លោកអាន់តូនីញ៉ូ ហ្គូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ បានផ្ញើលិខិតជូនសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងអំណរគុណសម្តេច ដែលបង្ហាញឆន្ទៈក្នុងការជួយសម្រួលដល់ការហោះហើរផ្នែកមនុស្សធម៌ ដែលអនុញ្ញាតឱ្យបុគ្គលិកមនុស្សធម៌ និងបុគ្គលិកសុខាភិបាលរបស់អង្គការសហប្រជាជាតិ ចូលទៅកាន់ប្រទេសមួយចំនួន ដើម្បីជួយដល់ជនងាយរងគ្រោះបំផុតដោយសារជំងឺកូវីដ-១៩។
លិខិតរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ជូនសម្តេចហ៊ុន សែន មានខ្លឹមសារទាំងស្រុងថា “សម្តេចតេជោ នាយករដ្ឋមន្ត្រី ខ្ញុំសូមថ្លែងអំណរគុណចំពោះលិខិត ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងចំពោះការគាំទ្ររបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ-១៩ ជាសកល រួមទាំងជួយសម្រួលដល់ការធ្វើដំណើររបស់ក្រុមការងារមនុស្សធម៌ គ្រូពេទ្យ និងសម្ភារបរិក្ខារផ្សេងៗ។ ការគាំទ្រនេះមានសារសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ក៏ដូចជាធានានូវការបន្តប្រតិបត្តិការមនុស្សធម៌ ជួយសង្គ្រោះជីវិតនៅទីកន្លែងក្រីក្រ និងងាយរងគ្រោះបំផុតនៅលើពិភពលោក។
ខ្ញុំសូមថ្លែងអំណរគុណជាពិសេស ដល់រាជរដ្ឋាភិបាលរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ចំពោះឆន្ទៈក្នុងការជួយសម្រួលដល់ការហោះហើរផ្នែកមនុស្សធម៌ ដែលអនុញ្ញាតឱ្យបុគ្គលិកមនុស្សធម៌ និងបុគ្គលិកសុខាភិបាល ចូលទៅកាន់ប្រទេសមួយចំនួន ដើម្បីជួយដល់ជនងាយរងគ្រោះបំផុត។
ក្នុងដំណើរឆ្ពោះទៅមុខ ប្រការនេះ មានសារសំខាន់ណាស់ក្នុងការរក្សាឱ្យបានខ្ជាប់ខ្ជួននូវវិធានការក្នុងអំឡុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ-១៩ និងវិបត្តិមនុស្សធម៌ដទៃទៀត ដើម្បីអនុញ្ញាត ជួយសម្រួល និងពន្លឿនការបន្តធ្វើដំណើររបស់បុគ្គលិកមនុស្សធម៌ និងបុគ្គលិកសុខាភិបាល និងការដឹកជញ្ជូនសម្ភារបរិក្ខារ តាមរយៈជើងហោះហើរផ្នែកមនុស្សធម៌ និងសង្គ្រោះ។
សហគមន៍មនុស្សធម៌ កំពុងបង្កើនការឆ្លើយតបរបស់ខ្លួន ចំពោះផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩។ ដូចដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី បានជ្រាបហើយ ការធ្វើបច្ចុប្បន្នភាព “ផែនការឆ្លើយតបមនុស្សធម៌សកលលោក ប្រឆាំងជំងឺកូវីដ-១៩” នាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ ឥឡូវនេះ អាចឱ្យអង្គការសហប្រជាជាតិ និងដៃគូរបស់ខ្លួន ផ្តល់នូវជំនួយផ្នែកសុខភាពនិងជំនួយសង្គ្រោះជីវិតផ្សេង ទៀតដល់៦៣ប្រទេស ដែលប្រឈមមុខនឹងវិបត្តិមនុស្សធម៌ ឬភាពផុយស្រួយកម្រិតខ្ពស់។
តាមរយៈកិច្ចសហការរួមគ្នាជាមួយអគ្គនាយកនៃអង្គការសុខភាពពិភពលោក ខ្ញុំបានបង្កើតក្រុមការងារខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងបរិបទជំងឺកូវីដ-១៩ (COVID-19 Supply Chain Task Force) ដែលមានអង្គការសុខភាពពិភពលោក និងអង្គការស្បៀងអាហារពិភពលោក ជាសហប្រធាន ដើម្បីកំណត់គម្លាតនៃការផ្គត់ផ្គង់ និងផ្តល់នូវបរិក្ខារពេទ្យចាំបាច់ដល់ប្រទេសនានា សម្រាប់ការឆ្លើយតបនឹងកូវីដ-១៩៕

