Friday, September 20, 2024
Homeបរិយាយក្តៅ​ស្អុះ​ប្រើ​​ផ្លិត ក្តៅ​ចិត្ត​ប្រើ​ខន្តី

ក្តៅ​ស្អុះ​ប្រើ​​ផ្លិត ក្តៅ​ចិត្ត​ប្រើ​ខន្តី

លោកអគ្គបណ្ឌិត ប៊ុត សាវង្ស ធម្មាចារ្យដ៏ល្បីល្បាញបានដកស្រង់ពុទ្ធភាសិតនានា មកអធិប្បាយពន្យល់ពុទ្ធបរិស័ទ ឱ្យងាយយល់ ងាយប្រតិបត្តិ ក្នុងនោះក៏មានពុទ្ធភាសិតកែច្នៃតាមសម័យនិយមថា “ក្តៅស្អុះប្រើផ្លិត ក្តៅចិត្តប្រើខន្តី” ផង ដែរ។ មនុស្សក្តៅចិត្ត គឺបណ្តាលមកពីចង់យកឈ្នះគ្នា សូម្បីតែអ្នកនយោបាយ បើគាត់ក្តៅចិត្ត ធ្វើឱ្យអ្នកគាំទ្រក្តៅតាម មិន អាចប្រើផ្លិត ឬកង្ហារយន្តបក់ឱ្យល្ហើយបានឡើយ គឺមានតែ “ខន្តី” នេះឯង ជាគ្រឿងនាំខ្យល់ត្រជាក់យ៉ាងមានប្រសិទ្ធភាព ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ

បើបរិយាយតាមន័យត្រង់ មនុស្សក្តៅស្អុះ ដោយសារធាតុអាកាសនារដូវប្រាំង ឬនៅក្នុងបន្ទប់ខ្វះខ្យល់ធម្មជាតិចេញ ចូល លុះត្រាតែម្ចាស់បន្ទប់នោះ ប្រើម៉ាស៊ីនត្រជាក់ កង្ហារយន្ត ឬប្រើផ្លិតបក់ ទើបអាចកម្ចាត់ភាពស្អុះស្អាប់នោះបាន។ រីមនុស្ស ក្តៅចិត្ត ឬមួម៉ៅក្តៅក្រហាយពាក់ព័ន្ធនឹងហេតុការណ៍អ្វីមួយ លុះត្រាតែប្រើ “ខន្តី” ទើបអាចកម្ចាត់បង់នូវអាការក្តៅក្រហល់ក្រហាយបាន តែបើយកផ្លិតទៅបក់ ធ្វើឱ្យចិត្តទោសៈនោះកាន់តែក្តៅទៅៗ។

ខន្តី” ក្លាយមកពីភាសាបាលីសំស្ក្រឹត មានន័យថា អំណត់អត់ឱន, សេចក្តីអត់ធន់ អត់ទ្រាំនូវកំហឹង និងសេចក្តីទុក្ខកង្វល់ផ្សេងៗ។ ខន្តី ជាធម៌ភាពប្រទាក់គ្នានឹង “សច្ចំ កតញ្ញូ” ដែលបូកសរុបទាំង៣គឺ “សច្ចំ កតញ្ញូ ខន្តី” បើនរជនណាកាន់ ជាប់ក្នុងខ្លួន នឹងក្លាយជាបុគ្គលមានគុណធម៌ឧត្តមថ្លៃថ្លាណាស់។ មនុស្សសម័យនេះ ទោះជាគ្មានអរិយបុគ្គលសម្រេចធម៌ជាន់ ខ្ពស់ថ្នាក់អរហន្ត ក៏មានអ្នកខ្លះពូកែអត់ធ្មត់បំផុត ទោះគេជេរដៀលយ៉ាងណាក៏ស៊ូខាំមាត់សង្កត់ចិត្តមិនតបត ប៉ុន្តែ មានមនុស្ស ច្រើនណាស់ ដែលមិនចេះអត់ធ្មត់ ចូលចិត្តប្រើកំហឹងទល់កំហល់។

បើយកករណីនេះ មកឆ្លុះមើលតថភាពសង្គម យើងឃើញថា សព្វថ្ងៃ បញ្ហារៀបចំធ្វើបុណ្យខួប១០០ថ្ងៃ ជូនសពលោក បណ្ឌិតកែម ឡី បានធ្វើឱ្យអាជ្ញាធររដ្ឋាភិបាល និងគណៈកម្មការរៀបចំបុណ្យ “ក្តៅចិត្ត” ដូចគ្នា។ ទោះជាចិត្តនោះ លាក់ទុក នៅក្នុងខ្លួនមនុស្ស គ្មានអ្នកណាមើលឃើញ ក៏អ្នកវិភាគអាចសន្និដ្ឋានបានថា អាជ្ញាធររាជធានីភ្នំពេញ កំពុងក្តៅចិត្តមិនស្ទើរ ទេ ដោយសារសេចក្តីជូនដំណឹង ក៏ដូចបទបញ្ជារបស់រដ្ឋបាលសាធារណៈ គ្មានអ្នកគោរព។ សេចក្តីជូនដំណឹង ដែលចុះហត្ថលេខាដោយលោកប៉ា សុជាតិវង្ស អភិបាលរាជធានី មិនអនុញ្ញាតឱ្យគណៈកម្មការបុណ្យរៀបចំធ្វើនៅវត្តចាស់នោះ ស្រាប់តែ គណៈកម្មការបុណ្យច្រានចោល ដោយលើកពីសិទ្ធិសេរីភាពពលរដ្ឋក្នុងការធ្វើបុណ្យ ដោយមិនចាំបាច់សុំនោះ ច្បាស់ជា អាជ្ញាធរ “ក្តៅចិត្ត”។ ដោយឡែក គណៈកម្មការបុណ្យ ដែលក្នុងនោះមានព្រះតេជគុណប៊ុត ប៊ុនតិញ លោកប៉ា ងួនទៀង លោកសៅ កុសល ក៏កំពុង “ក្តៅចិត្ត” ដូចគ្នា ដោយសារការដាក់ពាក្យស្នើសុំធ្វើបុណ្យនៅវត្តពោធិយារាម ហៅវត្តចាស់ មិន បានសម្រេចដូចបំណង។ ជាងនេះទៀត ព្រះចៅអធិការ និងគណៈកម្មការអាចារ្យវត្តចាស់ ក៏បានចេញសេចក្តីប្រកាសមិន អនុញ្ញាតឱ្យរៀបចំធ្វើបុណ្យនៅវត្តនេះដែរ បណ្តាលឱ្យអ្នកខកបំណង កាន់តែ “ក្តៅចិត្តទ្វេឡើង”។

បើគ្រប់ភាគីទាំងអស់សុទ្ធតែក្តៅចិត្តដូចគ្នាយ៉ាងនេះ តើមានវិធីណាដែលអាចធ្វើឱ្យត្រជាក់វិញបាន? ឬមួយអាជ្ញាធរ រាជធានី ប្រកាន់ជំហរដដែល ដោយចោទប្រកាន់ថា ពិធីបុណ្យនេះមាន “ចរិតនយោបាយ” ឬ “យកសពធ្វើអាជីវកម្ម”? ឬមួយព្រះតេជគុណ ប៊ុត ប៊ុនតិញ ដែលសកម្មជាងគេ នៅតែជម្នះធ្វើបុណ្យនៅទីតាំងហាមឃាត់? បើនិយាយពីការធ្វើបុណ្យ ពាក់ព័ន្ធនឹងនយាបាយនោះ ពិតជាមានមែន ជាក់ស្តែង កាលធ្វើបុណ្យសពកន្លះខែនោះ ថ្ងៃណាក៏មានអ្នកបម្រើនយោបាយ និងអ្នកគាំទ្រនយោបាយបក្សប្រឆាំង ទៅចូលបច្ច័យ និងសរសេរលើបញ្ជីខ្មៅ ថ្កោលទោសឃាតករ និងអ្នកនៅពីក្រោយ ឃាតកម្មនេះដែរ រហូតមានករណីដេញអ្នកមាននិន្នាការនយោបាយផ្ទុយគ្នា (ក្រុមកញ្ញាធី សុវណ្ណថា) មិនឱ្យចូលទៅគោរព វិញ្ញាណក្ខន្ធលោកបណ្ឌិតកែម ឡី ទៀតផង។ លុះពេលហែសពទៅបញ្ចុះនៅខេត្តតាកែវ ក៏មានមនុស្សចូលរួមឡើងខ្នាប់ ដូចស្រមោច ដែលការហែសពរដ្ឋមន្ត្រី ក៏មិនបានមួយចំណិតដែរ ដែលកាលនោះ គណៈកម្មការបុណ្យបានប្រកាសថា មាន “មនុស្ស២លាននាក់” ចូលរួម។ ដល់អ្នកកាសែតយកតួលេខនេះទៅចុះផ្សាយតាមអ្វីដែលគេប្រាប់ ដោយមិនបំផ្លើស ក៏ត្រូវ មន្ត្រីរដ្ឋាភិបាលរិះគន់ថា ចេះតែចុះគ្មានចេះពិចារណា មិនគណនាចម្ងាយផ្លូវ។ ពេលហែសពនោះ បក្សប្រឆាំង ឆ្លៀតកេង បានចំណេញនយោបាយសន្ធឹក ដូច្នេះ បើអាជ្ញាធររាជធានី បើកឱ្យធ្វើបុណ្យនៅកន្លែងដដែលនោះ ច្បាស់ជាមានមនុស្សទៅ ចូលបច្ច័យ និងចូលរួមហែរូបសំណាក ឡើងខ្នាប់ដូចស្រមោចទៀត អាចឱ្យបក្សប្រឆាំង បានចំណេញដូចមុន។

ធម្មតានយោបាយ បក្សណាក៏ចង់ចំណេញដែរ ដូច្នេះ អាជ្ញាធរចាំបាច់ត្រូវតែហាមឃាត់ ក៏ដូចជាបញ្ចៀសការកកស្ទះ ចរាចរណ៍ផងដែរ ប៉ុន្តែ បើគណៈកម្មការបុណ្យនៅតែជម្នះធ្វើ អាចនឹងមានបញ្ហាប្រឈមមុខដាក់គ្នាមិនខានឡើយ។ ទោះ យ៉ាងនេះក្តី ក៏ “ទារកគ្រប់ខែត្រូវតែប្រសូត” យ៉ាងណាមិញ ពិធីបុណ្យ១០០ថ្ងៃ បើដល់ថ្ងៃកំណត់ ត្រូវតែធ្វើចៀសមិនរួច ទោះជាមិនបានធ្វើនៅភ្នំពេញ ឬទៅធ្វើនៅខេត្តតាកែវ ក៏មិនសូវមានសុវត្ថិភាពដែរ ព្រោះតែភាគីម្ខាងៗក្តៅចិត្តដូចគ្នា។ ដូច្នេះ មានតែធម៌ “ខន្តី” ឬការអត់ធ្មត់ប៉ុណ្ណោះ ទើបអាចដោះស្រាយបញ្ហានេះបាន និងគួរតែភាគីពាក់ព័ន្ធចេះយោគយល់គ្នាផង។

នៅក្នុងរឿងព្រះពុទ្ធសាសនាមួយ បានតំណាលពីមេគោ១ក្បាល ចេញទៅស៊ីស្មៅក្បែរជើងភ្នំ ត្រូវខ្លាធំចាប់បាន បម្រុង ហែកស៊ី ប៉ុន្តែមេគោនោះអង្វរខ្លាថា សុំទុកឱកាសឱ្យវាទៅបំបៅកូនសិន សឹមវិលមកឱ្យខ្លាស៊ីវិញ។ ខ្លាធំនោះ ទោះជាឃ្លាន យ៉ាងណា ក៏ស៊ូទ្រាំ ព្រោះមាន “ខន្តី” ក៏បើកផ្លូវឱ្យមេគោនោះទៅបំបៅកូន ដោយមេគោប្រាប់កូនវាថា កូនឯងបៅឱ្យឆ្អែត ទៅ ម៉ែជិតដល់ពេលស្លាប់ហើយ។ កូនគោសួរដឹងរឿង ក៏សុំខ្លួនទៅឱ្យខ្លាស៊ីជំនួសមេវា ប៉ុន្តែ មេគោមិនព្រម ក៏បណ្តើរគ្នាទៅ ទាំងពីរ រហូតដល់ជើងភ្នំ ទើបខ្លាសួរដឹងសេចក្តី និងយល់ថា មេគោប្រកាន់ពាក្យសច្ចៈ ឯកូនគោមានធម៌កតញ្ញូ ទើបខ្លាបើក ឱ្យរស់ជីវិតទាំងមេនិងកូន។ ថ្លែងពីព្រះឥន្ទ្រាធិរាជ បានទតឃើញសត្វទាំង៣ ប្រកបដោយធម៌ “សច្ចំ កតញ្ញូ ខន្តី” យ៉ាងនេះ ក៏ចុះទៅយកមកឱ្យនៅឋានសួគ៌ ប្តូរអត្តភាពពីសត្វតិរច្ឆាន ក្លាយជាទេវបុត្រ ទេពធីតា សោយសម្បត្តិទិព្វរាប់សែនឆ្នាំ។

ការលើកឧទាហរណ៍រឿងនេះចង់បង្ហាញថា បើមនុស្សយកគំរូតាមសត្វទាំង៣នេះ នឹងគ្មានជម្លោះកើតឡើងឡើយ។ យ៉ាងណាមិញ អាជ្ញាធរដែលមានកម្លាំងខ្លាំងប្រៀបបាននឹងខ្លាធំ គណៈកម្មការបុណ្យសពប្រៀបបាននឹងមេគោ ឯអ្នកគាំទ្រ ឬ “កែម ឡីនិយម” មិនខុសពីកូនគោ។ បើអាជ្ញាធរប្រកាន់ធម៌ខន្តី អនុញ្ញាតឱ្យធ្វើបុណ្យតាមការស្នើសុំ ចំណែកគណៈកម្មការបុណ្យកាន់ធម៌សច្ចៈ ឬថា ដឹងតែធ្វើបុណ្យ ដោយមិនកៀងគរមនុស្សមកប្រឡាក់ប្រឡូសនឹងនយោបាយ រីឯអ្នកកែម ឡី និយម កាន់ធម៌កតញ្ញូ ដឹងគុណ ចេះគោរពអាជ្ញាធរ និងស្តាប់តាមការណែនាំរបស់គណៈកម្មការ ដោយមានភាពស្ងប់ស្ងៀម ចេះរក្សាសណ្តាប់ធ្នាប់សង្គមនោះ នឹងបានទទួលកុសលផលានិសង្សគ្រប់ៗគ្នាមិនខានឡើយ។ ផ្ទុយទៅវិញ បើគ្រប់ភាគីទាំងអស់ ប្រកាន់អស្មិមានះ ឬថាអាជ្ញាធរមិនព្រមឱ្យធ្វើបុណ្យនៅវត្តចាស់ ដោយត្រៀមកម្លាំងបង្ក្រាប ខណៈដែលគណៈកម្មការ បុណ្យ ជម្នះធ្វើបុណ្យ មិនខ្លាចរដ្ឋបាលសាធារណៈ ចំណែកអ្នកកែម ឡីនិយម រង់ចាំតែឱកាសហុចឱ្យ នឹងបានបញ្ចោញកំហឹង នោះ ច្បាស់ណាស់ថា “ធម៌សច្ចំ កតញ្ញូ ខន្តី” នឹងរលាយបាត់អស់មិនខានឡើយ។

សរុបទៅ “ក្តៅស្អុះប្រើផ្លិត ក្តៅចិត្តប្រើខន្តី” ជាពុទ្ធភាសិត មានតម្លៃកាត់មិនបាន សម្រាប់អ្នកនយោបាយយកទៅអនុវត្ត ក្នុងការរំលត់អធិករណ៍ផ្សេងៗដែលកើតឡើងក្នុងសង្គម។ ក្តៅចិត្តប្រើខន្តី មិនដូច “ខន្តីញោម កាន់បាត្រឱ្យអាត្មាៗដាក់មី ហ្នឹងម្តង” នោះទេ តែជាខន្តីដូចសត្វខ្លាធំ ដែលទ្រាំអត់ឃ្លានមិនស៊ីសាច់គោ។ ស្របពេលដែលលោកស្រីរ៉ូណា ស៊្មីត អ្នករាយការណ៍ ពិសេស អ..ប ផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា មកឃ្លាំមើលផងនោះ បើអាជ្ញាធរនិងគណៈកម្មការបុណ្យសពលោកបណ្ឌិត កែម ឡី មិនយកខន្តីមកប្រើនោះ ច្បាស់ណាស់ថា “ខ្មែរយើងនឹងបានខ្មាសគេ” តែប៉ុណ្ណឹងឯង ព្រោះតែអ្នករាយការណ៍នោះ ចាំតែស្រង់យកហេតុការណ៍ផ្សេងៗទៅដាក់ក្នុងរបាយការណ៍ជូន អ..ប តែប៉ុណ្ណោះ៕

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES