ភ្នំពេញ ៖ ក្នុងឱកាសខួបលើកទី៦៧ នៃពិធីបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២០) មន្រ្តីអតីតគណបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) បានរំលឹកពីព្រះរាជបណ្ដាំ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ អំពីការរួបរួមគ្នាជាធ្លុងមួយ ដើម្បីឯកភាពជាតិ និងការពារឯករាជ្យជាតិ ។
លោកអ៊ុំ តារាវុទ្ធី អតីតសមាជិកក្រុមងារខេត្តកណ្ដាល នៃអតីតគណបក្សសង្រ្គោះជាតិ ក្រុមលោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ ថា “ព្រះរាជឱង្ការនៃព្រះករុណា សម្ដេចព្រះបរមរតនកោដ្ឋ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ៖
#ជនរួមជាតិជាទីស្នេហា ! ក្នុងជីវភាពប្រទេសជាតិនីមួយៗ គ្មានអ្វីឲ្យមានតម្លៃជាងឯករាជ្យទេ ព្រោះឯករាជ្យ ជាមូលដ្ឋាននៃសេចក្តីថ្លៃថ្នូរ និងសុភមង្គលទាំងទ្បាយដទៃទៀត ។
អាវុធដ៏សំខាន់ជាងគេសម្រាប់កសាងនិងការពារឯករាជ្យ និងអនាគតយើង ពុំមែនគ្រឿងយោធបរិក្ខារដ៏ស្តួចស្តើង គួរឲ្យវេទនារបស់កងទ័ពយើងនោះទេ។ អាវុធនោះ គឺការរួបរួមចងគ្នាជាធ្លុងមួយនៃយើងនេះឯង។ ខ្ញុំជឿជាក់ថា ការរួបរួមគ្នារបស់យើងជាធ្លុងមួយនេះ នឹងជួយស្រោចស្រង់ប្រទេសយើង និងឯករាជ្យយើង ឲ្យឆ្លងសមុទ្រគ្រោះថ្នាក់ ដែលមាននៅមុខយើងនេះ បានផុតស្រឡះដោយជ័យមង្គល ។ ជយោ! កម្ពុជាឯករាជ្យ!“ ។

ដូចគ្នានេះដែរ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ លោកអ៊ុំ តារាវុទ្ធី បានសរសេរថា “វិច្ឆិកា ខែឯករាជ្យ ចូលមកដល់ សូមរំលឹកព្រះរាជបណ្ដាំ !
ការផ្សះផ្សានិងបង្រួបបង្រួមជាតិ គឺជាបំណងប្រាថ្នារបស់ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ និងព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី អង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
សម្តេចព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ ព្រះអង្គទ្រង់បានបន្សល់ទុកនូវព្រះរាជបណ្តាំថា ៖ «… មិនមានមហិច្ឆតាមធ្យោបាយដែលជាមហាអំណាចនោះទេ ប៉ុន្តែយើងគ្រាន់តែចង់ឲ្យប្រជារាស្រ្តទទួលស្គាល់ថា យើងរួបរួមគ្នាជាប្រទេសមួយ ដែលនឹងបង្ហាញពីកម្លាំងរបស់យើង។ យើងកំពុងធ្វើដំណើរឆ្ពោះទៅមុខ នៅក្នុងវិស័យមួយចំនួន ដូច្នេះសូមឲ្យយើងរួមសហការគ្នា ដើម្បីអភិវឌ្ឍន៍អ្វីដែលជាឧត្តមប្រយោជន៍របស់ជាតិយើង» …។
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ធ្លាប់មានព្រះរាជបន្ទូលអំពាវនាវថា ៖ «… ខ្ញុំសូមអំពាវនាវដល់ប្រជារាស្រ្តខ្មែរគ្រប់រូប រួបរួមគ្នានៅក្រោមច្បាប់រដ្ឋនិងរដ្ឋធម្មនុញ្ញ ដើម្បីការពារជាតិយើង នៅលើគ្រប់វិស័យ»…។
ប្រជាពលរដ្ឋខ្មែរ ក៏បួងសួងសុំឲ្យមាននូវការសាមគ្គី ការផ្សះផ្សា បង្រួបបង្រួម ឯកភាពជាតិពិត ជាពិសេសក្នុងព្រះរាជពិធីបុណ្យឯករាជ្យ ៩វិច្ឆិកា ខាងមុខនេះ ដោយផ្ដើមផ្តល់យុត្តិធម៌ជូនឯកឧត្តមប្រធានកឹម សុខា ឲ្យលោកមានសេរីភាពពេញលេញឡើងវិញ។ ពិតប្រាកដណាស់ ទាំងប្រជាជាតិខ្មែរយើង និងសហគមន៍អន្តរជាតិ ពិតជាសាទររីករាយ ហើយស្របទៅនឹងគោលនយោបាយជាតិខ្មែរ ឈ្នះ-ឈ្នះ ខ្មែរយើងឈ្នះទាំងអស់គ្នា កម្ពុជា មានសុខសន្តិភាពពិត និងការអភិវឌ្ឍឆាប់រហ័ស។
ឯកឧត្តមប្រធាន កឹម សុខា នៅតែមានឆន្ទៈឥតប្រែប្រួល ប្រាថ្នាចង់ឲ្យមានការផ្សះផ្សា និងការបង្រួបបង្រួមជាតិពិត មានតែឯកភាពជាតិពិតទេ ទើបអាចធានាបាននូវឯករាជ្យជាតិពិត ។ ជយោ! កម្ពុជាឯករាជ្យ! ជយោ ការបង្រួបបង្រួមជាតិ!“ ។
លោកអ៊ុំ តារាវុទ្ធី បានសរសេរបន្ថែមនៅថ្ងៃទី០៤ វិច្ឆិកា ឆ្នាំ២០២០ ថា “បើយើងផ្ដល់ក្តីមេត្តាឲ្យអ្នកដទៃ គេក៏មានក្តីសុខ យើងក៏មានក្តីសុខ ចិត្តមេត្តាមានកាន់តែច្រើន គ្រប់គ្នានឹងមានក្តីសុខកាន់តែច្រើន! គុណតម្លៃមេដឹកនាំ ជាតិសាសន៍តែមួយ ឈាមយើងតែមួយ យើងត្រូវរៀនរស់នៅមួយគ្នា ដោយបណ្តុះនូវផ្នត់គំនិតចេះយោគយល់ឲ្យគ្នា អប់រំណែនាំ ចៀសវាងនូវការប្រើអំពើហិង្សា គុកច្រវាក់ ចាប់ផ្ដើមបំពេញដោយសេចក្តីស្រលាញ់បរិសុទ្ធពិតចំពោះជាតិសាសន៍ខ្លួន និងទឹកដី ក្នុងបុព្វហេតុរក្សាវប្បធម៌សាមគ្គីភាពថ្លៃថ្នូរ ឯកភាពជាតិ ជាកត្តាសំខាន់ ដោយលុបបំបាត់វប្បធម៌ក្តិចត្រួយ ចាក់ដោត បំបែកបំបាកគ្នា នោះជាតិសាសន៍យើង កាន់តែខ្លាំងហើយ។
ខ្មែររួមសាមគ្គីគ្នា ខ្មែរខ្លាំង ! រួមគ្នាកសាងនូវអំពើល្អ ចេះចែករំលែកគុណធម៌ សីលធម៌ មេត្តាធម៌ ទុកជាគំរូសម្រាប់កុលបុត្រខ្មែរជំនាន់ក្រោយ ជាមរតកដែលជាសេចក្តីថ្លៃថ្នូររបស់មេដឹកនាំ និងត្រូវបង្កើតយន្តការជជែក ដោះស្រាយបញ្ហាផ្ទៃក្នុងគ្រប់និន្នាការពាក់ព័ន្ធប្រកបដោយប្រសិទ្ធភាព ឈរលើស្មារតីជាតិនិយមពិតប្រាកដ ប្រកបដោយក្តីមេត្តា ករុណា និងមុទិតា មិនឈរលើអារម្មណ៍ច្រណែនឈ្នានីស ភ័យព្រួយរវើរវាយនោះឡើយ។

យើងចង់បានសុខ គេក៏ចង់បានសុខ ដូច្នេះត្រូវមានធម៌មេត្តា ដែលជាម៉ែត្រវាស់នៃគុណធម៌របស់មេដឹកនាំ “គ្រប់និន្នាការ” សម្រាប់ជាឧត្តមប្រយោជន៍ដែលធ្វើឲ្យជាតិសាសន៍របស់យើងបន្តរុងរឿងនិងឋិតថេរគង់វង្សជានិរន្តរ៍“ ។
បន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើនេះ លោកអ៊ុំ តារាវុទ្ធី បានបញ្ជាក់ប្រាប់ ”នគរធំ” នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ ថា ការដែលលោករំលឹកព្រះរាជបណ្ដាំព្រះបរមរតនកោដ្ឋ នៅក្នុងឱកាសខួបទី៦៧ នៃបុណ្យឯករាជ្យជាតិ គ្រាន់តែចង់រំលឹកដល់យុវជន និងអ្នកនយោបាយ ឲ្យគិតពិចារណាពីព្រះរាជឱង្ការនេះ ដើម្បីរកចំណុចរួបរួមជាតិមួយ។
លោកអ៊ុំ តារាវុទ្ធី បានមានប្រសាសន៍ថា “បាទ! ទាំងអស់នេះ ដែលខ្ញុំចង់រំលឹកឡើងវិញនេះ គឺស្របជាមួយនឹងបុណ្យឯករាជ្យជាតិកម្ពុជាយើង នៅថ្ងៃទី០៩ វិច្ឆិកា ស្អែកនេះ ខ្ញុំចង់រំលឹកទៅដល់ពលរដ្ឋកម្ពុជា យុវជនជំនាន់ក្រោយ ហើយជាពិសេសថែមទៀតនោះ គឺដល់អ្នកនយោបាយតែម្ដង ឲ្យពិចារណា បើសិនជាកម្ពុជាយើង ជាពិសេសអ្នកនយោបាយយើង នៅតែបន្តការខ្វែងគំនិតគ្នា មិនគិតពីការរួបរួម ការអធ្យាស្រ័យ ការយោគយល់គ្នាទៅវីញទៅមកទេនេះ គឺកម្ពុជាយើង មិនងាយនឹងអភិវឌ្ឍទៅមុខជឿនលឿនដូចអារ្យប្រទេសនៅក្នុងតំបន់ និងពិភពលោកទេ ។
អ៊ីចឹងហើយបានខ្ញុំរំលេចនៃព្រះរាជបណ្ដាំរបស់សម្ដេចព្រះបរមរតនកោដ្ឋ សម្ដេចតា សម្ដេចតាទួត នៃយើង ដែលព្រះអង្គបានផ្ដាំទុក មុននឹងព្រះអង្គយាងចូលទិវង្គតកន្លងទៅ ។
ពោលគឺខ្ញុំគ្រាន់តែមានបំណងចង់ឲ្យកុលបុត្រខ្មែរយើងជំនាន់ក្រោយ ក៏ដូចជាអ្នកនយោបាយ សុំឲ្យធ្វើការពិចារណាឡើងវិញពីឯករាជ្យភាពរបស់យើង ដែលសម្ដេចតា សម្ដេចតាទួត នៃយើង ធ្វើការតស៊ូ ការបូជាកម្លាំងកាយ កម្លាំងចិត្ត ដើម្បីទាមទារឯករាជ្យពីអាណានិគមបារាំង បន្តជាកេរមរតកដល់ខ្មែរយើងជំនាន់ក្រោយ ។ ដូច្នេះអ្វីដែលសម្ដេចតា សម្ដេចតាទួត នៃយើង ព្រះបរមរតនកោដ្ឋ ចង់បាន គឺចង់ឲ្យពលរដ្ឋកម្ពុជាយើង មានការសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីរួមគ្នាកសាងកម្ពុជាយើង ឲ្យរីកចម្រើនទៅមុខ ។ នេះគឺជាព្រះរាជបំណងរបស់សម្ដេចតា នៃយើង ហើយក៏ជាបំណងរបស់ពលរដ្ឋខ្មែរជាច្រើនផងដែរ“ ។
លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយ និងសង្គម ក៏បានលើកឡើងដែរថា នៅទិវាឯករាជ្យជាតិនេះ ខ្មែរយើង គួររំឭកខ្លួនឯងថា យើងមានជាតិមួយ មានអត្តសញ្ញាណមួយ និងជាពិសេស យើងជាជាតិមួយឯករាជ្យ និងអធិបតេយ្យ ។

លោកបណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរនៅក្នុងគណនីបណ្ដាញសង្គមហ្វេសប៊ុករបស់លោក នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ថា “មួយសប្តាហ៍ទៀត គឺជាទិវាបុណ្យឯករាជ្យជាតិ ។ ទិវានេះ ជាទិវាមួយពិសេសសម្រាប់ជនជាតិដែលបានប្រមូលផ្តុំគ្នារស់នៅជាជាតិមួយ ក្នុងរង្វង់ទឹកដីមួយដែលជាប្រទេសដាច់ដោយឡែក ឯករាជ្យ មានអធិបតេយ្យ ក្នុងការរៀបចំសង្គម និងរដ្ឋ និងក្នុងការគ្រប់គ្រងដឹកនាំប្រទេសរបស់ខ្លូន ។
នៅទិវានេះ ខ្មែរយើងគួររំឭកខ្លួនយើងថា យើងមានជាតិមួយ មានអត្តសញ្ញាណមួយ និងជាពិសេស យើងជាជាតិមួយឯករាជ្យ និងអធិបតេយ្យ ។ គំនិត ស្មារតី និងមនោសញ្ចេតនានេះ គឹគេហៅជាភាសាអង់គ្លេសថា nationhood“ ៕ កុលបុត្រ