ភ្នំពេញ ៖ បុរសម្នាក់បានមកដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ករណីបាត់រថយន្ត១គ្រឿង ដែលទុកនៅកន្លែងចតរថយន្ត រួចហើយចូលរាំលេងក្នុងក្លឹបកម្សាន្ត លុះចេញមកវិញបានទៅយករថយន្ត តែរកមិនឃើញ ក៏សួរនាំសន្តិសុខ ស្រាប់តែសន្តិសុខប្រាប់ថា មាននារីម្នាក់បើកយកចេញទៅបាត់ហើយ។ លុះព្រឹកឡើង នារីរូបនោះក៏បានបើករថយន្តយកមកប្រគល់ឱ្យសមត្ថកិច្ច និងម្ចាស់ដើមវិញ ប្រាប់ថា ច្រឡំរថយន្ត។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោងជិត៣ទៀបភ្លឺ ឈានចូលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចក្លឹបកម្សាន្ត អេភិច-១ (EPIC-1) មានទីតាំងស្ថិតនៅខាងជើងស្ថានទូតរុស្ស៉ី ផ្លូវរដ្ឋសភា ក្រុម១១៣ ភូមិ១៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
រថយន្តដែលត្រូវបានគេបើកយកទៅបាត់នោះ ម៉ាក TOYOTA PRIUS (តូយ៉ូតា ព្រូស) ពណ៌ទឹកមាស ពាក់ស្លាកលេខតាកែវ 2B-3336 កម្មសិទ្ធិករឈ្មោះជាតិ ច័ន្ទតុលា មានអាសយដ្ឋាននៅភូមិស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ ក្នុងរថយន្ត មានទ្រព្យសម្បត្តិមានតម្លៃមួយចំនួន ដូចជា លុយ៦លាន៨សែនរៀល និងឯកសារផ្សេងៗមួយចំនួនទៀត។

តាមសម្តីជនរងគ្រោះសុំមិនបញ្ចញឈ្មោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ រូបគេបានចេញពីខារ៉ាអូខេមួយកន្លែងនៅម្តុំគិរីរម្យ ផ្លូវព្រះសីហនុ ហើយបើករថយន្តតែម្នាក់ឯង ចំណែកមិត្តភក្តិប្រុសស្រី៤នាក់ទៀត ជិះរថយន្តមួយគ្រឿងទៀត ម៉ាក LAND CRUISER ពណ៌ស បានចូលមកក្លឹបកម្សាន្តអេប៉ិច-១ (EPIC-1) ជាមួយគ្នា។\
លុះពេលចេញមកវិញ ក៏បានមកយករថយន្តរបស់ខ្លួនវិញ តែរកមិនឃើញ ក៏បានទៅសួរនាំសន្តិសុខដែលយាមនៅខាងក្រៅបរិវេណ ស្រាប់តែសន្តិសុខប្រាប់ថា មាននារីម្នាក់បើកយកចេញទៅបាត់ហើយ ទើបដឹងថា នាងលួចរថយន្តរបស់ខ្លួនក៏ប្រញាប់ទៅដាក់ពាក្យបណ្តឹងទៅស្នាក់ការប៉ុស្តិ៍នគរបាលទន្លេបាសាក់ តែម្តង ដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវ តាមចាប់ជនសង្ស័យ។

លុះដល់ព្រឹកឡើង ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ទើបនារីជាជនសង្ស័យដែលបានបើករថយន្តរបស់បុរសខាងលើទៅបាត់កាលពីយប់នោះ បានបើករថយន្តនោះយកមកប៉ុស្តិ៍នគរបាលទន្លេបាសាក់ ដើម្បីឱ្យសមត្ថកិច្ចរកម្ចាស់វិញផង ដោយប្រាប់សមត្ថកិច្ច និងម្ចាស់រថយន្តខាងលើថា ខ្លួនច្រឡំរថយន្ត ព្រឹកឡើងដឹងថាមិនមែនចោរថយន្តរបស់ខ្លួន ទើបយកមកប្រគល់ឱ្យសមត្ថកិច្ច និងរកម្ចាស់ដើមវិញ។

នារីដែលអះអាងថា ខ្លួនច្រឡំរថយន្តខាងលើ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការបន្តតាមនីតិវិធី៕