ភ្នំពេញ ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមរីករាយជាមួយដំណឹងដែលកម្ពុជា បានព្យាបាលជំងឺកូវីដ-១៩ ជា១០០% ជាលើកទី២។
សម្តេចហ៊ុន សែន បានសរសេរក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុក របស់សម្តេច នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ថា «សុខសប្បាយជាទេបងប្អូនជនរួមជាតិ? ខ្ញុំសូមចូលរួមរីករាយជាមួយដំណឹងពីក្រសួងសុខាភិបាល ដែលបានបញ្ជាក់ថា នៅក្នុងដំណាក់កាលទី២នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលមានអ្នកជំងឺ ២៧៤នាក់ គឺមកដល់យប់មិញនេះ អ្នកជំងឺទី២៧៤ ដែលជាអ្នកជំងឺកូវីដ-១៩ ចុងក្រោយ បានព្យាបាលជាសះស្បើយហើយ។ នេះជាដំណឹងដ៏រីករាយបំផុតសម្រាប់កម្ពុជាយើង។

ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ សូមបងប្អូនបន្តចូលរួមថែរក្សាសុខភាព អនាម័យឲ្យបានល្អ កុំឲ្យឆ្លងកូវីដ-១៩ ឲ្យសោះ។ សូមឧស្សាហ៍ដុសលាងសម្អាតដៃ ជាមួយសាប៊ូ ចេល ទឹកអាល់កុល ហើយពាក់ម៉ាសក៍នៅកន្លែងចាំបាច់ ដូចជានៅកន្លែងទីប្រជុំជនដែលមានមនុស្សច្រើនអ៊ូអរ ដូចជាក្នុងពិធីបុណ្យនៅតាមវត្តអារាម ជាដើម។
សូមបងប្អូនធ្វើដំណើរសុខសប្បាយតាមផ្លូវ និងបានជួបជុំក្រុមគ្រួសារធ្វើបុណ្យទានក្នុងរដូវភ្ជុំបិណ្ឌ សប្បាយរីករាយទាំងអស់គ្នា នៅទូទាំងប្រទេស»។

សូមបញ្ជាក់ថា សម្តេចនាយករដ្ឋមន្ត្រី បានអបអរសាទរខាងលើនេះ បន្ទាប់ពីក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពីករណីអ្នកជំងឺកូវីដ-១៩ ១នាក់ចុងក្រោយ ត្រូវបានព្យាបាលជាសះស្បើយ ពោលគឺអ្នកជំងឺកូវីដ-១៩ នៅកម្ពុជា សរុបចំនួន ២៧៤នាក់ ត្រូវបានព្យាបាលជាសះស្បើយទាំងអស់ (១០០%) ជាលើកទី២ និងគ្មានករណីឆ្លងថ្មី គិតត្រឹមព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០៕