ខេត្តបាត់ដំបង ៖ ករណីប្លន់មួយ ត្រូវបានគេលាក់យ៉ាងស្ងាត់ ដោយនគរបាលជួរថ្នាក់ដឹកនាំ និងការិយាល័យជំនាញ គ្មានអ្នកណាដឹងឡើយ ហើយរហូតបានរយៈពេល៤ថ្ងៃ ទើបធ្លាយព័ត៌មាននេះឡើង និងបង្កឱ្យមានការភ្ញាក់ផ្អើលពេញក្នុងផ្សារ។
តាមសម្តីស្ត្រីរងគ្រោះឈ្មោះ សន ចាន់ណា ជាអាជីវករលក់ដូរបន្លែ ក្នុងផ្សារគោកឃ្មុំ និងមានលំនៅក្នុងភូមិកណ្តាលត្បូង ឃុំគោកឃ្មុំ ស្រុកថ្មគោល បានរៀបរាប់ប្រាប់ថា កាលពីវេលាម៉ោងជិត៤ទៀបភ្លឺ ឈានចូលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ គាត់បានបើកម៉ូតូដឹកអីវ៉ាន់ចេញពីផ្ទះ ឆ្ពោះទៅកាន់ផ្សារគោកឃ្មុំ ដើម្បីលក់ដូរនៅទីនោះជាធម្មតា។

លុះមកដល់ខាងក្រោយសាលាឃុំ ដែលមានផ្លូវបំបែក ក៏បានឃើញមនុស្ស២នាក់ ឈរក្បែរម៉ូតូ១គ្រឿង តែគាត់ក៏មិនចាប់អារម្មណ៍ដែរ។ ប៉ុន្តែពេលដែលគាត់ជិះម៉ូតូដល់ខាងមុខផ្សារគោកឃ្មុំ ទើបជនទាំងពីរនាក់នោះជិះម៉ូតូទៅពាំងពីមុខ ដោយម្នាក់នៅលើម៉ូតូ រីឯម្នាក់ទៀតចុះមកសួរថា ចែទិញក្រូចទេ?
ក្នុងនោះ បន្ទាប់ពីគាត់បានតបថា មិនទិញទេ ជននោះក៏ដើរមកក្បែរ ហើយបើកអាវ ទាញដាវសាមូរ៉ៃចេញមក ធ្វើឱ្យគាត់លោតចុះពីលើម៉ូតូ រត់ឡើងទៅលើគ្រែក្នុងផ្សារ ដោយស្រែកឱ្យគេជួយ។ ប៉ុន្តែពុំមាននរណាម្នាក់ហ៊ានចូលទៅជួយគាត់ឡើយ ដោយជនសង្ស័យបាននិយាយគំរាមថា បោះកាបូបស្ពាយឱ្យវា បើមិនចង់ងាប់។ នៅពេលនោះ គាត់ក៏សម្រេចចិត្តប្រគល់កាបូបឱ្យវា ទើបវាបើកម៉ូតូចេញទៅទិសខាងលិច ហើយបាត់ស្រមោលត្រង់ភូមិឆ្កែកូន តែម្តង។

ស្ត្រីរងគ្រោះ បានបន្តថា ម៉ូតូដែលជនសង្ស័យជិះ ម៉ាក MSX គឺដូចជាធ្លាប់ឃើញជិះកាត់មុខផ្ទះរបស់គាត់ជាញឹកញាប់ តែគាត់មិនបានចាប់អារម្មណ៍។ ដោយឡែកសម្ភារ:ដែលបាត់បង់ រួមមាន ៖ ទូរស័ព្ទដៃម៉ាកវីវ៉ូ ១គ្រឿង និងលុយ៤៦ម៉ឺនរៀល។
ភ្លាមៗក្រោយពេលកើតហេតុ ប្រហែលជាម៉ោង៤និង៣០នាទីទៀបភ្លឺ គាត់ក៏បានជិះម៉ូតូចូលទៅប៉ុស្តិ៍ ដោយឃើញបើកភ្លើងចោល ហើយឃើញមេប៉ុស្តិ៍ដែលទើបមកកាន់តំណែងថ្មី ឈ្មោះគឹម ពោធិ សម្រាកនៅទីនោះ។ ប៉ុន្តែគាត់ហៅ២ដង ដើម្បីប្តឹង តែលោកមេប៉ុស្តិ៍មិនភ្ញាក់ឡើយ ទើបព្រឹកឡើងគាត់បានទៅដាក់ពាក្យប្តឹងម្តងទៀត។

ជុំវិញករណីប្លន់ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលពេញផ្សារនោះ លោកកោ ស៊ុនកាំង នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ក៏ដូចជា លោកលឹម ពុទ្ធីឡា ស្នងការរង ទទួលផែនព្រហ្មទណ្ឌ បានបញ្ជាក់ថា លោកមិនបានដឹងទាល់តែសោះនៅក្នុងរឿងនេះ។
ដោយឡែក ប្រភពក្រៅផ្លូវការមួយ បានបង្ហើបថា លោកស្នងការ បានស្តីបន្ទោសយ៉ាងខ្លាំងដល់លោកអធិការ ផង់ សុភាព ដែលបំភ្លៃរឿងបទល្មើសឧក្រិដ្ឋនេះ ទៅជារឿងក្មេងទំនើងទៅវិញ៕