Thursday, August 21, 2025
Homeព័ត៌មានជាតិអាជ្ញាធរទុកពេល ១០ថ្ងៃ អ្នកសង់សំណង់រំលោភចិញ្ចើមផ្លូវ ក្នុងបុរីពិភពថ្មី ត្រពាំងថ្លឹង រុះរើបន្ទាន់

អាជ្ញាធរទុកពេល ១០ថ្ងៃ អ្នកសង់សំណង់រំលោភចិញ្ចើមផ្លូវ ក្នុងបុរីពិភពថ្មី ត្រពាំងថ្លឹង រុះរើបន្ទាន់

ភ្នំពេញ ៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានចេញសេចក្ដីជូនដំណឹង ទុកពេល ១០ថ្ងៃ ឲ្យប្រជាពលរដ្ឋរស់នៅក្នុងបុរីពិភពថ្មី ត្រពាំងថ្លឺង ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ដែលសាងសង់សំណង់រំលោភចិញ្ចឹមផ្លូវ និងរំលោភលើប្រព័ន្ធលូបង្ហូរទឹក ត្រូវរុះរើចេញជាបន្ទាន់ បើក្នុងករណីមិនអនុវត្តតាមខ្លឹមសារសេចក្ដីជូនដំណឹងនេះទេ រដ្ឋបាលខណ្ឌ នឹងមានវិធានការចុះរុះរើ ដោយមិនទទួលខុសត្រូវលើការបាត់បង់ ខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈផ្សេងៗឡើយ ។

យោងតាមសេចក្ដីជូនដំណឹង លេខ៤៧០/២០ ស.ជ.ណ ចុះថ្ងៃពុធ ១២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ដែលចុះហត្ថលេខាដោយលោកហែម ដារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ដែលលោកអភិបាលខណ្ឌ បានបង្ហោះនៅក្នុងគណនីបណ្ដាញសង្គមហ្វេសប៊ុក របស់លោក នៅថ្ងៃដដែលនោះ មានខ្លឹមសារថា “រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សូមជម្រាបជូនដំណឹងដល់លោក/លោកស្រី ម្ចាស់បុរី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងបុរី ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឲ្យបានជ្រាបថា រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានសង្កេតឃើញថា លោក/លោកស្រី ម្ចាស់បុរី ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងបុរី បានធ្វើការសាងសង់សំណង់បន្ថែម នៅលើសំណង់ចាស់ដែលមានស្រាប់ ខុសពីច្បាប់អនុញ្ញាតឲ្យសាងសង់ ។ ម្យ៉ាងវិញទៀត លោក/លោកស្រី ម្ចាស់បុរី មិនបានយកចិត្តទុកដាក់ការកែលម្អប្រព័ន្ធលូបង្ហូរទឹក រហូតទៅដល់បងប្អូនប្រជាពលរដ្ឋខ្លះ បានធ្វើការសាងសង់សំណង់ផ្សេងៗ បិទអណ្ដូងលូ និងប្រព័ន្ធលូបង្ហូរទឹកថែមទៀត ។

ដូច្នេះដើម្បីចូលរួមការស្ដារអណ្ដូងលូ និងកែលម្អប្រព័ន្ធលូបង្ហូរទឹកឡើងវិញ ចៀសវាងការជន់លិចដោយទឹកភ្លៀង ឬទឹកជំនន់ផ្សេងៗ ស្នើលោក/លោកស្រី ម្ចាស់បុរី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងបុរី ចូលរួមរក្សាឲ្យបាននូវសណ្ឋានភាពដើម មិនសាងសង់បន្ថែម និងត្រូវរុះរើសំណង់នានាដែលបានសាងសង់រំលោភចិញ្ចើមផ្លូវ និងអណ្ដូងលូ ចេញឲ្យអស់ ចាប់ពីថ្ងៃទទួលបានសេចក្ដីជូនដំណឹងនេះតទៅ ។

ក្នុងករណីលោក/លោកស្រី មិនអនុវត្តតាមខ្លឹមសារសេចក្ដីជូនដំណឹងនេះទេ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ នឹងមានវិធានការចុះរុះរើ ដោយមិនទទួលខុសត្រូវលើការបាត់បង់ ខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈផ្សេងៗដែលមាននៅលើទីតាំងនោះឡើយ ។

រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សង្ឃឹមជឿជាក់លើលោក/លោកស្រី បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ នឹងអនុវត្តតាមខ្លឹមសារសេចក្ដីជូនដំណឹងនេះ ជាពុំខានឡើយ“ ។  

ជាមួយនេះ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ក៏បានចេញសេចក្ដីជូនដំណឹង មួយផ្សេងទៀត លេខ ៤៧៣/២០ ស.ជ.ណ ចុះថ្ងៃខែឆ្នាំដដែល ដែលចុះហត្ថលេខាដោយលោកហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ដែលមានខ្លឹមសារថា  “រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករ ដែលមានលំនៅឋាន ការដាក់តាំងស្លាកយីហោខុសច្បាប់ សំយាបផ្ទះ របង និងសំណង់ផ្សេងៗ ស្ថិតនៅបុរីពិភពថ្មី (ត្រពាំងថ្លឺង) ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឲ្យបានជា្របថា រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋ និងអាជីវករ បានសាងសង់សំយាបផ្ទះ និងសំណង់ផ្សេងៗ រំលោភមកលើប្រព័ន្ធលូបង្ហូរទឹក និងចិញ្ចឹមផ្លូវសាធារណៈ ដែលស្ថិតនៅទីតាំងខាងលើ បានបណ្ដាលឲ្យមានការកកស្ទះចរន្តទឹក និងប៉ះពាល់ដល់សោភណភាព សុវត្ថិភាពសាធារណៈ ។

ដូច្នេះស្នើបងប្អូនប្រជាពលរដ្ឋ និងអាជីវករដែលមានលំនៅឋាន សំយាបផ្ទះ របង ការដាក់តាំងស្លាកយីហោ ប៉ាណួខុសច្បាប់ និងសំណង់ផ្សេងៗដែលបានសាងសង់រំលោភលើប្រព័ន្ធលូបង្ហូរទឹក និងចិញ្ចើមផ្លូវសាធារណៈ ត្រូវរុះរើចេញឲ្យផុត ក្នុងរយៈពេល ១០ថ្ងៃ ដោយគិតចាប់ពីថ្ងៃទទូលបានសេចក្ដីជូនដំណឹងនេះតទៅ ។

ក្នុងករណីលោក លោកស្រី មិនអនុវត្តតាមខ្លឹមសារសេចក្ដីជូនដំណឹងនេះទេ រដ្ឋបាលខណ្ឌ នឹងមានវិធានការចុះរុះរើ ដោយមិនទទួលខុសត្រូវលើការបាត់បង់ ខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈផ្សេងៗដែលមាននៅលើទីតាំងនោះឡើយ ។

រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សង្ឃឹមជឿជាក់លើលោក/លោកស្រី បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ នឹងអនុវត្តតាមខ្លឹមសារសេចក្ដីជូនដំណឹងនេះជាពុំខានឡើយ“ ។

គួរបញ្ជាក់ដែរថា សេចក្ដីជូនដំណឹង របស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ខាងលើនេះ បានធ្វើឡើងក្រោយ ១ថ្ងៃ ដែលឯកលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ កាលព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បានដឹកនាំកម្លាំងចម្រុះ និងមន្ទីរអង្គភាពជំនាញ ចុះពិនិត្យស្ថានភាពជាក់ស្ដែង ការបាញ់លាងសម្អាតផ្លូវ និងកាយស្ដារអណ្ដូងលូបង្ហូរទឹក ជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងបុរីពិភពថ្មី ត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភំ្នពេញ ដែលរងការជន់លិចដោយជំនន់ទឹកភ្លៀង តាំងពីពាក់កណ្ដាលខែតុលា មកម្ល៉េះ ។

ក្រោយពីការបាញ់លាងសម្អាត និងកាយស្ដារអណ្ដូងលូបង្ហូរទឹករួច លោកអភិបាលរាជធានីភំ្នពេញ បានឱ្យមន្រ្ដីជំនាញមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចុះបាញ់ថ្នាំសម្លាប់មេរោគជូនបងប្អូនប្រជាពលរដ្ឋក្នុងបុរីពិភពថ្មី ត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភំ្នពេញផងដែរ ។

ក្នុងឱកាសនោះដែរ លោកឃួង ស្រេង បានពិនិត្យឃើញថា បងប្អូនប្រជាពលរដ្ឋមួួចំនួនដែលរស់នៅក្នុងបុរីខាងលើនេះ បានធ្វើការសាងសង់សំណង់បន្ថែម នៅលើសំណង់ចាស់ដែលមានស្រាប់ ខុសពីច្បាប់អនុញ្ញាតឲ្យសាងសង់ ហើយម្ចាស់បុរី (លោកឧកញ៉ា ហុង ពីវ) មិនបានយកចិត្តទុកដាក់គ្រប់គ្រងបុរី ក៏ដូចជាការកែលម្អប្រព័ន្ធលូបង្ហូរទឹក រហូតបណ្តោយឲ្យបងប្អូនប្រជាពលរដ្ឋមួយចំនួន (ពិសេសអ្នកមានផ្ទះចំណុចកាច់ជ្រុង) បានធ្វើការសាងសង់សំណង់ផ្សេងៗ បិទអណ្ដូងលូ និងប្រព័ន្ធលូបង្ហូរទឹកថែមទៀត។

ជាការកត់សម្គាល់ បន្ទាប់បីលោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានបង្ហោះសេចក្តីជូនដំណឹងខាងលើភ្លាម មានប្រជាពលរដ្ឋជាច្រើន ជាពិសេសអ្នករស់នៅក្នុងបុរីពិភពថ្មី ត្រពាំងថ្លឹង បានសម្តែងការគាំទ្រចំពោះចំណាត់ការរបស់លោកអភិបាលខណ្ឌ ដែលតម្រូវឲ្យប្រជាពលរដ្ឋដែលសាងសង់សំណង់បន្ថែម នៅលើសំណង់ចាស់ដែលមានស្រាប់ ខុសពីច្បាប់អនុញ្ញាតឲ្យសាងសង់ទាំងអស់ ត្រូវរុះរើចេញ ឲ្យដូចស្ថានភាពដើមវិញ

ជាពិសេសប្រជាពលរដ្ឋមួចចំនួនដែលមានផ្ទះនៅកាច់ជ្រុងផ្លូវ បានសាងសង់សំណង់រំលោភលើចិញ្ចើមផ្លូវសាធារណ: រំលោភអណ្តូងលូ ដោយសាងសង់ជាសំណង់រឹងមាំ ឬសាងសង់ជាបន្ទប់ជួល ឬហាងលក់ដូរ យ៉ាងអនាធិបតេយ្យ ដោយអាជ្ញាធរ ជាពិសេសម្ចាស់បុរី (ឧកញ៉ាហុង ពីវ) មិនបានយកចិត្តទុកដាក់គ្រប់គ្រង ណែនាំ ឬហាមឃាត់អ្វីឡើយ ហើយកន្លងទៅ ប្រជាពលរដ្ឋភាគច្រើនមានការទើសភ្នែកចំពោះការសាងសង់សំណង់បន្ថែម រំលោភលើចិញ្ចើមផ្លូវសាធារណ: និងរំលោភអណ្តូងលូ នៅក្នុងបុរីខាងលើនេះយ៉ាងខ្លាំង

ព្រោះការសាងសង់បែបនេះ ក្រៅពីប៉ះពាល់សោភណភាព ក៏ប៉ះពាល់ដល់សុវត្ថិភាពអ្នករស់នៅក្នុងបុរីនេះផងដែរ ដោយមានកើតគ្រោះថ្នាក់ចរាចរណ៍ ជាញឹកញាប់ នៅចំណុចផ្លូវប្រសព្វផ្លូវកាច់ជ្រុង ដោយសារតែការសាងសង់សំណង់រំលោភលើចិញ្ចើមផ្លូវនេះឯង ហើយជាពិសេសក៏ជាចំណែកមួយប៉ះពាល់ដល់ប្រព័ន្ធលូបង្ហូរទឹកផងដែរ។ ហេតុដូច្នេះហើយទើបនៅពេលអាជ្ញាធរដាក់ចេញនូវវិធានការខាងលើនេះ ប្រជាពលរដ្ឋទូទៅ (លោកលែងតែអ្នកសាងសង់សំណង់ល្មើសច្បាប់) មានការសាទរ និងគាំទ្រយ៉ាងពេញទំហឹង និងសំណូមពរឲ្យអាជ្ញាធរពិនិត្យ តាមដាមការអនុវត្តសេចក្តីជូនដំណឹងខាងលើនេះ ឲ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់៕ កុលបុត្រ

RELATED ARTICLES