Tuesday, August 19, 2025
Homeតារាខ្មែរខេម លាតត្រដាងគូស្នេហ៍នៅបារាំង ថ្ងៃសម្ពោធហាង

ខេម លាតត្រដាងគូស្នេហ៍នៅបារាំង ថ្ងៃសម្ពោធហាង

តារាចម្រៀងប៉ុន សុណារិន ហៅខេម បានសារភាពថា ពេលនេះលោកមាននារីពិសេសក្នុងបេះដូងហើយនោះ គឺជាអាណិកជនខ្មែរ មកពីបារាំង ឈ្មោះ ”ស្រីកា”។ អ្នកចម្រៀង Galaxy រូបនេះ ថែមទាំងថា លោកអាចនឹងរៀបការក្នុងពេលឆាប់ៗខាងមុខនេះទៀតផង។

ការសារភាពមានម្ចាស់ចិត្តនៅពេលនេះ អំឡុងពេលដែលលោកខេម ធ្វើពិធីសម្ពោធភោជនីយដ្ឋាន T&Y នៅក្បែរក្លោងទ្វារចូលទៅវត្តសំរោងអណ្ដែត កាលពីរាត្រីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានតារារួមអាជីពជាច្រើនបានចូលរួមអបអរសាទរ ក្នុងនោះមានទាំងលោកខេម ប៊ុនថៃ ហៅខេមរៈ សីរិមន្ដ ផងដែរ។

លោកខេម បានឲ្យដឹងថា នារីពិសេសក្នុងបេះដូងរបស់លោកក៏បានចូលរួមក្នុងថ្ងៃសម្ពោធហាងរបស់លោកដែរ ប៉ុន្ដែនាងមិនបានដាក់ហ៊ុននៅភោជនីយដ្ឋានជាមួយលោកទេ ព្រោះពេលនេះមិនទាន់ក្លាយជាប្ដីប្រពន្ធ។ លោកថា ហាងនោះបោះទុនអស់ទឹកប្រាក់ចំនួន២០ម៉ឺនដុល្លារ ហើយការដែលលោកបើកមុខរបរនេះឡើង ព្រោះតែគិតថា បានចាប់អាជីពសិល្បៈជាង១០ឆ្នាំហើយ អីចឹងត្រូវតែមានមុខរបរមួយសម្រាប់ខ្លួនពេលចាស់ជរាទៅ ព្រោះពេលនេះលោកក៏មានអាយុច្រើនដែរហើយ។

តារា Galaxy រូបនេះថា សង្ឃឹមមិត្តភក្ដិ ក៏ដូចជា អ្នកគាំទ្ររបស់លោកនឹងមកគាំទ្រហាងរបស់លោក ដើម្បីឲ្យតំណើរការទៅមុខ។

ថ្វីត្បិតតែខេម បានសារភាពថា មានគូស្នេហ៍ក្ដី ប៉ុន្ដែនៅថ្ងៃសម្ពោធហាងនោះ ខេម មិនបានបណ្ដើរ ឬនាំអនាគតភរិយាមកថតរូបកៀកកើយគ្នាដូចគូស្នេហ៍តារាដទៃទេ ដោយថា ទុកឲ្យអ្នកសារព័ត៌មានដើររកដោយខ្លួនឯងទៅចុះ។

ទាក់ទងអាជីពចម្រៀងនោះវិញ ខេម ថា ក្រោយចាកចេញពីថោន ចូល Galaxy បាន៣ខែនេះ លោកថតបទចម្រៀងបានជាង៥០បទហើយ ដែលបទខ្លះចេញជា MV និងបទខ្លះទៀត ទើបចេញជា​ Audio ហើយមានមហាជនមានជាច្រើនគាំទ្រ។

ដោយឡែក ការក្លាយទៅជាថៅកែហាងនៅពេលនេះ ខេម ថា លោកនៅតែបន្ដអាជីពសិល្បៈជាធម្មតា មិនបន្ធូរដៃឡើយ។ លោកថា ទោះជាបានភ្ជាប់ស្នេហ៍ជាមួយនារីនៅបារាំង មែន តែអនាគត លោកនិងសង្សារចង់រស់នៅស្រុកខ្មែរ ជាមួយគ្នា៕

RELATED ARTICLES