Saturday, January 17, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជំពាក់លុយ៥ពាន់ សង១ផ្គា.ក់ ១៥.ថ្នេរ

ជំពាក់លុយ៥ពាន់ សង១ផ្គា.ក់ ១៥.ថ្នេរ

ខេត្តបាត់ដំបង ៖ យុវជនម្នាក់ បានដើរទៅទារលុយពីយុវជនម្នាក់ទៀត ដែលជំពាក់ខ្លួន ចំនួន៥ពាន់រៀល លុះ ទារលុយអត់បាន ក៏កើតមានទំនាស់ពាក្យសម្តីជាមួយគ្នា រហូតផ្ទុះជាអំពើហិង្សា ដោយភាគីកូនបំណុល ខឹងសម្បា ទាញកាំបិតផ្គាក់ កាប់ម្ចាស់បំណុល ចំនួន១ផ្គាក់ បណ្តាលឱ្យរងរបួសភ្លៅ និងត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដេរមុខរបួសចំនួន១៥ថ្នេរ។ ចំណែកជនដៃដល់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ករណីហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នៅចំណុចភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ។ រហូតមកដល់វេលាម៉ោង ១រសៀល ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ ដេត ដាណេ ភេទប្រុស អាយុ២៣ឆ្នាំ មានលំនៅ ភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ។ ចំណែកជនរងគ្រោះ មានឈ្មោះម៉ាក់ សុគុណ ភេទប្រុស អាយុ២៥ឆ្នាំ មានលំនៅ ភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ថា កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នៅចំណុចភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើប្រាស់កាំបិតផ្គាក់កាប់) បានកើតឡើង បង្កដោយជនសង្ស័យឈ្មោះដេត ដាណេ បានធ្វើសកម្មភាពយកកាំបិតផ្គាក់ កាប់ទៅលើជនរងគ្រោះ ឈ្មោះម៉ាក់ សុគុណ បណ្តាលឱ្យរងរបួសភ្លៅខាងឆ្វេង ដេរចំនួន១៥ថ្នេរ។

ក្រោយកើតហេតុ បន្ទាប់ពីទទួលបានបណ្តឹងពីជនរងគ្រោះ និងដោយអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង និងមាន ការសម្របសម្រួលនីតិវិធីពីលោកមាស ចាន់ពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងផ្នែកយុត្តិធម៌ រួមជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកនរិន្ទ នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ ដឹកនាំដោយលោកវរសេនីយ៍វរសេនីយ៍ទោ សឿង សាម៉េត អធិការស្តីទីនគរបាលស្រុកឯកភ្នំ បានចុះធ្វើស្រាវជ្រាវ រហូតដល់វេលាម៉ោង ១រសៀល ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ក៏កំណត់មុខសញ្ញា ឈានដល់ការឃាត់ខ្លួនជនសង្ស័យ ឈ្មោះដេត ដាណេ ព្រមទាំងដកហូតបានវត្ថុតាង កាំបិតផ្គាក់ ដងឈើ ចំនួន១ដើម រួចនាំមកកាន់អធិការដ្ឋាននគរបាលស្រុកឯកភ្នំ ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពកាប់ជនរង គ្រោះ ប្រាកដមែន។ មូលហេតុដោយសារខឹងជនរងគ្រោះ មកទារប្រាក់ដែលខ្លួនជំពាក់ ចំនួន៥០០០រៀល ធ្វើឱ្យកើតជាជម្លោះពាក្យសម្តី រហូតដល់ខ្លួនទប់ចិត្តមិនបាន ក៏ទាញកាំបិតផ្គាក់កាប់តែម្តង។

ជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES