Wednesday, August 20, 2025
Homeព័ត៌មានជាតិសំណាងនាងណាស់ ដែលមានប្រជាពលរដ្ឋក្បែរខាង បានជួយទាន់ពេលវេលា

សំណាងនាងណាស់ ដែលមានប្រជាពលរដ្ឋក្បែរខាង បានជួយទាន់ពេលវេលា

ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌបឹងកេងកង រួមនិងប្រជាពលរដ្ឋបានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ និងដកហូតកាំភ្លើងខ្លី១ដើម ក្រោយពេលជនសង្ស័យបានធ្វើសកម្មភាពឆក់កាបូបនិងទូរស័ព្ទពីនារីម្នាក់ កំពុងអង្គុយចុចទូរស័ព្ទ ហើយរត់ឡើងម៉ូតូបក្ខពួកមិនទាន់ ត្រូវប្រជាពលរដ្ឋចាប់ទាញទម្លាក់ពីលើម៉ូតូ ប្រតាយប្រតប់គ្នា ធ្វើឱ្យជនសង្ស័យជាបក្ខពួកប្រុងដកកាំភ្លើងបាញ់ តែសំណាងល្អប្រជាពលរដ្ឋស្ទុះដណ្តើមកាំភ្លើងធ្វើឱ្យជ្រុះដី រួចជួយគ្នាចាប់ក្របួចជាប់។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងជាង៤ទៀបភ្លឺ ឈានចូលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចកន្លែងលក់បបរមួយកន្លែង នៅតាមផ្លូវលេខ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង។

នារីរងគ្រោះ មានឈ្មោះលីណា អាយុ៣៥ឆ្នាំ បានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុ នាងបានអង្គុយញ៉ាំបបរ នៅកន្លែងកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ ២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាក Suzuki Lets ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HX-3685 បានធ្វើសកម្មភាពចូលមកឆក់កាបូបស្ពាយនិងទូរស័ព្ទ ១គ្រឿងរបស់នាង នៅកន្លែងលក់បបរ។

ភ្លាមនោះ នាងក៏ស្រែកឆោឡោប្រតាយប្រតប់ទាញទូរស័ព្ទបានមកវិញ ហើយជនសង្ស័យ បានព្យាយាមរត់ឡើងម៉ូតូបក្ខពួកគេដែរ តែមិនទាន់ ដោយសារផ្អើលដល់ប្រជាពលរដ្ឋទាញទម្លាក់ពីលើម៉ូតូ ស្រាប់តែជនសង្ស័យបានស្រែកប្រាប់បក្ខពួកដែលជាអ្នកបើកម៉ូតូ ឱ្យដកកាំភ្លើងបាញ់ តែមិនទាន់បានដកចេញមកផង ក៏ត្រូវប្រជាពលរដ្ឋទាញកៅអីគប់ទម្លាក់ពីលើម៉ូតូ រួចក៏ស្ទុះចូលទៅប្រតាយប្រតប់គ្នា ធ្វើឱ្យជ្រុះកាំភ្លើងខ្លីម៉ាក K59 ១ដើម ពីចង្កេះជនសង្ស័យ

ហើយក៏ត្រូវប្រជាពលរដ្ឋនៅកន្លែងកើតហេតុ ជួយនាំគ្នាចាប់ស្វាគមន៍ម្នាក់១ដៃ១ជើង ស្របពេលដែលកម្លាំងល្បាតអាវុធហត្ថខណ្ឌបឹងកេងកង មកដល់ ក៏ជួយអន្តរាគមន៍ ចាប់វាយខ្នោះបានទាំង២នាក់តែម្តង រួចបញ្ជូនទៅមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង ដើម្បីសាកសួរ។

សមត្ថកិច្ចបញ្ជាក់ថា ក្នុងហេតុការណ៍នេះ កម្លាំងអាវុធហត្ថបានធ្វើការដកហូតវត្ថុតាង ដូចជា ម៉ូតូដែលជិះធ្វើសកម្មភាព ចំនួន១គ្រឿង (ស្លាកលេខក្លែងក្លាយ) កាំភ្លើងខ្លី មួយដើម ម៉ាកK59 មានគ្រាប់ចំនួន៣គ្រាប់ ទូរស័ព្ទ២គ្រឿង ដែកចុងស្រួច សម្រាប់កាច់កម៉ូតូ ចំនួន១ និងឧបករណ៍សាកថ្មទូរស័ព្ទ ចំនួន១ឈុត និងលុយមួយចំនួនផងដែរ។

នៅចំពោះមុខសមត្ថកិច្ចអាវុធហត្ថខណ្ឌបឹងកេងកង ជនសង្ស័យបានឆ្លើយសារភាពថា វត្ថុតាងដែលសមត្ថកិច្ចចាប់ដកហូតខាងលើ ពិតជារបស់ពួកគេប្រាកដមែន។

ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង ដើម្បីរង់ចាំបញ្ជូនទៅកាន់បញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ចាត់ការបន្តតាមផ្លូវច្បាប់៕

RELATED ARTICLES