ខេត្តកំពង់ស្ពឺ ៖ បុរសជាអ្នកនេសាទត្រីម្នាក់អត់ចេញទៅនេសាទ បែរជាទៅអង្គុយផឹកស៊ីជាមួយមិត្តភក្តិក្នុងភូមិ លុះប្រពន្ធខឹងក៏តាមទៅជេរប្តីដល់វង់ផឹក ទើបធ្វើឱ្យកើតជាជម្លោះឈានដល់អំពើហិង្សា ដោយបុរសជាប្តីបានស្ទុះដាល់ប្រពន្ធ បណ្តាលឱ្យប៉ោងខៀវភ្នែកយ៉ាងដំណំ។
ករណីអំពើហិង្សាក្នុងគ្រួសារ ប្តីវ៉ៃប្រពន្ធប៉ោងភ្នែកខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិអូរអញ្ចា ឃុំតាសាល ស្រុកឱរ៉ាល់។

ជនសង្ស័យជាប្តីចិត្តកំណាចដែលវាយប្រពន្ធប៉ោងមុខ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឃិន ឡូត អាយុ៣៤ឆ្នាំ មុខរបរនេសាទ មានលំនៅក្នុងភូមិដា ឃុំដា ស្រុកកំពង់លែង។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះញ៉ែត សុភី អាយុ៤៧ឆ្នាំ មុខរបរនេសាទ មានលំនៅក្នុងភូមិបន្ទាយចារ ឃុំខ្នាយមាន់ ស្រុកកោះក្រឡ ខេត្តបាត់ដំបង ។ បច្ចុប្បន្នទាំង២នាក់ប្តីប្រពន្ធខាងលើ ស្នាក់នៅភូមិកើតហេតុខាងលើ ដោយប្រកបរបរនេសាទត្រី ក្នុងតំបន់ទំនប់តាសាល។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យមិនបានចេញទៅរកត្រីដូចសព្វដងទេ ដោយទៅផឹកស្រារហូតស្រវឹងជោក លុះប្រពន្ធទៅតាមស្តីឱ្យ ក៏កើតជាទំនាស់ពាក្យសម្តីឈានដល់ប្រើអំពើហិង្សា វ៉ៃតប់មកលើប្រពន្ធបណ្តាលឱ្យរបួសហើមមុខមាត់ និងជាំភ្នែកតែម្តង។
ដោយសារតែទ្រាំនឹងទង្វើកោងកាចរបស់ប្តីលែងបាន ទើបស្ត្រីជាប្រពន្ធបានរត់ទៅប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍។

ក្រោយពីទទួលបានពាក្យបណ្តឹងពីស្ត្រីជាប្រពន្ធ សមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យជាប្តី បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីចាត់ការតាមផ្លូវច្បាប់៕