ខេត្តស្ទឹងត្រែងៈ ក្រពើភ្នំ ដែលជាប្រភេទក្រពើត្រី សំបូរនៅជួរភ្នំក្រវាញ កំពុងតែត្រូវបានអាជ្ញាធរខេត្តស្ទឹងត្រែង និងអ្នកអភិរក្ស សិក្សាដើម្បីស្តារចំនួនរបស់វា នៅទន្លេស្រែពក ដែលធ្លាប់ជាដែនជម្រកធម្មជាតិមួយ នៅកម្ពុជា។

កិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការស្តារក្រពើភ្នំ នៅទន្លេស្រែពក នៃដែនជម្រកសត្វព្រៃ ស្រែពក បានរៀបចំកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ដោយមានការចូលរួមដោយលោក ងិន សុវិមាន អភិបាលរងខេត្ត ស្ថាប័នពាក់ព័ន្ធ អង្គការ WWF តំណាងសហគមន៍ និងមន្ត្រីជំនាញនានា។
សត្វក្រពើភ្នំ ជាប្រភេទសត្វទឹកសាប ដែលមានមាឌធំល្មម ហើយមានដុះទ្រនង់ឆ្អឹងនៅខាងក្រោយក្បាលរបស់វា។ សត្វក្រពើភ្នំ ពីដើមឡើយ មាននៅពាសពេញតំបន់ទំនាបកណ្តាលអាស៊ីអាគ្នេយ៍ ជាពិសេស នៅតាមទី ជម្រកតំបន់ដីសើម នៅកម្ពុជា។

សត្វក្រពើភ្នំ ដែលធំពេញរូបរាង ជាទូទៅមានប្រវែងមិនលើសពី ៣,៥ម៉ែត្រ។ សត្វក្រពើភ្នំ ស៊ីចំណីដែលជាសត្វតូចៗ ដូចជា ពស់ កង្កែប ត្រី ហើយវាកម្រស៊ីចំណី ជាសត្វធំៗណាស់។ សត្វក្រពើភ្នំ អាចមានពងមួយសម្បុក ចាប់ពី ១១ ទៅ២៦គ្រាប់៕