ខណៈដែលនៅបាំងតែ១ខែទៀត មាស សុខសោភា នឹងលេចមុខនៅផលិតកម្មថ្មីនោះ ស្រាប់តែក្នុងជំនួបជាមួយអ្នកកាសែត កាលពីពេលថ្មីៗនេះ សោភា ហាក់ស្ទាក់ស្ទើរក្នុងការសម្រេចចិត្ដលើការកំណត់លើជោគវាសនាផលិតកម្មផ្ទាល់ខ្លួនរបស់នាង Camtrax ព្រោះតាមព័ត៌មានថា ថៅកែថ្មីរបស់សោភា មិនដូចថែចាស់នៅថោន ដែលនាងអាចច្រៀងសម្ដែងនៅផលិតកម្មផ្ទាល់ខ្លួន បានតាមចិត្តនោះទេ។

ព័ត៌មានបានឲ្យដឹងថា សោភា កំពុងតែពិបាកចិត្តថា តើនៅពេលដេលនាងទៅច្រៀងនៅផលិតកម្មថ្មីនោះ ត្រូវបិទផលិតកម្ម Camtrax ចោលឬយ៉ាងណា ព្រោះតែនាងបានបើកផលិតកម្មនោះជាយូរខែមកហើយ។

ក្នុងជំនួបជាមួយអ្នកកាសែត កាលពីសប្ដាហ៍មុន មាស សុខសោភា បានទទួលស្គាល់ថា នាងកំពុងតែស្មុគស្មាញរឿងនេះមែន ព្រោះមិនដឹងថា ទៅច្រៀងនៅផលិតកម្មថ្មីនោះ នាងនៅតែអាចច្រៀងនៅផលិតកម្មផ្ទាល់ខ្លួន បានតទៅទៀតឬយ៉ាងណា? ព្រោះនាងមិនចង់ឲ្យផលិតកម្មរបស់នាងលែងដំណើរការនោះទេ។

យ៉ាងណា សោភា ថា ពិតជាបានត្រៀមចេញបទចម្រៀងនៅផលិតកម្មថ្មី អំឡុងខែធ្នូ ឆ្នាំ២០២០ នេះមែន ហើយការដែលនាងមិនចង់ច្រៀងនៅផលិតកម្មមួយ ដោយចុះកុងត្រានោះពេលនេះ គឺបានផ្លាស់ប្ដូរចិត្តទៅជាព្រមចុះកុងត្រាទៅហើយ។ នាងថា ចង់ធ្វើការនៅកន្លែងមួយ ដែលគេបើកសិទ្ធិឲ្យពេញលេញដូចកាលនៅថោន ដែរ។

តាមការអះអាងរបស់មាស សុខសោភា និងបងប្រុសរបស់នាង លោកមាស សុខរតនៈ បញ្ជាក់ថា ផលិតកម្មថ្មីដែលសោភា នឹងទៅឈរជើងនោះ គឺភាគរយខ្ពស់បំផុតមានតែហង្សមាស។
ប៉ុន្ដែសោភា ថា នាងមិនទាន់ចង់ប្រាប់ឈ្មោះផលិតកម្មនោះថា ឈ្មោះអីទេ គឺចង់ឲ្យក្រុមអ្នកគាំទ្ររបស់នាង Surprise។

ទោះជាយ៉ាងណា គេជឿថា បើសិនជាមាស សុខសោភា ក្លាយទៅជាសមាជិកនៅហង្សមាស នោះ គឺថៅកែផលិតកម្មប្រាកដជាតម្រូវឲ្យនាងចុះកុងត្រាជាមួយផលិតកម្មនេះ រយៈពេល៥ឆ្នាំ ដូចលោកខេមរៈ សិរីមន្ដ ជាមិនខាន។

ដោយឡែក លោកអ៊ឹត រ៉ាដា ជាគូស្នេហ៍មាស សោភា វិញ ចាំតែសម្របខ្លួនតាមសោភា គ្រប់ពេលវេលាទាំងអស់ គឺទោះជានាងចូលផលិតកម្មណា ក៏លោកមិនហ៊ានប្រឆាំងដែរ៕