Wednesday, August 27, 2025
Homeព័ត៌មានជាតិយាយនៅវត្តសុខៗ ស្រាប់តែទៅប្រាប់ថាម៉ែហៅ... តាមពិតធ្វើរឿងបែបនេះសោះ

យាយនៅវត្តសុខៗ ស្រាប់តែទៅប្រាប់ថាម៉ែហៅ… តាមពិតធ្វើរឿងបែបនេះសោះ

ខេត្តពោធិ៍សាត់ ៖ ចៅប្រុសអកតញ្ញូម្នាក់បានប្រើល្បិចហៅជីដូនបង្កើតរបស់ខ្លួនដែលមានវ័យជរា និងមានសភាពស្មារតីវង្វេងវង្វាន់ផង ឱ្យឡើងជិះម៉ូតូជាមួយ ដោយប្រាប់ថា ជូនទៅបុណ្យនៅវត្ត បន្ទាប់មកក៏ដឹកជីដូនទៅកន្លែងស្ងាត់ ធ្វើសកម្មភាពវាយច្របាច់កជីដូន រហូតសន្លប់ រួចប្លន់យកលុយកាក់ និងមាសរបស់ជីដូន ចំនួន៣ជី យកទៅស៊ីចាយអស់។

ករណីចៅប្រុសវ៉ៃប្លន់លុយកាក់និងមាសយាយខ្លួនឯងខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចគុម្ពោតព្រៃ ក្បែរប្រឡាយទឹកមួយកន្លែង ស្ថិតក្នុងភូមិស្នាយទោល ឃុំត្រពាំងជង ស្រុកបាកាន។ លុះមកដល់វេលាម៉ោង១និង៤៥នាទីរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ទើបសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជនសង្ស័យជាចៅប្រុសបាន នៅចំណុចភូមិគក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។

លោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងនគរបាលខេត្តពោធិ៍សាត់ ទទួលផែនការងារព្រហ្មទណ្ឌ បានឱ្យដឹងថា ជនសង្ស័យដែលបានវាយប្លន់ជីដូន និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសឿន ចាន់រិទ្ធ ហៅង៉ាំ អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិគក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។ ចំណែកស្ត្រីចំណាស់ជាជីដូន និងជាជនរងគ្រោះ មានឈ្មោះ ពេជ្រ ហាន អាយុ៨៤ឆ្នាំ មានលំនៅក្នុងភូមិ-សង្កាត់ជាមួយជនសង្ស័យ តែបច្ចុប្បន្នស្នាក់នៅវត្តពោធិ៍ទស្សន៍ ស្ថិតនៅសង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់។

លោកឧត្តមសេនីយ៍ត្រី ស្នងការរង បន្តថា មុនពេលកើតហេតុ លោកយាយរងគ្រោះកំពុងនៅក្នុងវត្ត ស្រាប់តែមកដល់វេលាម៉ោង៩ព្រឹក ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ លេចមុខជនសង្ស័យឈ្មោះសឿន ចាន់រិទ្ធ ហៅង៉ាំ ជាចៅប្រុសបង្កើតបានជិះម៉ូតូមកប្រាប់លោកយាយរងគ្រោះជាជីដូនថា “យាយៗ ម៉ែខ្ញុំឱ្យមកតាមហៅយាយទៅធ្វើបុណ្យនៅអូរតាប៉ោង” បន្ទាប់មក ជនសង្ស័យបានបើកម៉ូតូដឹកលោកយាយរងគ្រោះតាមខ្នងប្រឡាយ លុះមកដល់ប្រឡាយស្នាយទោល ស្ថិតក្នុងឃុំត្រពាំងជង ជនសង្ស័យបានឈប់ម៉ូតូ រួចធ្វើសកម្មភាពវាយនិងច្របាច់កជីដូនបង្កើតខ្លួនឯង រហូតសន្លប់ក្នុងគុម្ពោតព្រៃ រួចក៏ប្លន់យកទ្រព្យសម្បត្តិពីជីដូន រួមមាន លុយចំនួន៨០ម៉ឺនរៀល និងខ្សែកមាស ៣ជី ព្រមទាំងទូរស័ព្ទ១គ្រឿង។

ប្រភពដដែលបន្តថា ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់។ បន្ទាប់មកនៅវេលាម៉ោង៣និង០៥នាទីរសៀលថ្ងៃដដែល ទើបសមត្ថកិច្ចទទួលព័ត៌មានពីលោកមេភូមិស្នាយទោល ឃុំត្រពាំងជង ថា មានប្រជាពលរដ្ឋបានប្រទះឃើញស្ត្រីចំណាស់ម្នាក់ដេកសន្លប់នៅក្នុងព្រៃ ជាប់មាត់ប្រឡាយស្នាយទោល ហើយភ្លាមនោះ សមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ ប្រទះឃើញស្ត្រីចំណាស់ជាជនរងគ្រោះកំពុងដេកនៅក្នុងគុម្ពោតព្រៃ ទាំងស្ថានភាពវង្វេងស្មារតី មិនអាចសួរនាំអ្វីបានឡើយ។

ក្រោយកើតហេតុ សមត្ថកិច្ចបានដឹកលោកយាយរងគ្រោះទៅសង្គ្រោះនៅមណ្ឌលសុខភាព ឃុំត្រពាំងជង។ លុះព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ សមត្ថកិច្ចបានចុះទៅសាកសួរព័ត៌មាន ទើបដឹងហេតុការណ៍ដូចបានរៀបរាប់ខាងលើនេះ រួចក៏ឈានដល់ការឃាត់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង១និង៤៥នាទីរសៀលថ្ងៃដដែលនោះ និងបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះសឿន រិទ្ធ ហៅង៉ាំ បានឆ្លើយសារភាពថា រូបគេខ្វះលុយបង់រំលស់ម៉ូតូ ទើបហ៊ានវាយជីដូននឹងដំបង រួចច្របាច់កអូសចូលព្រៃ ហើយស្មានតែជីដូនស្លាប់ ក៏ជិះម៉ូតូគេចខ្លួនបាត់ទៅ។

ជនសង្ស័យជាចៅប្រុសកំណាចខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមផ្លូវច្បាប់៕

RELATED ARTICLES