ខេត្តកែប ៖ បុរសម្នាក់កាន់កាតក្លែងបន្លំជាអង្គរក្ស ដើរជ្រើសរើសយុវជនចូលបម្រើការងារក្នុងជួរកងអង្គរក្ស ជាថ្នូរនឹងលុយកាក់មួយចំនួន និងបានធ្វើការឆបោកបានប្រាក់ពីប្រជាពលរដ្ឋ សរុបប្រមាណជាង១០ម៉ឺនដុល្លារ ទីបំផុតក្រុមជនរងគ្រោះដាក់ពាក្យបណ្តឹង ក៏ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកែប សហការជាមួយបញ្ជាការដ្ឋានកងអង្គរក្ស ចុះចាប់ឃាត់ខ្លួនបញ្ជូនទៅចាត់ការតាមច្បាប់។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសាយ ម៉េង អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ត្រូវបានចាប់ខ្លួនកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្ទះវេរលុយមួយកន្លែង ស្ថិតក្នុងសង្កាត់អូរក្រសា ក្រុងកែប។

លោកអ៊ុក រិទ្ធីសក្តិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកែប ទទួលផ្នែកសន្តិសុខ បានបញ្ជាក់ប្រាប់ថា ការឃាត់ខ្លួនឈ្មោះសាយ ម៉េង នេះ គឺពាក់ព័ន្ធការប្រើកាតក្លែងក្លាយជាកងអង្គរក្សប្រមុខដឹកនាំ ហើយដើរឆបោកជ្រើសរើសទ័ពចូលបម្រើការងារក្នុងជួរកងអង្គរក្សដោយយកប្រាក់។
លោកអ៊ុក រិទ្ធីសក្តិ បញ្ជាក់ថា ជនសង្ស័យរូបនេះ មិនត្រឹមតែប្រើកាតក្លែងបន្លំជាអង្គរក្សទេ ថែមទាំងយកលុយពីអ្នកទាំងនោះទៀតផង ។ ករណីនេះ បានកើតឡើងតាំងពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩។

លោកអ៊ុក រិទ្ធីសក្តិ បានបន្ថែមថា ការឃាត់ខ្លួនជនសង្ស័យ ឈ្មោះសាយ ម៉េង មានការចូលរួមសហការពីខាងកងអង្គរក្ស ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ចាន់ ជ្រា ស្នងការរងស្រាវជ្រាវសន្តិសុខបញ្ជាការដ្ឋានអង្គរក្ស និងលោកឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត ផងដែរ។
បន្ទាប់ពីតុលាការខេត្ត បើកការសាកសួរលើជនសង្ស័យ តាមនីតិវិធីរួចមក នៅរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ជនសង្ស័យឈ្មោះសាយ ម៉េង ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគាររួចហើយ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ជនសង្ស័យខាងលើនេះ បានដើរឆបោកមនុស្សជាច្រើននាក់នៅខេត្តកែប ខេត្តពោធិ៍សាត់ និងខេត្តព្រៃវែង តាមរយៈរូបភាពដើររើសកងអង្គរក្ស ដោយត្រូវបង់ប្រាក់ជាមុន ក្នុងនោះ ជនសង្ស័យបានធ្វើការឆបោកប្រាក់ពីប្រជាពលរដ្ឋជាច្រើន គិតជាទឹកប្រាក់បានប្រមាណជាង១០ម៉ឺនដុល្លារឯណោះ៕