Thursday, August 21, 2025
Homeព័ត៌មានជាតិក្មេងៗរត់មកប្រាប់ថា "ឃើញតែទូកទេ!" ស្រាប់តែផ្អើលឆោឡោ

ក្មេងៗរត់មកប្រាប់ថា “ឃើញតែទូកទេ!” ស្រាប់តែផ្អើលឆោឡោ

ខេត្តបន្ទាយមានជ័យ ៖ បុរសវ័យចំណាស់ម្នាក់ជិះទូកចេញទៅច្រូតស្មៅឱ្យគោស៊ី លុះក្រោយមកស្រាប់តែកើតមានអាការវិលមុខ ធ្វើឱ្យធ្លាក់ពីលើទូកចូលទឹក បណ្តាលឱ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នៅចំណុចសំណង់ទី២ ស្ថិតក្នុងភូមិកណ្តោល សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។

លោកមេប៉ុស្តិ៍សង្កាត់ទឹកថ្លា បានបញ្ជាក់ប្រាប់ថា សពជនរងគ្រោះមានឈ្មោះរឿន ពន្លក ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរកសិករ មានលំនៅភូមិទំនប់ជ្រៃ សង្កាត់ទឹកថ្លា ក្រុងសេរីសោភ័ណ។

លោកមេប៉ុស្តិ៍បានបញ្ជាក់ទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះ បានអុំទូកជូនប្រពន្ធចេញពីស្រែទៅផ្ទះ រួចហើយគាត់បានបន្តជិះទូកទៅច្រូតស្មៅឱ្យគោស៊ី ដោយគាត់មានវ័យចំណាស់ហើយសុខភាពមិនសូវល្អ ទើបបណ្តាលឱ្យវិលមុខធ្លាក់ពីលើទូកចូលទៅក្នុងទឹកជម្រៅ ប្រហែល១៤ ទៅ១៥ម៉ែត្រ មួយសន្ទុះក្រោយមកមានក្មេងៗ៤-៥នាក់ បានឃើញតែទូក ក៏បាននាំគ្នាចុះរាវរកបានប្រទះឃើញសពលោកតារងគ្រោះនៅក្នុងទឹក ទើបកើតមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ លោកមេប៉ុស្តិ៍ទឹកថ្លា បានដឹកនាំកម្លាំងប៉ុស្តិ៍ចុះដល់ទីតាំងកើតហេតុ និងបានសហការជាមួយកម្លាំងជំនាញ ក្រុមប្រឹក្សាសង្កាត់ទឹកថ្លា រួមនឹងកម្លាំងប្រជាការពារភូមិជាច្រើននាក់ បានចុះជួយអន្តរាគមន៍ដឹកសពយកមកផ្ទះ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES