ភ្នំពេញ ៖ ស្ត្រីម្នាក់បានចេញទៅមើលទឹកស្រែទាំងព្រឹក ដោយមានពាក់គ្រឿងអលង្ការជាប់ខ្លួនជាច្រើនផង លុះជនសង្ស័យម្នាក់ប្រទះឃើញឱកាសស្ងាត់ ក៏ធ្វើសកម្មភាពកាប់នឹងពូថៅ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ រួចប្លន់យកគ្រឿងអលង្ការអស់ និងព្យាយាមរត់គេចខ្លួនបានប្រមាណជិត៣ម៉ោង ក៏ត្រូវប្រជាពលរដ្ឋតាមរកប្រទះឃើញ ព្រួតវាយបណ្តាលឱ្យរងរបួសធ្ងន់ សន្លប់បាត់មាត់ឈឹង។

ហេតុការណ៍កាប់ប្លន់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីព្រឹក ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចវាលស្រែ ក្នុងភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ លុះមកដល់វេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃដដែល ទើបប្រជាពលរដ្ឋតាមរកជនសង្ស័យឃើញ និងចាប់ខ្លួនបាននៅចំណុចវាលស្រែ ក្នុងភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល។

ស្ត្រីរងគ្រោះដែលត្រូវជនសង្ស័យកាប់ប្លន់បណ្តាលឱ្យរងរបួសធ្ងន់ មានឈ្មោះជិន ស្រីតូច អាយុ៣០ឆ្នាំ មានលំនៅក្នុងភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រងរបួសក្បាលធ្ងន់ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងរាជធានីភ្នំពេញ។ ចំណែកសម្ភារ:ដែលបាត់បង់ រួមមាន ខ្សែក ចិញ្ចៀន ខ្សែដៃ ក្រវិលមាស សរុបជាង ១តម្លឹង។

រីឯជនសង្ស័យដែលត្រូវប្រជាពលរដ្ឋចាប់ក្របួចជាប់ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែពិនិត្យតាមភិនភាគ មានអាយុប្រមាណ៤០ឆ្នាំ សម្បុរខ្មៅ សក់ខ្មៅ ស្លៀកខោខូវប៊យជើងខ្លីពណ៌ខៀវ ពាក់អាវយឺតដៃខ្លី ពណ៌ខ្មៅ មានសរសេរអក្សរអង់គ្លេស “Rakuten” ប្រដាប់ដោយពូថៅដៃ១ និងពិលពាក់ក្បាល១។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានទៅមើលទឹកស្រែស្ថិតនៅឯវាលស្រែត្រពាំងវែង ក្នុងភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយនាងបានពាក់គ្រឿងអលង្ការមួយចំនួនខាងលើទៅជាមួយផង ហើយបានជួបជនសង្ស័យកំពុងស្ថិតនៅទីនោះដែរ។ ដោយឃើញស្ត្រីរងគ្រោះមានតែម្នាក់ឯង ហើយមានពាក់គ្រឿងអលង្ការទៀតនោះ ជនសង្ស័យក៏បានធ្វើសកម្មភាពកាប់នឹងពូថៅ ព្រមទាំងវាយបន្ថែមទៀត បណ្តាលឱ្យស្ត្រីរងគ្រោះ រងរបួសធ្ងន់ សន្លប់បាត់ស្មារតី រួចហើយជនសង្ស័យបានប្លន់យកគ្រឿងអលង្ការទាំងអស់ ហើយគេចខ្លួនបាត់ស្រមោល។

ប្រភពដដែល បន្តថា ពេលមានអំពើប្លន់នោះ គ្មាននរណាបានដឹងទេ ព្រោះចំពេលស្ងាត់ ប៉ុន្តែ១ម៉ោងក្រោយមក ស្ត្រីរងគ្រោះបានដឹងខ្លួនឡើងវិញ ហើយបានដើរទាំងត្រដរ និងស្រែកឱ្យគេជួយ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលដល់កម្លាំងប្រជាការពារសង្កាត់បឹងធំ ខណ្ឌកំបូល ដែលស្ថិតនៅជិតនោះ ស្រែកប្រកាសតាមវិទ្យុទាក់ទង ហើយកម្លាំងប្រជាការពារសង្កាត់កន្ទោក ខណ្ឌកំបូល ក៏បានចេញជួយស្ទាក់រកជនសង្ស័យ ដោយមានការចូលរួមពីប្រជាពលរដ្ឋជាច្រើនផងដែរ។

បន្ទាប់មក បានរុករកតាមស្នាមដែលជនសង្ស័យលូនកាត់ស្រូវ រហូតដល់វេលាម៉ោង ៩និង៤៥នាទីព្រឹកថ្ងៃដដែល ទើបប្រទះឃើញជនសង្ស័យនៅចំណុចភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ក៏ចាប់ខ្លួនបាន ហើយប្រជាពលរដ្ឋបាននាំគ្នាព្រួតវាយរហូតដល់សន្លប់បាត់ស្មារតីតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ទីតាំងកើតហេតុ ឆែករកមើលមិនឃើញមានគ្រឿងអលង្ការនៅជាប់ខ្លួនជនសង្ស័យនោះទេ ទើបទាក់ទងហៅរថយន្តសង្គ្រោះ មកដឹកជនសង្ស័យ ទៅសង្គ្រោះនៅមន្ទីរពេទ្យសិន ចាំធ្វើការសាកសួរនៅពេលក្រោយ៕
