Wednesday, August 20, 2025
Homeព័ត៌មានជាតិអង្គុយចុចទូរស័ព្ទក្បែរមាត់ស្រះ ស្រាប់តែដើរមកសួររឿងស្រាបៀរ២កំប៉ុង

អង្គុយចុចទូរស័ព្ទក្បែរមាត់ស្រះ ស្រាប់តែដើរមកសួររឿងស្រាបៀរ២កំប៉ុង

ភ្នំពេញ ៖ យុវជនម្នាក់កំពុងអង្គុយចុចទូរស័ព្ទលេងក្បែរមាត់ស្រះ ស្រាប់តែត្រូវបុរសម្នាក់ដើរមកសួរនាំ ចោទថា បានលួចស្រាបៀររបស់គេចំនួន២កំប៉ុង តែជនរងគ្រោះបានប្រកែក ស្រាប់តែបុរសរូបនោះបានដាល់ជនរងគ្រោះចំនួន២ស្នាប់ដៃ ចំក្បាលនិងថ្គាម បណ្តាលឱ្យជនរងគ្រោះសន្លប់ស្តូកនៅនឹងកន្លែង។

ករណីអំពើហិង្សាដោយចេតនាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នៅចំណុចមាត់ស្រះទឹកមួយកន្លែង ស្ថិតក្នុងភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ។ លុះមកដល់វេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ទើបសមត្ថកិច្ចតាមឃាត់ខ្លួនជនដៃដល់បាន។

ជនរងគ្រោះមានឈ្មោះវែង បញ្ញា ភេទ ប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់។ ចំណែកជនសង្ស័យឈ្មោះសេង ភារុន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ។ អ្នកទាំងពីរ មានលំនៅក្នុងភូមិ-សង្កាត់កើតហេតុ ខាងលើជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងអង្គុយចុចទូរស័ព្ទលេងធម្មតានៅត្រង់ចំណុចមាត់ស្រះខាងលើ ស្រាប់តែជនសង្ស័យបានដើរមកក្បែរ រួចធ្វើសកម្មភាពយកស្នាប់ដៃដាល់ជនរងគ្រោះត្រូវចំក្បាលនិងថ្គាម បណ្តាលឱ្យដួលសន្លប់បាត់ស្មារតី ត្រូវបានសាច់ញាតិយករទេះដឹកផ្លែឈើសណ្តោងម៉ូតូដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃ។ ចំណែកជនសង្ស័យ បន្ទាប់ពីធ្វើសកម្មភាពវាយទៅលើជនរងគ្រោះរួចហើយ បានបោះស្នាប់ដៃចូលទៅក្នុងទឹកស្រះ រត់គេចខ្លួនបាត់។

ករណីខាងលើនេះ ជនរងគ្រោះត្រូវបានជនសង្ស័យចោទថា លួចស្រាបៀរចំនួន២កំប៉ុង យកទៅផឹកអស់ ប៉ុន្តែត្រូវបានជនរងគ្រោះប្រាប់ថា មិនបានយកទេ ស្រាប់តែជនសង្ស័យខឹងយកស្នាប់ដៃវាយទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបងស្រីជីដូនមួយរបស់ជនរងគ្រោះដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែង ដើម្បីឱ្យសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

លុះមកដល់វេលាម៉ោងប្រមាណ៨និង៥០នាទីព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាននៅចំណុចភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រួចក៏នាំទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពិតជាបានយកស្នាប់ដៃវាយក្បាលនិងថ្គាមជនរងគ្រោះ បណ្តាលឱ្យរងរបួសសន្លប់បាត់ស្មារតីប្រាកដមែន។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES