Wednesday, August 20, 2025
Homeតារាខ្មែរលោកព្រាប សុវត្ថិ អាចល្បីលើស១០ឆ្នាំទៀតឬ?

លោកព្រាប សុវត្ថិ អាចល្បីលើស១០ឆ្នាំទៀតឬ?

ថ្វីត្បិតតែមហាជនភាគច្រើនយល់ថា បទចម្រៀងរបស់លោកព្រាប សុវត្ថិ នៅ Galaxy មិនទាន់ទស្សនិនជនគាំទ្រច្រើនដូចនៅហង្សមាស ក្ដី ប៉ុន្ដែផលិតកម្មថ្មីមួយនេះ នៅតែមានភស្ដុតាងបញ្ជាក់ថា បទចម្រៀងព្រាប សុវត្ថិ មានគេចូលមើលច្រើននៅយូធូប ដែលវ៉ាដាច់គេទៀតផង។

ជាមួយគ្នានេះដែរ ផលិតកម្មដែលមានម្ចាស់ជាអតីតពលករខ្មែរ មកពីកូរ៉េ រូបនេះ បានតាំងចិត្តថា នឹងធ្វើការជាមួយព្រាប សុវត្ថិ ជាមួយវិស័យបទចម្រៀងនេះ រហូតដល់ទៅ១០ឆ្នាំទៀតឯណោះ ពោលគឺមិនមែនដូចកាលដែលព្រាប សុវត្ថិ បង្ហាញខ្លួននៅផលិតកម្ម Galaxy ជាផ្លូវការកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ នោះថា ចុះកុងត្រា៥ឆ្នាំនោះទេ គឺកុងត្រាមានដល់ទៅទៅ១០ឆ្នាំឯណោះនោះ មានន័យថា ព្រាប សុវត្ថិ នឹងប្រជែងទីផ្សារចម្រៀងរហូតដល់អាយុ៥៥ឆ្នាំ ព្រោះថា ឆ្នាំនេះលោកមានអាយុ៤៥ឆ្នាំហើយ។

លោកនូ ស៊ិប អតីតារាចម្រៀងផលិតកម្មរស្មីហង្សមាស បានប្រាប់ ”នគរធំ” កាលពីរសៀលថ្ងៃទី៣០ ខែតុលា ថា ការច្រៀងមិនសំខាន់លើអាយុទេ គឺសំខាន់លើសុខភាព បើសុខភាពល្អ គឺនៅតែច្រៀងបានខ្លាំងទេ។ លោកថា ព្រាប សុវត្ថិ នឹងនៅតែល្បីលើសអាយុ៥៥ឆ្នាំទៀត ព្រោះពេលនេះសំឡេងមិនទាន់ធ្លាក់ចុះទេ ហើយកុំថាឡើយអាយុ៥៥ បើតារាស្រុកគេវិញ ចាស់ជាងនេះទៀត ក៏នៅតែច្រៀងល្បីដែរ។

លោកនូ ស៊ិប នៅតែចាត់ទុកថា លោកព្រាប សុវត្ថិ ជាតារាចម្រៀងចូលស្ដង់ដាអន្ដរជាតិ មិនងាយធ្លាក់ចុះទេ គឺល្បីបានជាច្រើនឆ្នាំទៀត។

លោកបញ្ជាក់ថា រយៈពេល១០ឆ្នាំទៀត ទោះជាព្រាប សុវត្ថិ ដល់អាយុ៥៥ឆ្នាំ ក៏នៅតែអាចច្រៀងបានដែរ ព្រោះថាសូម្បីតែរូបលោកពេលនេះ អាយុ៧៣ឈានចូល៧៤ហើយ នៅតែច្រៀងកើតតើ អីចឹង១០ឆ្នាំទៀត ព្រាប សុវត្ថិ អាយុ៥៥ឆ្នាំ លោកគិតថា នៅតែល្បីអីចឹង។ លោកថា ការច្រៀងខ្លាំងនោះ មិនអាចនិយាយបានថាចាប់ពីអាយុប៉ុន្មានដល់ប៉ុន្មានទេ គឺអាស្រ័យទៅលើទេពកោសល្យពីធម្មជាតិ និងសុខភាពផ្ទាល់ខ្លន គឺដូចជាលោកស៊ិន ស៊ីសាមុត អីចឹង។

ចំណែកលោកសាស្រា្ដចារ្យសេង សំអាន ធ្លាប់និយាយថា ព្រាប សុវត្ថិ មិនទាន់ធ្លាក់សំឡេងទេ គឺនៅតែល្អ ហើយអាចល្បីបានជាច្រើនឆ្នាំតទៅមុខទៀត។

ថ្វីត្បិតតែផលិតកម្ម Galaxy ចាត់ទុកថា ព្រាប សុវត្ថិ នៅតែខ្លាំងពេលចេញពីហង្សមាស ទៅចូលរួមជាមួយពួកគេមែន ប៉ុន្ដែនៅតាមក្លឹប និងបណ្ដារបៀហ្គាឌិនទាំងឡាយ បទចម្រៀងព្រាប សុវត្ថិ ត្រូវបានគេចាក់ ឬយកទៅច្រៀងភាគច្រើនជាបទនៅផលិតកម្មហង្សមាស ប៉ុណ្ណោះ ខណៈដែលតាំងពីលោកចេញពីហង្សមាស ជាង២ខែ ទៅចូល Galaxy នេះ ទោះជាព្រាប សុវត្ថិ ចេញបទចម្រៀងជាបន្ដបន្ទាប់ បានជិត១០បទទៅហើយក្ដី ប៉ុន្ដែទស្សនិកជនភាគច្រើនមិនទាន់គាំទ្របទចម្រៀងនៅផលិតកម្មថ្មីរបស់ព្រាប សុវត្ថិ ដូចកាលលោកច្រៀងនៅហង្សមាស ឡើយ ព្រោះតែពួកគេមើលឃើញថា ព្រាប សុវត្ថិ បានយកស្ទីលច្រៀងកាលពី២២ឆ្នាំមុន មកប្រើ ពោលគឺស្ទីល៩៨ ដែលពេលនេះ​ Galaxy ធ្វើបទចម្រៀងឲ្យលោកក្មេងជាងវ័យ។

ប៉ុន្តែអ្នកជំនាញសិល្បៈនៅតែយល់ថា រយៈពេល២ខែ ដែលព្រាប សុវត្ថិ ទៅ​Galaxy នោះ មិនទាន់អាចវាយតម្លៃថា អតីតតារាចម្រៀងហង្សមាស រូបនេះ ធ្លាក់ចុះ ឬនៅនៅតែខ្លាំងបានទេ ព្រោះត្រូវការពេលពី៦ខែទៅ១ឆ្នាំ ទើបគេអាចឃើញការពិតបាន ហើយថា ព្រាប សុវត្ថិ នៅតែលេខ១ទៀត ឬមួយលោកខេមរៈ សិរីមន្ដ ដែលកំពុងតែធ្វើព្យុះភ្លៀងនៅហង្សមាស នោះ នឹងវ៉ាព្រាប សុវត្ថិ វិញម្ដង?៕

RELATED ARTICLES