ខេត្តត្បូងឃ្មុំ ៖ យុវជនឈាមរាវម្នាក់ ដែលចូលចិត្តលេងសើចខុសទំនង បង្ហោះវីដេអូក្នុងបណ្តាញសង្គម TikTok និយាយថា “អង្គរវត្ត មិនមែនជារបស់ខ្មែរទេ” ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន នាំយកមកសាកសួរ កាលពីរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០។
លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ប្រាប់ថា កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនយុវជនម្នាក់ ឈ្មោះញ៉ែល ធារីណា ក្រោយពីបានបង្ហោះវីដេអូនៅលើបណ្តាញសង្គម TikTok ដោយនិយាយថា “អង្គរវត្ត មិនមែនជារបស់ខ្មែរទេ”។

គួរបញ្ជាក់ថា ថ្មីៗនេះ យុវជនញ៉ែល ធារីណា មានលំនៅក្នុងភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានបង្ហោះវីដេអូមួយ ក្នុងបណ្តាញសង្គម TikTok ដោយនិយាយថា “អង្គរវត្ត មិនមែនជារបស់ខ្មែរទេ”។ ក្រោយការបង្ហោះវីដេអូរបស់យុវជនរូបនេះ ធ្វើឲ្យមហាជនផ្ទុះប្រតិកម្ម រិះគន់ខ្លាំងៗ រហូតមានការអំពាវនាវឱ្យសមត្ថកិច្ចពាក់ព័ន្ធ តាមស្រាវជ្រាវចាប់ខ្លួនយុវជនខាងលើ មកផ្តន្ទោទោសតាមច្បាប់ទៀតផង។

បន្ទាប់ពីបានឃើញមហាជនមានការកំហឹងពុះកញ្ជ្រោល បញ្ចេញប្រតិកម្ម និងនាំគ្នាថ្កោលទោសកាន់តែខ្លាំងឡើងៗនោះ យុវជនខាងលើ បានបង្ហោះវីដេអូឃ្លីបខ្លីមួយ ដើម្បីជាការសុំទោសជាសាធារណៈ ចំពោះប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស ដោយនិយាយថា “សូមបងប្អូនអភ័យទោសឱ្យខ្ញុំផង សុំទោសបងប្អូនខ្មែរទាំងអស់ ដែលខ្ញុំនិយាយខុសឆ្គងអី ឱ្យខ្ញុំសុំទោស សង្ឃឹមថា ខ្ញុំនឹងកែខ្លួន ហើយនឹងមិននិយាយអ្វីផ្តេសផ្តាសទៀតឡើយ…”។

លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានបញ្ជាក់ថា ក្រោយពីមានករណីនេះកើតឡើង និងក្រោមបញ្ជារបស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ កម្លាំងសមត្ថកិច្ច បានបញ្ជាឱ្យកម្លាំងនគរបាលជំនាញ បើកការស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនជនខាងលើបាន។
យុវជនខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ នាំខ្លួនទៅធ្វើការសាកសួរ ដើម្បីចាត់ការតាមនីតិវិធី៕