នៅចុងឆ្នាំ២០២០នេះ ប្រសិនបើគ្មានអ្វីប្រែប្រួលនោះទេ ឱក សុគន្ធកញ្ញា នឹងប៉ះគូប្រកួតធំដែលធ្លាប់ប្រជែងយ៉ាងស្វិតស្វាញ រយៈពេល១០ឆ្នាំមកហើយនោះ គឺមាស សុខសោភា នឹងក្លាយទៅជាសមាជិកថ្មីរបស់ហង្សមាស។

នេះគឺជាការជួបគ្នាលើកទី៣ របស់តារាស្រីជួរមុខគេនាពេលបច្ចុប្បន្ន បន្ទាប់ពីតារាទាំង២ ធ្លាប់ជ្រកនៅផលិតកម្មជាមួយគ្នា២លើករួចមកហើយ អំឡុងពេលដែលសុគន្ធកញ្ញា-សុខសោភា ច្រៀងនៅផលិតកម្មរស្មីស្ទឹងសង្កែ និងU2។

ប៉ុន្ដែការជួបគ្នាលើកនេះមិនដូចមុននោះទេ ព្រោះថា សុគន្ធកញ្ញា មានប្ដីនិងកូន១ទៅហើយ ខណៈដែលសោភា មានស្វាមីតែមិនទាន់រៀបការ ហើយកំពុងបារម្ភរឿងគ្មានកូន។

ក្រៅពីមាស សុខសោភា នោះ គេរំពឹងថា តារាចម្រៀងលេងក្បាច់រាំ កញ្ញាសេន យូរី ដែលកំពុងតែល្បីល្បាញរឿងមានស្នេហាជាមួយថៅកែហាងផឹកស៊ី លោកជា នី នោះ ក៏ត្រូវគេសន្និដ្ឋានថា នឹងទៅរួមរស់ជាមួយហង្សមាស ផងដែរ ខណៈដែលពេជ្រ សោភា ឯណោះ បានត្រៀមជើងព្រួលរួចជាស្រេច ក្នុងការធ្វើព្យុះភ្លៀងម្ដងទៀត នៅក្រោយពេលស្ងាត់កូវីដ-១៩។

ទោះជាតារាជើងខ្លាំងយ៉ាងណា មករួមទ្រនំហង្សមាស ក៏អ្នកជំនាញសិល្បៈបានលើកឡើងថា ផលិតកម្មមួយនេះមិនឲ្យឱក សុគន្ធកញ្ញា នៅក្រោមគេឬធ្លាក់ចុះឡើយ។

ការសំអាងបែបនេះ ដោយសារតែគ្រប់គ្នាដឹងថា ឥទ្ធិពលរបស់សុគន្ធកញ្ញា ប្រៀបដូចថៅកែ ឬម្ចាស់ផលិតកម្មហង្សមាស ទៅហើយ ក្រោយពីនាងក្លាយទៅជាប្អូនថ្លៃលោកឧកញ៉ាអ៊ឹង ឆៃងួន ដែលជាអគ្គនាយកក្រុមហ៊ុនហង្សមាស ខណៈដែលស្វាមីរបស់នាង លោកអ៊ឹង សុខលី វិញ ជាអ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាសដែលមានបុគ្គលិករាប់រយនាក់នៅក្រោមឱវាទ ហេតុនេះហើយមតិភាគច្រើននៅតែយល់ថា ហង្សមាស ជាផលិតកម្មដែលមានធនធានមនុស្សល្អៗច្រើន គេចង់លើកតារាណាឲ្យល្បីក៏បានដែរ។

ប៉ុន្ដែមជ្ឈដ្ឋានមហាជនមើលឃើញថា ពេលនេះកេរ្ដិ៍ឈ្មោះរបស់ឱក សុគន្ធកញ្ញា នៅលើទស្សនិកនជនជាអ្នកកំណត់ មិនមែននៅលើឥទ្ធិពលជាសាច់ញាតិរបស់ថៅកែនោះទេ ហេតុនេះហើយនាងអាចនឹងប្រឈមភាពប្រែប្រួលគ្រប់ពេលវេលា។

ឱក សុគន្ធកញ្ញា បានរៀបការកាលពីថ្ងៃ១៦ ខែឧសភា ឆ្នាំ២០១៩ ជាមួយលោកអ៊ឹង សុខលី ហើយពេលនេះនាងមានកូនប្រុសម្នាក់ អាយុជិត១ឆ្នាំ។ ក្រៅពីបង្ហាញពីភាពមានសុភមង្គលក្នុងជីវិតនោះ សុគន្ធកញ្ញា នៅតែមិនទាន់ស្រកគីឡូវិញឡើយ ទើបធ្វើឲ្យនាងកាន់តែពិបាកក្នុងការពារតំណែងលេខ១តទៅទៀត៕ ហ៊ឹម វិចិត្រ
