Tuesday, August 19, 2025
Homeព័ត៌មានជាតិបើកឡានបំពានស្តុប ប៉ូលិសចាប់ផាក ឱ្យលុយក្លែងក្លាយ ជាប់ខ្នោះ

បើកឡានបំពានស្តុប ប៉ូលិសចាប់ផាក ឱ្យលុយក្លែងក្លាយ ជាប់ខ្នោះ

ភ្នំពេញ ៖ កម្លាំងនគរបាលចរាចរណ៍ប្រចាំការនៅគោលដៅស្តុបអតីតស្ពានដែកចំការដូង បានឃាត់ខ្លួនបុរសជនជាតិនីហ្សេរីយ៉ាម្នាក់ ប្រគល់ឱ្យអធិការដ្ឋាននគរបាលខណ្ឌដង្កោ បន្ទាប់ពីជនជាតិបរទេសរូបនេះ បានយកលុយដុល្លារក្លែងក្លាយបង់ថ្លៃផាកពិន័យច្បាប់ចរាចរណ៍ ដោយសារខ្លួនបើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភ្លើងស្តុបអតីតស្ពានដែកចំការដូង ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។

នគរបាលចរាចរណ៍ ដែលឈរជើងនៅគោលដៅខាងលើ បានឱ្យដឹងថា មុនឈានដល់ការឃាត់ខ្លួន គឺជនជាតិនីហ្សេរីយ៉ារូបនេះ បានបើករថយន្ត១គ្រឿង ម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2BC-9125 ធ្វើដំណើរតាមបណ្តោយផ្លូវ៣៧១ មកដល់ចំណុចស្តុបអតីតស្ពានដែក ភ្លើងស្តុបបានលោតពណ៌ក្រហម ប៉ុន្តែជននេះមិនបានឈប់ទេ គឺបានបើកបំពានភ្លើងស្តុប បត់ឡើងទៅផ្លូវ២១៧ (ផ្លូវចំការដូង) ទើបកម្លាំងនគរបាលចរាចរណ៍ប្រចាំការនៅគោលដៅខាងលើ ក៏ចាប់ផាកពិន័យតែម្តង។

កំឡុងពេលបង់ថ្លៃផាកពិន័យជនជាតិបរទេសនោះ ក៏បានប្រគល់ក្រដាសប្រាក់១០០ដុល្លារ ប៉ុន្តែសមត្ថកិច្ចគ្មានលុយរាយអាប់ ក៏បានយកទៅដូរនៅទីតាំងដូរលុយ ចំនួន២កន្លែង តែគេបញ្ជាក់ថា លុយនោះជាលុយក្លែងក្លាយ ហើយសមត្ថកិច្ចបានប្រគល់ជូនជនជាតិនីហ្សេរីយ៉ា នោះវិញ ស្រាប់តែរូបគេទាញយកមកហែកចោលមុខនគរបាល ដោយមិនចង់បង់ថ្លៃផាកពិន័យ ដូច្នេះសមត្ថកិច្ចក៏បានឃាត់ខ្លួនប្រគល់មកឱ្យកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីសួរនាំតែម្តង។

នគរបាលខណ្ឌដង្កោ បញ្ជាក់ថា ជុំវិញករណីនេះ កម្លាំងជំនាញបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីកសាងសំណុំបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី់ ពាក់ព័ន្ធករណីប្រើប្រាស់លុយក្លែងក្លាយ៕

RELATED ARTICLES