Thursday, August 21, 2025
Homeព័ត៌មានជាតិក្រោយទឹកស្រក មេប៉េអឹមក្រុង រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងរាប់រយនាក់ លាងសម្អាតផ្ទះប្រជាពលរដ្ឋ ក្នុងខណ្ឌដង្កោ

ក្រោយទឹកស្រក មេប៉េអឹមក្រុង រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងរាប់រយនាក់ លាងសម្អាតផ្ទះប្រជាពលរដ្ឋ ក្នុងខណ្ឌដង្កោ

នៅសៀលថ្ងៃទី29 ខែតុលា ឆ្នាំ2020 ឯកឧត្តម ឧត្តមសេនីឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសហការគ្នាជាមួយនឹងកងកម្លាំងចម្រុះជាច្រើនចុះបោសសម្អាត លាងសម្អាត និងស្ដារហេដ្ឋារចនាសម្ព័ន្ធស្ទើរតែទាំងស្រុងនៅក្នុងបុរី VIP ដើម្បីជួយដល់ប្រជាពលរដ្ឋនៅក្នុងបុរីទាំងមូលក្រោយពីទឹកស្រក។

នេះជាការយកចិត្តទុកដាក់គួរឲ្យសរសើររបស់ថ្នាក់ដឹកនាំ និងអគ្គនាយកបុរី VIP ចំពោះប្រជាពលរដ្ឋដែលបានរងគ្រោះដោយទឹកលិច ហើយបណ្ដាលឲ្យប្រព័ន្ធលូមួយចំនួនត្រូវស្ទះ និងផ្លូវថ្នល់ត្រូវប្រឡាក់ដោយភក់ជ្រាំ និងសម្រាមក្រោយពីទឹកស្រកអស់។

កងកម្លាំងដែលបានចុះលាងសម្អាតស្ដារប្រព័ន្ធលូនៅក្នុងបុរី VIP នៅថ្ងៃនេះ មានចំនួនរហូតដល់រាប់រយនាក់ ដោយបែងចែកគ្នាជាច្រើនក្រុម និងមានការចូលរួមពីអ្នកជំនាញជាច្រើនផ្នែក ទាំងមកពីសាលារាជធានីភ្នំពេញ ទាំងមកពីសាលាខណ្ឌដង្កោ ក្រុមសង្គ្រោះបន្ទាន់711 និងក្រុមពន្លត់អគ្គីភ័យជាដើម។

នៅថ្ងៃនេះ គេឃើញមានរថយន្តបាញ់ទឹកតូចធំ ត្រូវបានបញ្ជូនមកដោយក្រុមអន្តរាគមន៍ទាំងអស់ បានរួមសហការគ្នាបោសសម្អាតដី ស្ដារលូ កើបសំរាម និងបាញ់ទឹកលាងសម្អាតផ្លូវ និងមុខផ្ទះប្រជាពលរដ្ឋពេញនៅក្នុងបុរី VIP ទាំងមូល។

លោកវន វណ្ណៈ អគ្គនាយកបុរី VIP ក៏ត្រូវគេឃើញដឹកនាំក្រុមការងារជាច្រើននាក់ ដុតដៃដុតជើងនៅក្នុងសកម្មភាពលាងសម្អាតបុរី ជាមួយនឹងឯកឧត្តមរ័ត្ន ស្រ៊ាង ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ផងដែរ។

លោកស៊ុំ ស៊ីដេត នាយកគ្រប់គ្រងទូទៅបុរី VIP បានបង្ហាញនូវមោទនភាពយ៉ាងខ្លាំងដែលថ្នាក់ដឹកនាំកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានជ្រើសរើសយកទីតាំងបុរី VIP នៅក្នុងខណ្ឌដង្កោជាទីតាំងក្នុងការដឹកនាំកងកម្លាំងចុះមកលាងសម្អាតផ្លូវ និងស្ដារប្រព័ន្ធលូក្រោយទឹកស្រក ខណៈដែលនៅក្នុងខណ្ឌដង្កោ ទាំងមូល គឺមានបុរីជាច្រើនបានជន់លិច ព្រោះតែភ្លៀងពីឥទ្ធិពលព្យុះខុសប្រក្រតីក្នុងឆ្នាំនេះ និងការបាក់ទំនប់នៅគិរីរម្យ ដែលបណ្ដាលឲ្យសង្កាត់រហូតដល់9 ក្នុងខណ្ឌដង្កោ ត្រូវជនលិច។

លោកបានសម្ដែងអារម្មណ៍រីករាយជំនួសប្រជាពលរដ្ឋនៅក្នុងបុរីទាំងមូល ដែលទទួលបាននូវការអន្តរាគមន៍នេះ ខណៈដែលក្រោយការបោស និងលាងសម្អាតផ្លូវ គឺបានធ្វើឲ្យបុរី VIP ទាំងមូលមានសោភណ្ឌភាពដូចដើម ស្របពេលដែលប្រជាពលរដ្ឋច្រើនឡើងក៏ចូលមករស់នៅដូចដើមវិញ៕

RELATED ARTICLES