអបអរថ្ងៃខួបកំណើតនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០នេះ។

អ្វីដែលគេចាប់អារម្មណ៍ គឺអ្នកនាងទំនងជា Surprise ខ្លួនឯងដោយរថយន្តស៊េរីទំនើបតម្លៃសែនដុល្លារ មួយគ្រឿងថ្មីទៀត បន្ទាប់ពីគេឃើញអ្នកនាងឧស្សាហ៍និយាយប្រាប់ហ្វេនៗថា អ្នកនាងស្រឡាញ់រថយន្ត Lamborghini Sport ទំនើបមួយគ្រឿងថ្មី និងបានថតបង្ហោះភ្ជាប់ជាមួយរថយន្តស៊េរីទំនើបនេះ ពញាក់អារម្មណ៍ហ្វេនៗ។

អ្នកលេងហ្វេសប៊ុកមិនតិចទេ ទទួលស្គាល់ភាពជោគជ័យរបស់លោកជំទាវឧកញ៉ា Siv Mey បន្ទាប់ពីលោកជំទាវបានប្រែខ្លួនពីអ្នកលក់អនឡាញយ៉ាងសាមញ្ញ ក្លាយជាឧកញ៉ាដំបូងគេនៅកម្ពុជា។ លោកជំទាវឧកញ៉ា ក្រៅពីមានមុខជំនួញអនឡាញ ក៏មានមុខជំនួញជាច្រើនផ្សេងទៀតក្នុងដៃផងដែរ ទើបធ្វើឲ្យលោកជំទាវឧកញ៉ា មានលទ្ធភាពច្រើនក្នុងសកម្មភាពសប្បុរសធម៌ និងមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ។

លោកជំទាវឧកញ៉ា ត្រូវគេកត់សម្គាល់ថា ប្រកាសបង្ហើបប្រាប់ហ្វេនថា ចង់បានអ្វី គឺបាននឹង បើទោះជារបស់នោះមានតម្លៃរាប់សែនដុល្លារ។ ដូច្នេះហើយ ទើបគេសង្ស័យថា លោកជំទាវឧកញ៉ា ទំនងជាមានកាដូពិសេសចំពោះថ្ងៃកំណើតរបស់ខ្លួនទៀតហើយ នៅថ្ងៃទី៩ កញ្ញា នេះ ដោយហ្វេនៗកំពុងចាំមើលថា កាដូពញាក់អារម្មណ៍នោះ តើពិតជារថយន្ត Sport មួយគ្រឿងថ្មីដែលមានតម្លៃលើសរថយន្តចាស់របស់អ្នកនាងនោះមែន ឬ មិនមែន? ប្រសិនបើដូចការបង្ហើបមែន គឺពិតជាផ្ទុះទៀតហើយនូវភាពឡូយឆាយរបស់អ្នកនាង។

យ៉ាងណាមិញ លោកជំទាវឧកញ៉ាមិនបានឆ្លើយសំណួររបស់អ្នកលេងហ្វេសប៊ុកនោះទេ ដោយទុកឲ្យរង់ចាំតាមដានជាក់ស្ដែងវិញថា នឹងមានអ្វីពិសេសនៅថ្ងៃខួបកំណើតឆ្នាំនេះ៕



