អតីតកីឡាករខ្សែបម្រើប្រយុទ្ធ Tostao បានអះអាងថា តារាបាល់ទាត់សញ្ជាតិប្រេស៊ីល Neymar គឺជាក្តីសង្ឃឹមតែមួយគត់ដែលអាចជួយឱ្យក្រុមជម្រើសជាតិរបស់ខ្លួនឈ្នះពានជើងឯកព្រឹត្តិការណ៍ World Cup លើកទី៦នៅប្រទេសរុស្ស៊ីនាពេលខាងមុខ ។
ប្រេស៊ីលធ្លាប់ឈ្នះពានWorld Cup ចំនួន៥លើករួចមកហើយគិតពីឆ្នាំ១៩៥៨មក ។ ជ័យជម្នះចុងក្រោយបំផុតរបស់គេគឺនៅឆ្នាំ២០០២ក្នុងពេលដែលប្រទេសជប៉ុននិងកូរ៉េខាងត្បូងធ្វើជាសហម្ចាស់ផ្ទះរៀបចំការប្រកួត ។ កាលWorld Cup ឆ្នាំ២០១៤ ប្រេស៊ីលក្នុងនាមជាម្ចាស់ផ្ទះបានបរាជ័យយ៉ាងជូរចត់ធ្លាក់ចេញត្រឹមវគ្គ៤ក្រុមចុងក្រោយបន្ទាប់ពីចាញ់ស្ទាំងដែកអាល្លឺម៉ង់ក្នុងលទ្ធផល ៧-១ ។
ទោះជាដូច្នេះក្តី Tostao បានមើលឃើញនូវភាពល្អប្រសើរច្រើនរបស់ក្រុមជម្រើសជាតិប្រេស៊ីលនៅក្រោមការដឹកនាំគ្រូបង្វឹក Titeដែលជំនួសតំណែងលោក Dunga កាលពីខែមិថុនា កន្លងមក ។ អតីតកីឡាកររូបនេះបានបន្តថា៖«ជាមួយខ្សែការពាររឹងមាំ ព្រមទាំងកីឡាករល្អៗជាច្រើនរូបទៀត បូករួមនឹងកីឡាករ Neymar ប្រេស៊ីលនឹងទទួលបានឱកាសជាថ្មី ។ កីឡាករចរិកចាស់ទុំនឹងបង្កើតបាននូវក្តីសង្ឃឹមដែលយើងនឹងមានក្រុមដ៏ខ្លាំងមួយសម្រាប់ World Cupឆ្នាំ ២០១៨ »។
នៅក្រោមការដឹកនាំរបស់លោក Tite ក្រុមជម្រើសជាតិប្រេស៊ីលបានឈ្នះការប្រកួត៣លើកដំបូងរបស់ខ្លួន ឡើងទៅចំនាត់ថ្នាក់លេខ២ក្នុងការប្រកួតជម្រុះ World Cupតំបន់អាមេរិកខាងត្បូង ។
ទន្ទឹមនឹងភាពរីកចំរើនមួយចំនួនខាងដើម លោក Tostao ក៏មានក្តីកង្វល់ខ្លះៗផងដែរបន្ទាប់ពីមរណៈភាពខ្សែបម្រើកណ្តាល ។ លោកបន្ថែមថា៖«នៅប្រេស៊ីលមានការបែងចែកគ្នាដាច់អស់ជិត២០ឆ្នាំរវាងបម្រើនិងខ្សែបម្រើប្រយុទ្ធ ។ បណ្តាអ្នករៀបចំក៏ដូចជាកីឡាករមួយចំនួនដែលមានបច្ចេកទេសបញ្ជូនបាល់បានល្អគ្មានឱកាសចូលលេង »៕
ដោយ៖ ហេង ដេត