Wednesday, August 20, 2025
Homeព័ត៌មានជាតិអភិបាលខណ្ឌពោធិ៍សែនជ័យ ថា "ការអនុវត្តរបស់យើង នៅអនុវត្តដដែល អត់ថយទេ..."

អភិបាលខណ្ឌពោធិ៍សែនជ័យ ថា “ការអនុវត្តរបស់យើង នៅអនុវត្តដដែល អត់ថយទេ…”

ភ្នំពេញ ៖ លោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោយជួបជាមួយប្រជាពលរដ្ឋនៅបុរីពិភពថ្មី ត្រពាំងថ្លឹង ករណីតម្រូវឲ្យរុះរើសំណង់រំលោភចិញ្ចើមផ្លូវ និងអណ្តូងលូនោះថា ក្រុមការងាររបស់ខណ្ឌ នឹងចុះរុះរើសំណង់ខុសច្បាប់នៅក្នុងបុរីខាងលើ តាមកាលកំណត់ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌ ដោយមិនដកថយឡើយ ទោះបីមានការគំរាមកំហែងមកលើរូបលោក និងមានការតវ៉ាពីបុគ្គលមួយក្រុមតូចដែលរំលោភច្បាប់នោះក៏ដោយ។

លោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់នៅពេលនោះថា “ការអនុវត្តរបស់យើង នៅអនុវត្តដដែល អត់ថយទេ ប៉ុន្តែយើងធ្វើទៅតាមសំណូមពររបស់ពួកគាត់ ទី១ គាត់សុំពេលវេលា ដោយគាត់ជាអ្នករុះរើដោយខ្លួនឯង… បើផ្ទះណាមិនបានមកធ្វើកិច្ចសន្យានៃការរុះរើដោយខ្លួនឯងទេ បានន័យថា ដល់ថ្ងៃកំណត់ គឺគណៈកម្មការរបស់យើងនឹងចុះទៅរុះរើ…”។

លោកហែម ដារិទ្ធិ បានឱ្យដឹងថា សម្រាប់ផ្ទះដែលប៉ះពាល់នៅក្នុងបុរី គឺមានមិនច្រើននោះទេ ភាគច្រើនផ្ទះនៅខាងខ្លូវកែង គឺពួកគាត់បានសាងសង់លើលូ និងចិញ្ចើមផ្លូវ ដើម្បីធ្វើជាបន្ទប់ជួល ឬផ្ទះមួយល្វែងទៀត ជាដើម។

អភិបាលខណ្ឌពោធិ៍សែនជ័យ បានបន្តថា សម្រាប់ម្ចាស់សំណង់ទាំងអស់នោះ គឺពួកគាត់មិនបានតវ៉ា ឬប្រឆាំងជាមួយអាជ្ញាធរ ក្នុងការអនុវត្តវិធានការច្បាប់នោះទេ ប៉ុន្តែគ្រាន់តែពួកគាត់សុំការពន្យារពេលរុះរើ ដែលអាជ្ញាធរបានកំណត់ពេលឲ្យ១០ថ្ងៃនោះ ដោយសារតែពួកគាត់ទើបតែជួបប្រទះគ្រោះទឹកជំនន់ និងបញ្ហាជំងឺកូវីដ-១៩ ។

លោកហែម ដារិទ្ធិ ក៏បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានសាងសង់លើចិញ្ចើមផ្លូវ និងគម្របលូទាំងអស់ គឺពួកគាត់មិនបានតវ៉ាប្រឆាំងជាមួយអាជ្ញាធរ ដូចអ្វីដែលបុគ្គលមួយចំនួន Live តាមបណ្តាញសង្គម និយាយនោះទេ។ ដូច្នេះ លោកសុំឱ្យប្រជាពលរដ្ឋ ម្ចាស់សំណង់ខុសច្បាប់ទាំងអស់ រកជាងដើម្បីរុះរើសំណង់របស់ខ្លួន ឲ្យបានទាន់ពេលវេលា។

លោកអភិបាលខណ្ឌពោធិ៍សែនជ័យ ក៏បានបញ្ជាក់ថា មានប្រជាពលរដ្ឋជាច្រើនដែលមានការភ្ញាក់រលឹក ដឹងខ្លួនខុស បានរុះរើសំណង់របស់ខ្លួនដែលសង់រំលោភចិញ្ចើមផ្លូវ និងអណ្តូងលូនោះ ខ្លះរួចរាល់ ខ្លះកំពុងរុះរើ ហើយលោកអភិបាលខណ្ឌ បានសរសើរថា ជាពលរដ្ឋគំរូ ដែលគោរពទៅតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរ។

លោកហែម ដារិទ្ធិ បានសរសរបង្ហោះវីដេអូបង្ហាញពីសកម្មភាពប្រជាពលរដ្ឋរុះរើសំណង់ខុសច្បាប់របស់ខ្លួន ក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុករបស់លោក នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ថា “ពលរដ្ឋគំរូ គឺគោរពទៅតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌ”។

គួរបញ្ជាក់ថា  យោងតាមសេចក្ដីជូនដំណឹងលេខ៤៧០/២០ ស.ជ.ណ ចុះថ្ងៃពុធ ១២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ដែលចុះហត្ថលេខាដោយលោកហែម ដារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ មានខ្លឹមសារថា “រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សូមជម្រាបជូនដំណឹងដល់លោក/លោកស្រី ម្ចាស់បុរី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងបុរី ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឲ្យបានជ្រាបថា រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានសង្កេតឃើញថា លោក/លោកស្រី ម្ចាស់បុរី ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងបុរី បានធ្វើការសាងសង់សំណង់បន្ថែម នៅលើសំណង់ចាស់ដែលមានស្រាប់ ខុសពីច្បាប់អនុញ្ញាតឲ្យសាងសង់ ។

ម្យ៉ាងវិញទៀត លោក/លោកស្រី ម្ចាស់បុរី មិនបានយកចិត្តទុកដាក់ការកែលម្អប្រព័ន្ធលូបង្ហូរទឹក រហូតទៅដល់បងប្អូនប្រជាពលរដ្ឋខ្លះ បានធ្វើការសាងសង់សំណង់ផ្សេងៗ បិទអណ្ដូងលូ និងប្រព័ន្ធលូបង្ហូរទឹកថែមទៀត ។

ដូច្នេះដើម្បីចូលរួមការស្ដារអណ្ដូងលូ និងកែលម្អប្រព័ន្ធលូបង្ហូរទឹកឡើងវិញ ចៀសវាងការជន់លិចដោយទឹកភ្លៀង ឬទឹកជំនន់ផ្សេងៗ ស្នើលោក/លោកស្រី ម្ចាស់បុរី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងបុរី ចូលរួមរក្សាឲ្យបាននូវសណ្ឋានភាពដើម មិនសាងសង់បន្ថែម និងត្រូវរុះរើសំណង់នានាដែលបានសាងសង់រំលោភចិញ្ចើមផ្លូវ និងអណ្ដូងលូចេញឲ្យអស់ ចាប់ពីថ្ងៃទទួលបានសេចក្ដីជូនដំណឹងនេះតទៅ ។

ក្នុងករណីលោក/លោកស្រី មិនអនុវត្តតាមខ្លឹមសារសេចក្ដីជូនដំណឹងនេះទេ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ នឹងមានវិធានការចុះរុះរើ ដោយមិនទទួលខុសត្រូវលើការបាត់បង់ ខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈផ្សេងៗដែលមាននៅលើទីតាំងនោះឡើយ ។

រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សង្ឃឹមជឿជាក់លើលោក/លោកស្រី បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ នឹងអនុវត្តតាមខ្លឹមសារសេចក្ដីជូនដំណឹងនេះ ជាពុំខានឡើយ“ ។           

ជាមួយនេះ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ក៏បានចេញសេចក្ដីជូនដំណឹង មួយផ្សេងទៀត លេខ ៤៧៣/២០ ស.ជ.ណ ចុះថ្ងៃខែឆ្នាំដដែល ដែលចុះហត្ថលេខាដោយលោកហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ដែលមានខ្លឹមសារថា  “រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករ ដែលមានលំនៅឋាន ការដាក់តាំងស្លាកយីហោខុសច្បាប់ សំយាបផ្ទះ របង និងសំណង់ផ្សេងៗ ស្ថិតនៅបុរីពិភពថ្មី (ត្រពាំងថ្លឺង) ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឲ្យបានជា្របថា រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋ និងអាជីវករ បានសាងសង់សំយាបផ្ទះ និងសំណង់ផ្សេងៗ រំលោភមកលើប្រព័ន្ធលូបង្ហូរទឹក និងចិញ្ចឹមផ្លូវសាធារណៈ ដែលស្ថិតនៅទីតាំងខាងលើ បានបណ្ដាលឲ្យមានការកកស្ទះចរន្តទឹក និងប៉ះពាល់ដល់សោភណភាព សុវត្ថិភាពសាធារណៈ ។

ដូច្នេះស្នើបងប្អូនប្រជាពលរដ្ឋ និងអាជីវករដែលមានលំនៅឋាន សំយាបផ្ទះ របង ការដាក់តាំងស្លាកយីហោ ប៉ាណូខុសច្បាប់ និងសំណង់ផ្សេងៗដែលបានសាងសង់រំលោភលើប្រព័ន្ធលូបង្ហូរទឹក និងចិញ្ចើមផ្លូវសាធារណៈ ត្រូវរុះរើចេញឲ្យផុត ក្នុងរយៈពេល ១០ថ្ងៃ ដោយគិតចាប់ពីថ្ងៃទទូលបានសេចក្ដីជូនដំណឹងនេះតទៅ ។

ក្នុងករណីលោក លោកស្រី មិនអនុវត្តតាមខ្លឹមសារសេចក្ដីជូនដំណឹងនេះទេ រដ្ឋបាលខណ្ឌ នឹងមានវិធានការចុះរុះរើ ដោយមិនទទួលខុសត្រូវលើការបាត់បង់ ខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈផ្សេងៗដែលមាននៅលើទីតាំងនោះឡើយ ។

រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សង្ឃឹមជឿជាក់លើលោក/លោកស្រី បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ នឹងអនុវត្តតាមខ្លឹមសារសេចក្ដីជូនដំណឹងនេះជាពុំខានឡើយ» ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅក្នុងបុរីពិភពថ្មី ត្រពាំងថ្លឹង បានឲ្យដឹងថា កន្លងមក ដោយសារតែភាពចន្លោះប្រហោងរបស់ម្ចាស់បុរី (ឧកញ៉ាហុង ពីវ) ដែលមិនបានយកចិត្តទុកដាក់មើលថែសំណង់ក្នុងបុរី ទើបមានជនមួយចំនួនបានសាងសង់សំណង់បន្ថែម នៅលើសំណង់ចាស់ដែលមានស្រាប់ដោយខុសច្បាប់ ជាពិសេសពលរដ្ឋមួយចំនួនដែលមានផ្ទះនៅជាប់ផ្លូវកាច់ជ្រុងបានសាងសង់សំណង់រំលោភលើចិញ្ចើមផ្លូវសាធារណ: រំលោភអណ្តូងលូ ដោយសាងសង់ជាសំណង់រឹងមាំ ឬសាងសង់ជាផ្ទះ បន្ទប់ជួល ឬហាងលក់ដូរ យ៉ាងអនាធិបតេយ្យ (អ្នកខ្លះដែលមានផ្ទះនៅជាប់ផ្លូវកាច់ជ្រុង បានរំលោភយកដីចិញ្ចើមផ្លូវដែលម្ចាស់បុរីរៀបការ៉ូឡានោះ សាងសង់កែផ្ទះល្វែង ជាបែបវីឡាក៏មាន)។

ហើយការសាងសង់តាមអំពើចិត្តបែបអនាធិបតេយ្យនេះ ក្រៅពីប៉ះពាល់សោភណភាព ក៏ប៉ះពាល់ដល់សុវត្ថិភាពអ្នករស់នៅក្នុងបុរីនេះផងដែរ ដោយមានកើតគ្រោះថ្នាក់ចរាចរណ៍ ជាញឹកញាប់ នៅចំណុចផ្លូវប្រសព្វផ្លូវកាច់ជ្រុង ដោយសារតែការសាងសង់សំណង់រំលោភលើចិញ្ចើមផ្លូវនេះឯង ជាពិសេស ក៏ជាចំណែកមួយប៉ះពាល់ដល់ប្រព័ន្ធលូបង្ហូរទឹក បណ្តាលឲ្យស្ទះផ្លូវបង្ហូរទឹក ផងដែរ។

ហេតុដូច្នេះហើយទើបនៅពេលអាជ្ញាធរដាក់ចេញនូវវិធានការខាងលើនេះ ប្រជាពលរដ្ឋទូទៅ (លោកលែងតែអ្នកសាងសង់សំណង់ល្មើសច្បាប់មួយចំនួនតូចប៉ុណ្ណោះ) មានការសាទរ និងគាំទ្រយ៉ាងពេញទំហឹង ១០០% និងសំណូមពរឲ្យអាជ្ញាធរពិនិត្យ តាមដាមការអនុវត្តសេចក្តីជូនដំណឹងខាងលើនេះ ឲ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់៕

RELATED ARTICLES