ក្រោយដើរចូលផលិតកម្ម Galaxy ជិត២ខែនេះ គេឃើញលោកព្រាប សុវត្ថិ បានបន្ដការងារសប្បុរសធម៌នៅតាមបណ្ដាខេត្ត ដែលកំពុងតែរងគ្រោះទឹកជំនន់នោះ កាន់តែច្រើនទៅៗ ហើយលោកក៏ត្រូវបានអ្នកធំៗកាន់តែច្រើនសម្ដែងការកោតសរសើរនូវទឹកចិត្តរបស់លោកផងដែរ។

ប៉ុន្ដែសកម្មភាពបែបនេះ មិនមែនជាលើកដំបូងឡើយរបស់ព្រាប សុវត្ថិ ពោលគឺអំឡុងពេលដែលលោកនៅហង្សមាស ក៏តែងតែបរិច្ចាគថវិកា និងសម្ភារៈផ្សេងដល់ជនរងគ្រោះជាបន្ដបន្ទាប់ដែរ។ កាលនោះ គ្រាន់តែលោកមិនសូវចេញមុខមាត់ខ្លាំងជាមួយអ្នកធំដូចពេលនេះទេ។

ព្រាប សុវត្ថិ ដែលធ្លាប់ច្រៀងនៅហង្សមាស ២៣ឆ្នាំនោះ បានបោះបង់ផលិតកម្មធំនេះ តាមរយៈការឈានទៅជ្រកកោននៅ Galaxy ដោយរួមទ្រនំជាមួយលោខេម និងតន់ ច័ន្ទសីម៉ា ជាដើម។

បទចម្រៀងដែលព្រាប សុវត្ថិ ចេញបានជិត១០បទ នៅ Galaxy នោះ មានមហាជនខ្លះមិនទាន់ពេញចិត្តដូចលោកច្រៀងនៅហង្សមាស ទេ ដោយសារតែអ្នកនិពន្ធសរសេរតម្រូវឲ្យលោកច្រៀងក្មេងជាងវ័យ ពោលគឺដូចកាលលោកច្រៀងនៅហង្សមាស កាលពី២២ឆ្នាំមុន (ឆ្នាំ១៩៩៨)ដែរ។

យ៉ាងណាអ្នកជំនាញសិល្បៈបានលើកឡើងថា សូមកុំអាលវាយតម្លៃព្រាប សុវត្ថិ ត្រឹមរយៈពេលខ្លីបែបនេះក្ដី ព្រោះទាល់តែរង់ចាំមើលរយៈពេលចាប់ពី៦ខែទៅ១ឆ្នាំនោះ អ្វីៗនឹងបង្ហាញច្បាស់តែម្ដង។

ដោយឡែក ក្រៅពីការចេញមុខជាមួយអ្នកធំកាន់តែច្រើនបែបនេះ តារាជើងចាស់រូបនេះត្រូវបានអ្នកខ្លះលើកឡើងថា មិនយូទេ ព្រាប សុវត្ថិ នឹងឡើងជាឧកញ៉ាជាមិនខាន។

ការព្យាករណ៍បែបនេះ ដោយសារតែថ្មីៗនេះ មនុស្សជំនិតរបស់លោកព្រាប សុវត្ថិ បានបញ្ចេញសារថា អតីតតារាចម្រៀងហង្សមាស រូបនេះ ច្រៀង២៣ឆ្នាំ សល់ទ្រព្យ៣០លានដុល្លារ គិតត្រឹមឆ្នាំ២០២០នេះ។ ទ្រព្យទាំងនេះ បញ្ជាក់ថា ព្រាប សុវត្ថិ ជាអ្នកមានម្នាក់ក្នុងចំណោមតារាសល់លុយច្រើននៅកម្ពុជា ផងដែរ៕
