ភ្នំពេញ ៖ កាលពីវេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រ ឈានចូលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលមូលដ្ឋានភ្នំពេញថ្មី បានចាប់ឃាត់ខ្លួនជនសង្ស័យ៣នាក់ ខណៈពួកគេកំពុងធ្វើសកម្មភាពលួចម៉ាស៊ីនត្រជាក់ តែមិនបានសម្រេច នៅចំណុចបរិវេណអគារលេខ១៥៧៩ ផ្លូវ១០០៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមសមត្ថកិច្ចនគរបាលមូលដ្ឋាន បានឱ្យដឹងថា ជនសង្ស័យ៣នាក់ដែលសមត្ថកិច្ចចាប់បាន រួមមាន ទី១-ឈ្មោះហេង ចន្ទ័រង្សី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិព្រែកដំបូក ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម (មានសារធាតុញៀន) ទី២-ឈ្មោះវ៉ាន់ នីពៅ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបិទម៉ូតូ ស្នាក់នៅបន្ទប់ជួល សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក (មានសារធាតុញៀន) ទី៣-ឈ្មោះ លី ពិសី ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តុ ស្នាក់នៅបន្ទប់ជួល សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក (មានសារធាតុញៀន)។

ប្រភពសមត្ថកិច្ចដដែល បានឱ្យដឹងទៀតថា ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នេះ គឺនៅខណៈពេលដែលពួកគេកំពុងធ្វើសកម្មភាពលួចម៉ាស៊ីនត្រជាក់របស់ជនរងគ្រោះឈ្មោះ ចេង សុភាព ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកសាលាគ្លូប៊ល ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សម្ភារៈបាត់បង់គ្មាន, សម្ភារៈបន្សល់ទុកកន្ត្រៃយ៍១, ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1GZ-2785 របស់ជនសង្ស័យជិះមកធ្វើសកម្មភាព។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសាកសួរ និងកសាងសំណុំរឿង អនុវត្តតាមនីតិវិធី៕