ខេត្តមណ្ឌលគិរី ៖ រថយន្តសាំយ៉ុងមួយគ្រឿងលួចដឹកឈើខុសច្បាប់ប្រភេទឈើលេខ១ពេញព្រៀប ត្រូវបានកម្លាំងចម្រុះលេខាធិការដ្ឋាននៃគណៈបញ្ជាការឯកភាពស្រុកកែវសីមា ចុះឆ្មក់បង្ក្រាបបានភ្លាមៗ កាលពីវេលាទៀបភ្លឺ។

ការចុះបង្ក្រាបរថយន្តដឹកឈើខុសច្បាប់ លោតឆត្រទៀបភ្លឺនេះ ត្រូវបានកម្លាំងចម្រុះ ធ្វើឡើងកាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ នៅត្រង់ចំណុចខ្លោងទ្វារចូលទីបញ្ជាការផ្នែកសឹករងស្រុកកែវសីមា ក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា។

ការបង្ក្រាបរថយន្តមួយនោះ ដឹកនាំដោយលោកហឿន សុខណា ប្រធានលេខាធិការដ្ឋាន សហការជាមួយកម្លាំងជំនាញ បានឆ្មក់ឃាត់ចាប់នូវរថយន្តសាំយ៉ុង១គ្រឿង ដែលមានដឹកឈើចំនួន១២ដុំ ជាប្រភេទឈើស្រឡៅ។

ក្រោយពីបង្ក្រាបបានវត្ថុតាងទាំងរថយន្តនិងឈើ ត្រូវបានកម្លាំងប្រគល់ឱ្យខាងផ្នែករដ្ឋបាលព្រៃឈើកែវសីមារក្សាទុក ដើម្បីកសាងសំណុំរឿង និងបន្តស្រាវជ្រាវស្វែងរកម្ចាស់មកចាត់វិធានការតាមនិតីវិធី។
តាមការសង្កេតក្នុងពេលបច្ចុប្បន្ន មានរថយន្តដឹកឈើបន្តកន្ទុយគ្នាជារៀងរាល់យប់ ចេញពីស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង បន្តឆ្លងកាត់ទីរួមខេតក្រចេះ ចូលទៅប្រទេសវៀតណាម តាមច្រកក្នុងស្រុកកែវសីមា ហើយយូរៗទើបឃើញមានការបង្ក្រាបម្តង៕