Tuesday, August 19, 2025
Homeតារាខ្មែរពេជ្រ សោភា មិនព្រមព្រលែងបែបនេះ ប្រឈមស្ងប់ស្ងាត់

ពេជ្រ សោភា មិនព្រមព្រលែងបែបនេះ ប្រឈមស្ងប់ស្ងាត់

ការធ្វើបទចម្រៀងហើយមិនហ៊ានចេញរបស់ពេជ្រ សោភា ដោយសំអាងថា ខ្លាចខុសពេលវេលា ព្រោះកូវីដ-១៩ផង ទឹកជំនន់ផងនោះ ទីបំផុត សោភា កំពុងតែប្រឈមភាពស្ងប់ស្ងាត់ ព្រោះមិនសូវមានបទចម្រៀងល្បីៗដូចមុន។

ទោះជាយ៉ាងណា មិនមែនមានតែនាងម្នាក់ទេ ដែលជួបបញ្ហានេះ ពោលគឺតារាល្បីៗផ្សេងៗទៀត ដូចជា ឱក សុគន្ធកញ្ញា និងស្រីស្រស់រ៉ាប៊ី ក៏មិនហ៊ានបញ្ចេញបទចម្រៀងថ្មីៗនៅពេលនេះដែរ​បើទោះជាពួកគេមានបទចម្រៀងនៅក្នុងដៃក្ដី។

ពេជ្រ សោភា បានឲ្យដឹងថា បទចម្រៀងរបស់នាងពិតជាបានធ្វើរួចរាល់ហើយមែន ហើយដោយសារតែនាងចេះសរសេរប៉ារ៉ូល ដោយនឹងធ្វើភ្លេងដោយខ្លួនឯង ហេតុនេះហើយការចង់ចេញបទថ្មី មិនមែនជាឧបសគ្គសម្រាប់រូបនាងឡើយ។

យ៉ាងណា សោភា ប្រាប់ថា ការចេញបទចម្រៀងនៅពេលដែលកំពុងមានវិបត្តិកូវីដ-១៩ផង ទឹកជំនន់ផងបែបនេះ គឺមិនត្រូវពេលវេលានោះទេ ហេតុនេះហើយបានជានាងសម្រេចចិត្តផ្អឹបបទចម្រៀងទាំងនោះមួយអន្លើសិន។

ថ្វីត្បិតតែពេជ្រ សោភា មិនហ៊ានព្រលែងបទចម្រៀងថ្មីនៅពេលនេះមែន ប៉ុន្ដែគេកត់សម្គាល់ថា តារាជ្រកនៅហង្សមាស ជាង១៥ឆ្នាំរូបនេះ បែរជាហ៊ានបញ្ចេញរថយន្ដស៊េរីទំនើបៗនៅពេលនេះព្រមគ្នាតែម្ដង ក្នុងនោះ គ្រាន់តែរថយន្ដដែលនាងកំពុងតែជិះឆ្លាស់គ្នា៣គ្រឿង ដូចជា Porsche, Mercedes និង Range Rover  នោះ មានតម្លៃជាងកន្លះលានដុល្លារទៅហើយ។

នេះជាការកត់សម្គាល់ថា នៅចុងឆ្នាំ២០២០នេះ សោភា ជាតារាលេងរថយន្ដជាងគេ បើទោះជាមុននេះ មានតារាខ្លះហ៊ានទិញ Rolls-Royce ក៏ដោយ។

ប៉ុន្ដែបើក្រឡេកមើលរឿងស្នេហារបស់សោភា និងប្រុសក្មេងសក្កដា វិញ ពេលនេះនៅតែសោះកក្រោះ ហើយគ្មានដំណឹងចូលរោងការជាក់លាក់ទេ ទើបការសង្ស័យថា សោភា-សក្កដា លេងស្នេហាក្លែងក្លាយ៕

RELATED ARTICLES