ភ្នំពេញ ៖ បុរសម្នាក់ ខណៈឃើញស្ត្រីពោះធំកំពុងបណ្តើរម៉ូតូ ក៏ធ្វើជាចិត្តល្អសុំជួយបណ្តើរឡើងចំណោត ស្រាប់តែជិះគេចខ្លួន តែត្រូវប្តីស្ត្រីរងគ្រោះដេញតាមទាន់ចាប់ក្របួច ជាប់ប្រគល់ឱ្យសមត្ថកិច្ច បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ចំណុចចំណោតមាត់ទន្លេ ក្នុងភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យឈ្មោះកើ ណាវី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ-អ៊ិស្លាម មុខបរនេសាទត្រី ស្នាក់នៅលើទូក ក្នុងក្រុម៩ ភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះរឿន ស្រីនី ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ-អ៊ិស្លាម ស្នាក់នៅភូមិ២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មានផ្ទៃពោះ៨ខែ។

តាមប្រភពព័ត៌មានពីបុរសប្តីស្ត្រីរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលគាត់ជាប្តីកំពុងនៅលើទូក ប្រពន្ធរបស់គាត់បានជិះម៉ូតូឡើងចំណោតមាត់ទន្លេ ខណៈនោះជនសង្ស័យបានសុំជួយបណ្តើរឱ្យ ស្រាប់តែបណ្តើរម៉ូតូបានបន្តិច ក៏ជិះគេចខ្លួន តែភ្លាមៗនោះ គាត់បានឡើងពីទូកហៅគ្នាជួយដេញតាមរហូតដល់ចំណុចបុរីសុភមង្គល ទើបចាប់ជនសង្ស័យបានប្រគល់ជូនសមត្ថកិច្ចតែម្តង។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅប៉ុស្តិ៍ជ្រោយចង្វា ដើម្បីសាកសួរបន្ថែម និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕


