Wednesday, August 20, 2025
Homeព័ត៌មានជាតិនារីម្នាក់ដើរលេងថ្ងៃបុណ្យអុំទូកតែម្នាក់ឯង ឈឺពោះសម្រាលកូន

នារីម្នាក់ដើរលេងថ្ងៃបុណ្យអុំទូកតែម្នាក់ឯង ឈឺពោះសម្រាលកូន

ភ្នំពេញ ៖ ស្ត្រីមានផ្ទៃពោះម្នាក់បានមកដើរលេងនៅមុខព្រះបរមរាជវាំង ក្នុងឱកាសពិធីបុណ្យអុំទូកថ្ងៃទី២ ស្រាប់តែឈឺពោះសម្រាលកូននៅលើសួនច្បារមុខព្រះបរមរាជវាំង បង្កឱ្យមានការភ្ញាក់ផ្អើលដល់លោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ចុះជួយអន្តរាគមន៍ដោយផ្ទាល់ និងចាត់បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង១៥នាទីយប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ (ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក) ស្ថិតនៅចំណុចក្នុងរោងលក់ផ្កា សួនច្បារខាងត្បូងព្រះបរមរាជវាំង តាមផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ។

ស្ត្រីដែលឈឺពោះសម្រាលកូនលើសួនមុខព្រះបរមរាជវាំង ទាំងយប់ខាងលើនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណ២៥ឆ្នាំ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញស្ត្រីខាងលើ បានមកដើរលេងបុណ្យអុំទូកយប់ថ្ងៃទី២ នៅម្តុំខាងមុខព្រះបរមរាជវាំង តែម្នាក់ឯង មិនមានប្តី ឪពុកម្តាយ ឬសាច់ញាតិមកជាមួយឡើយ លុះបន្តិចក្រោយមកស្រាប់តែស្ត្រីរូបនោះ បានស្រែកថា ឈឺពោះខ្លាំងណាស់ រួចរត់ចូលទៅក្នុងរោងលក់ផ្កា សម្រាលកូនភ្លាមៗតែម្តង។

ហេតុការណ៍ខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលទៅដល់បងប្អូនប្រជាពលរដ្ឋជាច្រើននាំគ្នាចោមរោមមើល ហើយភ្លាមៗនោះ ក៏ឃើញវត្តមានលោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងភរិយា បានដឹកនាំគណៈបញ្ជាការឯកភាពខណ្ឌ ដែលប្រចាំការនៅទីតាំងកើតហេតុ ជួយអន្តរាគមន៍ភ្លាមៗ និងបានទាក់ទងហៅរថយន្តសាមុយ មកដឹកស្ត្រីខាងលើ ទៅសម្រាកព្យាបាលបន្តនៅមន្ទីរពេទ្យកាល់ម៉ែត ដោយក្នុងនោះ លោកអភិបាលខណ្ឌ រួមនិងនិងសប្បុរសជនផ្សេងៗជាច្រើននាក់ បានផ្តល់ជាថវិកាបានសរុបចំនួនជាង៤០ម៉ឺនរៀលផងដែរ។

លោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានបញ្ជាក់ប្រាប់ថា ខណៈពេលដែលមានវត្តមានរបស់បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នាំគ្នាដើរលេងកម្សាន្តយ៉ាងសប្បាយក្នុងយប់ទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព អកអំបុក និងសំពះព្រះខែ នៅវេលាម៉ោង១១និង១៥នាទីយប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ នៅម្តុំខាងមុខព្រះបរមរាជវាំង ស្រាប់តែមានការភ្ញាក់ផ្អើលកើតឡើងមួយ ដោយមានស្ត្រីម្នាក់វ័យប្រមាណ២៥ឆ្នាំ បានឈឺពោះ និងរត់ចូលទៅនៅក្នុងរោងលក់ផ្កានៅលើសួនច្បារខាងត្បូងព្រះរមរាជវាំង រួចក៏ឆ្លងទន្លេ បានកូនប្រុសម្នាក់។

ភ្លាមនោះ រូបលោកនិងភរិយា រួមទាំងកម្លាំងនៃគណៈបញ្ជាការឯកភាពខណ្ឌ ដែលនៅប្រចាំការការពារនិងរៀបចំសណ្តាប់ធ្នាប់នៅក្បែរនោះ បានចុះទៅជួយធ្វើអន្តរាគមន៍ ជួយក្នុងការម្រាលកូនរបស់នាងភ្លាមៗផងដែរ។

លោកអភិបាលខណ្ឌ បន្តថា ពេលដែលស្ត្រីម្នាក់នោះ សម្រាលបានកូនប្រុសមួយរួចហើយ លោកក៏បានហៅរថយន្តសាមុយ របស់មន្ទីរពេទ្យបង្អែកចតុមុខ មកដល់ ក្នុងគោលបំណងដឹកស្ត្រីខាងលើយកទៅសម្រាកនៅទីនោះ តែដោយសារតែក្រុមគ្រូពេទ្យមានសុទ្ធតែប្រុសៗនោះក៏បានហៅរថយន្តសាមុយខាងមន្ទីរពេទ្យកាល់ម៉ែត ឱ្យមកទទួលយកទៅសម្រាកបន្តវិញ ដោយរូបលោកផ្ទាល់ និងភរិយា បានផ្តល់ប្រាក់ឧបត្ថម្ភចំនួន ២០ម៉ឺនរៀល ប្រជាការពារខណ្ឌ និងសប្បុរសជនផ្សេងៗជាច្រើននាក់ទៀត ក៏បាននាំគ្នាជួយផ្តល់ផងដែរ ដែលមានទឹកប្រាក់សរុបប្រមាណជាង៤០ម៉ឺនរៀល។

លោកអភិបាលខណ្ឌ បានបញ្ជាក់ថា រហូតមកដល់ព្រឹកវេលាម៉ោង​១១និង៣៥នាទីព្រឹក ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ ទាំងស្ត្រីជាម្តាយនិងកូនប្រុស កំពុងសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត និងមានសុខភាពល្អ សុវត្ថិភាពទាំង២នាក់ម្តាយកូន៕

RELATED ARTICLES