មាស សុខសោភា បានលេចមុខចូលរួមសម្ពោធហាងកាហ្វេត្នោត ដែលមានទីតាំងនៅទួលទំពូង កាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ដោយនាងបានធ្វើឲ្យផ្អើលអ្នកដំណើរទាំងឡាយដែលជិះរថយន្ដ និងម៉ូតូតាមដងផ្លូវ ព្រោះតែអតីតតារាចម្រៀងថោន រូបនេះ បានលើកយកបទចម្រៀង៤បទរបស់នាង មកបកស្រាយនៅលើឆាកតូចមួយនៅពីមុខហាងនោះ គឺមានដូចជាបទ ”ម្នាក់ឯងមិនស្លាប់ទេ”, ”លើលោកនេះ ខ្ញុំស្រលាញ់ម៉ាក់ខ្ញុំជាងគេ”, ”មេឃកំពុងភ្លៀងហើយ” និងបទ ”១ពាន់រាត្រី”។

សោភា បានឲ្យដឹងថា ម្ចាស់ហាងកាហ្វេនោះ ជាហ្វេនរបស់នាង ហើយនាងមានអារម្មណ៍រីករាយពេលដែលបានច្រៀងបទចម្រៀងទាំង៤បទ នៅចំពោះមុខថៅកែហាង។ ប៉ុន្ដែសោភា ថា នាងគ្មានភាគហ៊ុននៅហាងកាហ្វេនោះទេ តែនាងជាអ្នកចូលចិត្តផឹកហាងកាហ្វេជារៀងរាល់ថ្ងៃ។

អ្នកស្រីឆាង មួយអ៊ី ថៅកែហាងកាហ្វេត្នោត បានឲ្យដឹងថា នាងបានស្រលាញ់និងគាំទ្រមាស សុខសោភា ជាយូរមកហើយ ដោយចាត់ទុកតារាចម្រៀងល្បីល្បាញរូបនេះ ជា Idol របស់នាងតែម្ដង។ នាងថា ដូចជាបទ ”១ពាន់រាត្រី” នាងសំណូមពរឲ្យសោភា ច្រៀង ខណៈដែលបទ ”លើលោកនេះ ខ្ញុំស្រលាញ់ម៉ាក់ខ្ញុំជាងគេ” ម៉ាក់របស់នាងស្រលាញ់បទនេះ។

អ្នកស្រីឆាង មួយអ៊ី បន្ថែមថា អ្នកស្រីមានមោទនភាពនៅពេលដែលថ្ងៃសម្ពោធហាងកាហ្វេរបស់អ្នកស្រី មានកំពូលតារាចម្រៀងមាស សុខសោភា និងតារាជាច្រើនទៀតបានចូលរួម។

ដោយឡែក ការដាក់ទុនហាងកាហ្វេត្នោតនេះ អ្នកស្រីថា ចំណាយអស់ខ្ទង់១០ម៉ឺនដុល្លារហើយអ្នកស្រីបង្កើតដោយខ្លួនឯង និងធ្វើថៅកែខ្លួនឯង គ្មានចូលហ៊ុនជាមួយអ្នកណាផ្សេងនោះទេ៕

