ខេត្តត្បូងឃ្មុំ ៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តត្បូងឃ្មុំ បានចេញដីកាសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន យុវជនដែលបានបង្ហោះវីដេអូ ទិកតុក ថាប្រាសាទអង្គរវត្ត មិនមែនជារបស់ខ្មែរ ដោយចោទប្រកាន់ពីបទ «ញុះញុងឱ្យមានការរើសអើងពូជសាសន៍»។
យុវជនខាងលើ មានឈ្មោះញ៉ែល ធារីណា ហៅរី ភេទប្រុស អាយុ២២ឆ្នាំ មានលំនៅក្នុងភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកតំបែរ ចាប់ឃាត់ខ្លួន នៅរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០។
យោងតាមដីកាបង្គាប់របស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តត្បូងឃ្មុំ ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ ខែកញ្ញា ឆ្នាំ២០២០ បានបញ្ជាឱ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទ ឈ្មោះញ៉ែល ធារីណា ហៅរី ទៅឃុំខ្លួននៅពន្ធនាគារខេត្តត្បូងឃ្មុំ ដោយអនុវត្តឱ្យបានត្រឹមត្រូវនីតិវិធីនៃច្បាប់។
គួរបញ្ជាក់ថា តាមការបញ្ជាក់របស់សមត្ថកិច្ច បានឱ្យដឹងថា ក្រោយពីបានសាកសួរ សាមីខ្លួនបានឆ្លើយថា មូលហេតុដែលយុវជននេះ ចេញវីដេអូដូច្នេះ គឺដោយសារចង់ឃើញមតិប្រតិកម្មរបស់កូនខ្មែរ អំពីបញ្ហាទឹកដី និងចង់ល្បីតាមទិកតុក ដោយមិនមានការរៀបចំ ឬបង្គាប់ឱ្យនិយាយ ពីអ្នកណាទេ គឺធ្វើដោយចិត្តឯង។

យុវជននេះអះអាងថា ចំណងជើងនៃវីដេអូនោះ គេបានប្រើពាក្យថា អង្គរវត្ត មិនមែនជារបស់ខ្មែរ ប៉ុន្តែជារបស់កម្ពុជា។ ប៉ុន្តែក្រោយពីមានមតិរិះគន់ច្រើន រូបគេក៏បានលុបវីដេអូនោះចេញវិញ ហើយបានចេញវីដេអូថ្មី សុំទោសជាសាធារណៈ អំពីកំហុសដែលគេបាននិយាយ។
តាមការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា ជននេះ ទទួលបានការអប់រំតិចតួច ប៉ុន្តែចេះលេងទិកតុក ស្ទាត់ជំនាញ។
ក្រោយពីបានធ្វើតេស្តពិនិត្យទឹកនោម ដោយសមត្ថកិច្ចជំនាញគ្រឿងញៀន និងគ្រូពេទ្យស្រុក បានត្រួតពិនិត្យសុខភាព បានបញ្ជាក់ថា ជននេះ មិនមានសារធាតុញៀនក្នុងខ្លួននោះទេ ហើយមានសុខភាពប្រក្រតី ទាំងកាយសម្បទា និងផ្លូវចិត្ត ប៉ុន្តែលក្ខណៈធម្មជាតិ អាចជាមនុស្សមានចរិតស្រី៕