Tuesday, August 19, 2025
Homeព័ត៌មានជាតិលុយខ្ទង់ម៉ឺនដុល្លារឯណោះ បុគ្គលិក CO ស៊ីដាច់ មិនឲ្យក្រុមហ៊ុន១រៀល

លុយខ្ទង់ម៉ឺនដុល្លារឯណោះ បុគ្គលិក CO ស៊ីដាច់ មិនឲ្យក្រុមហ៊ុន១រៀល

ខេត្តកណ្តាល ៖ បុរសជាភ្នាក់ងារឥណទានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុម្នាក់ បានបែកគំនិតស៊ីដាច់លុយក្រុមហ៊ុនជាបន្តបន្ទាប់ សរុបជាង១ម៉ឺនដុល្លារ លុះក្រុមហ៊ុនស្រាវជ្រាវដឹង ក៏ប្តឹងសមត្ថកិច្ចចាប់អូសកយកទៅចាត់ការតាមច្បាប់។

ករណីរំលោភទំនុកចិត្តខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ។

ជនរងគ្រោះមានឈ្មោះរុន តារា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរបុគ្គលិកមីក្រូហិរញ្ញវត្ថុ  អម្រឹត សាខាស្រុកកោះធំ មានលំនៅក្នុងភូមិព្រែកតាកេរ ឃុំកោះធំ (ខ) ស្រុកកោះធំ។  ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះភាព មករា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរភ្នាក់ងារឥណទានមីក្រូហិរញ្ញវត្ថុ អម្រឹត សាខាស្រុកកោះធំ មានលំនៅក្នុងភូមិកំពង់ស្វាយកណ្តាល ឃុំព្រែកថ្មី ស្រុកកោះធំ។ ដោយឡែក ប្រាក់ដែលបានបាត់បង់ មានចំនួន ១៤ ២៩៨ដុល្លារ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា រយៈពេលកន្លងមក ជនសង្ស័យឈ្មោះភាព មករា បានផ្តល់ប្រាក់កម្ចីជូនអតិថិជនឈ្មោះឈាង អ៊ីម ភេទស្រី នៅឃុំកំពង់កុង បានផ្តល់ជូនប្រាក់ដើម១ម៉ឺនដុល្លារ ក្នុងរយៈពេល៤៨ខែ។ លុះនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ អតិថិជនឈ្មោះឈាង អ៊ីម (អ្នកផ្ញើ) បានផ្ញើប្រាក់បង់ផ្តាច់តាមរយៈឈ្មោះភាព មករា (ភ្នាក់ងារ) ប៉ុន្តែឈ្មោះភាព មករា ពុំបានយកប្រាក់មកបង់ជូនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ដែលឈ្មោះឈាង អ៊ីម បានខ្ចីនោះទេ។ឮ

ក្រោយមកទៀតឈ្មោះ ឈាង សុខផេង បានខ្ចីប្រាក់ពីគ្រឹះស្ថានអម្រឹត តាមរយៈភ្នាក់ងារ ភាព មករា ចំនួន ៩ពាន់ដុល្លារ ក៏ប៉ុន្តែក្រោយមក ឈ្មោះខាងលើបានបង់រំលស់ទាំងដើមទាំងការ បាន ៦ខែមកហើយ។ លុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ឈ្មោះឈាង សុខផេង បានបង់រំលស់ប្រាក់ជូនមីក្រូហិរញ្ញវត្ថុ អម្រឹត តាមរយៈភ្នាក់ងារ ឈ្មោះភាព មករា ចំនួន ៥ ៦៨៨ដុល្លារ តែឈ្មោះភាព មករា មិនបានយកប្រាក់នោះទៅឱ្យក្រុមហ៊ុនទេ។

លុះនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ ទើបជនរងគ្រោះស្រាវជ្រាវដឹងថា ភ្នាក់ងាររបស់ខ្លួន ឈ្មោះ ភាព មករា បានស៊ីដាច់ប្រាក់ក្រុមហ៊ុន។ បន្ទាប់មក នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង និងនាំជនសង្ស័យ មកប្រគល់ជូននគរបាលស្រុកកោះធំ ដើម្បីចាត់ការតាមច្បាប់។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកលុយរបស់ក្រុមហ៊ុន ប្រាកដមែន។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES