ភ្នំពេញ ៖ សំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងស្ត្រីជនសង្ស័យ២នាក់ នាំចូលរក្សាទុក លក់ចែកចាយផលិតផលម៉ាក Pedro ក្លែងក្លាយ ដោយគ្មានការអនុញ្ញាពីក្រុមហ៊ុនដើមបណ្តឹង ត្រូវបានសមត្ថកិច្ចលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បញ្ជូនទៅតុលាការ បន្ទាប់ពីមន្ត្រីនគរបាលយុត្តិធម៌កោះហៅ២ដង តែជនសង្ស័យមិនព្រមចូលខ្លួន។

សូមរម្លឹកថា យោងតាមពាក្យបណ្តឹង ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ របស់លោកថាត់ វៃ ប្រធានក្រុមហ៊ុន M.W METROPOLITAN INTERNATIONAL BRAND Co., Ltd គឺកាលពីវេលាម៉ោង ២និង១៥នាទីរសៀល ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ សមត្ថកិច្ចលេខាធិការដ្ឋាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានសហការជាមួយតំណាងក្រុមហ៊ុនដើមបណ្តឹង និងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវិធីពីលោកម៉ុត ដារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះធ្វើការឆែកឆេរ ត្រួតពិនិត្យជាក់ស្តែង ពាក់ព័ន្ធករណីលក់ចែកចាយផលិតផលម៉ាក Pedro ក្លែងក្លាយនៅចំណុចផ្ទះលេខA17 ផ្លូវ១០៣ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ ដែលមានម្ចាស់ឈ្មោះឈុន ស៊ុនជារ៉ាត់ ភេទស្រី អាយុ២៩ឆ្នាំ។

ក្រោយការត្រួតពិនិត្យ ឆែកឆេរជាក់ស្តែង សមត្ថកិច្ចចម្រុះបានរកឃើញវត្ថុតាង ផលិតផលម៉ាក Pedro ក្លែងក្លាយ រួមមាន ស្បែកជើងចម្ពាម ម៉ាក Pedro ចំនួន៣៧គូ ស្បែកជើងស៊ក ម៉ាក Pedro ចំនួន៧២គូ កាបូបដៃ ម៉ាក Pedro ចំនួន១៤០កាបូប ខ្សែក្រវាត់ Pedro ចំនួន៣៨គូ មួក ម៉ាក Pedro ចំនួន ១០មួក ប្រអប់ក្រដាសដាក់កាបូប ចំនួន៨០ប្រអប់ និងប្រអប់ក្រដាសច្រកស្បែកជើង ម៉ាក Pedro ចំនួន១៥០គូ។ ជនសង្ស័យបានលក់ ចែកចាយតាម Online។
ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ឈ្មោះឈុន ស៊ុនជារ៉ាត់ ដែលជាម្ចាស់ទីតាំង បានបំភ្លឺប្រាប់សមត្ថកិច្ចថា វត្ថុតាងខាងលើ គាត់បានទិញពីតូបលេខ C2. 221, C2. 222 ជាន់ទី២ ក្នុងផ្សារអូឡាំពិក និងកន្លែងផ្សេងៗទៀត យកមកលក់បន្ត។ លុះនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១និង៣០នាទីរសៀល ដោយមានការឯកភាពលោកម៉ុត ដារ៉ា ព្រះរាជអាជ្ញារង សមត្ថកិច្ចលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានសហការជាមួយក្រុមហ៊ុនដើមបណ្តឹង និងគណៈកម្មាការគ្រប់គ្រងផ្សារអូរឡាំពិក ចុះធ្វើការត្រួតពិនិត្យជាក់ស្តែង ទីតាំងតូបខាងលើ តូបលេខ 223A 221, 221B , 2222 ជាន់ទី២ ក្នុងផ្សារអូឡាំពិក) ដែលមានម្ចាស់ឈ្មោះ សេង សុគន្ធា ភេទស្រី អាយុ៣៩ឆ្នាំ។

ក្រោយការត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចចម្រុះ បានរកឃើញផលិតផលម៉ាក Pedro ក្លែងក្លាយ (ខ្សែក្រវាត់ កាបូបលុយវែង និងខ្លី) សរុបចំនួន១០៩៦គីឡូក្រាម។
អ្នកស្រី ឈិត ទៀត ដែលជាតំណាងក្រុមហ៊ុនដើមបណ្តឹង បានបញ្ជាក់ប្រាប់សមត្ថកិច្ចចម្រុះថា វត្ថុតាងដែលសមត្ថកិច្ចបានរកឃើញ គឺជាផលិតផលម៉ាក Pedro ក្លែងក្លាយ។
សមត្ថកិច្ច បានបន្តថា លោកព្រះរាជអាជ្ញារង បានសម្រេចឱ្យដកហូតវត្ថុតាងទាំងអស់ខាងលើ ជាបណ្តោះអាសន្ន យកទៅរក្សាទុកនៅគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) និងកំណត់ឱ្យម្ចាស់ទីតាំងឈ្មោះសេង សុគន្ធា ទៅបំភ្លឺនៅគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៅវេលាម៉ោង ១០ព្រឹក នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ដើម្បីបន្តនីតិវិធី។

ផ្អែកលើលទ្ធផលស្រាវជ្រាវ និងស្រង់ចម្លើយពីឈ្មោះសេង សុគន្ធា បានឆ្លើយបំភ្លឺថា វត្ថុតាងផលិតផលម៉ាក Pedro ដែលសមត្ថកិច្ចបានរកឃើញ គឺខ្លួននាំចូលពីប្រទេសវៀតណាម និងប្រទេសចិន តាមរយៈក្រុមហ៊ុនដឹកជញ្ជូនមួយ តែពុំស្គាល់ឈ្មោះក្រុមហ៊ុន រួចហើយទូទាត់លុយឱ្យគេដោយមានវិក្កយបត្រ សរសេរជាភាសាចិន ហើយខ្លួនចាប់ផ្តើមនាំផលិតផលម៉ាក Pedro នេះ មកលក់រយៈពេល៣ខែមកហើយ មានដូចជា កាបូបលុយ ក្បាលខ្សែក្រវាត់ និងខ្សែក្រវាត់។
តាមការស្រាវជ្រាវ និងត្រួតពិនិត្យរបស់សមត្ថកិច្ច ឃើញថា ឈ្មោះសេង សុគន្ធា ពុំមាន ឯកសារពាក់ព័ន្ធទៅនឹងទំនិញរបស់ខ្លួន (ផលិតផលម៉ាក Pedro ក្លែងក្លាយ) ដើម្បីបង្ហាញដល់សមត្ថកិច្ចនោះទេ ហើយនៅពេលសមត្ថកិច្ច ធ្វើការកោះ ចំនួន២លើក ដើម្បីចូលឆ្លើយបំភ្លឺបន្ថែម ឈ្មោះសេង សុគន្ធា ក៏ពុំបានចូលខ្លួនតាមការកោះហៅផងដែរ។

សមត្ថកិច្ចចាត់ទុកថា ទី១- ឈ្មោះសេង សុគន្ធា ភេទស្រី អាយុ៣៩ឆ្នាំ ពិតជាបាននាំចូល រក្សាទុក លក់ ចែកចាយ ផលិតផលម៉ាក Pedro ក្លែងក្លាយ ដោយគ្មានការអនុញ្ញាពីក្រុមហ៊ុនដើមបណ្តឹង ដែលជាម្ចាស់សិទ្ធិស្របច្បាប់ ហើយដែលខុសទៅនឹងច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ មាត្រា១១ មាត្រា៦៤ ។ ទី២- ឈ្មោះឈុន ស៊ុនជារ៉ាត់ ភេទស្រី អាយុ ២៩ឆ្នាំ ជាអ្នកទិញផលិតផលម៉ាក Pedro ក្លែងក្លាយ បន្តពីឈ្មោះសេង សុគន្ធា និងពីកន្លែងផ្សេងៗ ដែលខុសទៅនឹងច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ មាត្រា១១ មាត្រា៦៤។

អ្នកច្បាប់បានលើកឡើងថា នេះជាបទល្មើសដែលតម្រូវឱ្យមានការផ្តន្ទាទោស កាលណាមន្ត្រីនគរបាលយុត្តិធម៌ បញ្ជូនសំណុំរឿងមកកាន់អយ្យការ មានភ័ស្តុតាងគ្រប់គ្រាន់ ជនសង្ស័យសារភាពទៀតនោះ គឺតំណាងអយ្យការ អាចនឹងធ្វើការចោទប្រកាន់។ ពិសេសកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោកកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្លាប់បានប្រកាសថា មិនលើកលែងចំពោះអ្នកនាំចូលនិងអ្នកចែកចាយផលិតផលក្លែងក្លាយឡើយ ក្នុងខណៈលោករដ្ឋមន្ត្រី អញ្ជើញជាអធិបតីដុតកម្ទេចចោលផលិតផលក្លែងក្លាយ រាប់រយតោន នោះ។
ដោយឡែកតាមប្រភពព័ត៌មានមួយផ្សេងទៀត បានបង្ហើបប្រាប់ថា ស្ត្រី ២នាក់ នាំចូល ទិញ លក់ ចែកចាយ ផលិតផលម៉ាក Pedro ក្លែងក្លាយខាងលើ ត្រូវបានតំណាងអយ្យការកោះហៅឱ្យចូលខ្លួន នៅពេលខាងមុខនេះ ប៉ុន្តែមិនបញ្ជាក់ថា ត្រូវចូលខ្លួនថ្ងៃណានោះទេ៕