Thursday, August 21, 2025
Homeព័ត៌មានជាតិមិនស្តាយកិត្តិយស និងកេរ្តិ៍ឈ្មោះទេអី ធ្វើដល់នាយកក្រុមហ៊ុនទៅហើយ?

មិនស្តាយកិត្តិយស និងកេរ្តិ៍ឈ្មោះទេអី ធ្វើដល់នាយកក្រុមហ៊ុនទៅហើយ?

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រមសម្រេចផ្តន្ទាទោសម្ចាស់ក្រុមហ៊ុនម្នាក់ ដាក់ពន្ធនាគារ២ឆ្នាំ ករណីចេញសែកស្អុយ ដែលជាង៥១ម៉ឺនដុល្លារ តែអនុវត្តន៍ដោយការព្យួរទោសទាំងមូល។

តុលាការបានផ្តន្ទាទោសជនត្រូវជាប់ចោទឈ្មោះស៊ុន សារឿន អាយុ៥២ឆ្នាំ រស់នៅផ្ទះលេខ៨១ ផ្លូវលេខ២៨ ស្ថិតក្នុងភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនត្រូវចោទ មានតួនាទីជានាយកក្រុមហ៊ុន ស៊ុន កៅ ត្រេនស្ព័រ ថេសិន ឯ.ក ដែលជាក្រុមហ៊ុនសេវាកម្រៃជើងសារ លើការដឹកជញ្ជូនទំនិញឆ្លងដែន។

ចំណែកដើមបណ្តឹងរដ្ឋប្បវេណី មានឈ្មោះសុខ ច័ន្ទដារា អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានលំនៅផ្ទះលេខ ២៥អឺ២ ផ្លូវ១៤០ សង្កាត់មនោរម្យ ខណ្ឌ៧មករា។

ឈ្មោះស៊ុន សារឿន ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ ចំនួន២ឆ្នាំ តែអនុវត្តន៍ការព្យូរទោសទាំងមូល ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» (ចេញសែកស្អុយ) ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ អំឡុងឆ្នាំ២០១៩ និងអំឡុងឆ្នាំ២០២០ ដែលជា បទល្មើសព្រហ្មទណ្ឌ មានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ និងមាត្រា១០៦ និងមាត្រា១០៧ នៃក្រមព្រហ្មទណ្ឌ។

បើតាមសាលក្រមដដែល សាលាដំបូងរាជធានីភ្នំពេញ ថែមទាំងបង្គាប់ឱ្យឈ្មោះស៊ុន សារឿន សងប្រាក់ចំនួន២សែន៤ម៉ឺនដុល្លារ និងសងជំងឺចិត្ត៤០លានរៀល ឱ្យដើមបណ្តឹងរដ្ឋប្បវេណី សុខ ច័ន្ទដារា ផងដែរ។ តុលាការ បញ្ជាក់ថា គូភាគីមានសិទ្ធិបន្តប្តឹងឧទ្ធរណ៍តាមច្បាប់កំណត់បាន។

សូមបញ្ជាក់ថា ជនត្រូវចោទត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួន និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃ២៩ ខែមីនា ឆ្នាំ២០២០ ពាក់ព័ន្ធបទ “ឆបោក និងចេញសែកស្អុយ” ជាង៥១ម៉ឺនដុល្លារ។ មុននឹងមានសាលក្រមផ្តន្ទាទោស ដោយសាលាដំបូងរាជធានីភ្នំពេញ ខាងលើ តំណាងអយ្យការធ្លាប់ប្តឹងទាស់នឹងសេចក្តីសម្រេចរបស់ចៅក្រមស៊ើបសួរទៅសាលាឧទ្ធរណ៍ ម្តងរួចហើយ៕

RELATED ARTICLES