ខេត្តសៀមរាប ៖ បុរសម្នាក់ជាថៅកែភោជនីយដ្ឋាន ខឹងរឿងបុគ្គលិករបស់ខ្លួនម្នាក់ វក់ជិះម៉ូតូដើរលេង អត់ព្រមចូលធ្វើការ ក៏បានចាក់សាំងដុតម៉ូតូចោល បណ្តាលឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋ និងសមត្ថកិច្ច ចុះអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចមុខភោជនីយដ្ឋាន ជូ ហេងហេង ស្ថិតភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។

មន្ត្រីនគរបាលសង្កាត់ប៉ុស្តិ៍ស្លក្រាម បានបញ្ជាក់ឱ្យដឹងថា ម៉ូតូដែលត្រូវបានភ្លើងឆាបឆេះអស់ទាំងស្រុង ម៉ាកហុងដាវ៉េវ សេ១១០ ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខសៀមរាប 1P-5512 (ជាម៉ូតូចាស់)។ ចំណែកអ្នកដុតម៉ូតូឆេះខ្ទេចនោះ មានឈ្មោះង៉ូវ ឡេង ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរម្ចាស់ភោជនីយដ្ឋាន ជូ ហេងហេង មានលំនៅក្នុងភូមិកើតហេតុខាងលើ។

ប្រភពដដែល បន្តថា ករណីខាងលើនេះកើតឡើងដោយសារតែបុរសជាថៅកែហាង បានយកសាំងចាក់ដុតម៉ូតូខាងលើចោល បណ្តាលឱ្យឆាបឆេះ តែមិនបណ្តាលឱ្យមានរបួសដល់មនុស្សនោះទេ។ ចំណែកមូលហេតុដោយសារតែខឹងនិងបុគ្គលិករបស់ខ្លួន ឈ្មោះគន្ធា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរចុងភៅ វក់នឹងជិះម៉ូតូដើរលេង មិនព្រមចូលធ្វើការ ទើបទ្រាំមិនបានក៏ដុតម៉ូតូចោលឲ្យខានជិះតែម្តង។

មន្ត្រីនគរបាល បានបញ្ជាក់ទៀតថា ករណីនេះកម្លាំងប៉ុស្តិ៍ បានចុះជួយបាញ់បំពង់ពន្លត់ទាន់ពេលវេលា មិនរាលដាលដល់កន្លែងផ្សេងទៀតឡើយ៕
