Tuesday, August 19, 2025
Homeព័ត៌មានជាតិមិនគួរថៅកែស្រី ធ្វើចរិតបែបនេះទេ ក្រោយពេលនិយាយត្រូវរ៉ូវគ្នាហើយនុះ

មិនគួរថៅកែស្រី ធ្វើចរិតបែបនេះទេ ក្រោយពេលនិយាយត្រូវរ៉ូវគ្នាហើយនុះ

ខេត្តកណ្តាល ៖ បុរសជាថៅកែដេប៉ូលក់ដែកម្នាក់ បានសម្រេចដាក់ពាក្យប្តឹងស្ត្រីម្នាក់ជាថៅកែផ្គត់ផ្គង់គ្រឿងសំណង់ម្នាក់ ទៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ កាលពីរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ ពីបទរំលោភលើទំនុកចិត្តនិងជេរប្រមាថ។

ថៅកែដេប៉ូលក់ដែកដែលជាដើមបណ្តឹង មានឈ្មោះគុយ ម៉ុន ភេទប្រុស អាយុ៣២ឆ្នាំ។ ចំណែកថៅកែផ្គត់ផ្គង់គ្រឿងសំណង់ ដែលទទួលរងការប្តឹងផ្តល់ មានឈ្មោះហ៊ួត សុខគា ភេទស្រី។ 

យោងតាមពាក្យប្តឹងរបស់ដើមបណ្តឹងជាថៅកែលក់ដែក បានបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៣រសៀល ឈ្មោះហ៊ួត សុខគា បានហៅគាត់ឱ្យទៅមើលការងារធ្វើឃ្លាំងដាក់អីវ៉ាន់ដោយនិយាយថ្លៃថា ថ្លៃធ្វើដំបូល១ម៉ែត្រការ៉េតម្លៃ១២ដុល្លារ និងថ្លៃជញ្ជាំង១ម៉ែត្រការ៉េ តម្លៃ១០ដុល្លារ។

ពេលនិយាយគ្នារួចហើយ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ដើមបណ្តឹងក៏ហៅកូនជាង និងដាក់សម្ភារចូលធ្វើរហូតដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ពេលធ្វើដំបូលហើយ ក៏បានសុំថៅកែស្រីឈ្មោះហ៊ួត សុខគា គិតលុយខ្លះដើម្បីយកឱ្យថ្លៃសម្ភារនិងថ្លៃកូនជាង តែគាត់មិនព្រមឱ្យលុយ ស្រាប់តែរំលងបាន២ថ្ងៃ គាត់ (ថៅកែស្រីឈ្មោះហ៊ួត សុខគា) បានហៅជាងថ្មីមកធ្វើ និងមិនព្រមប្រគល់លុយឱ្យថ្លៃធ្វើដំបូលទេ។ មិនត្រឹមតែប៉ុណ្ណោះ ថៅកែស្រីឈ្មោះហ៊ួត សុខគា បានជេរប្រមាថខ្លួនថែមទៀតផង។ 

លោកវរសេនីយ៍ទោ យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានបញ្ជាក់ប្រាប់ថា ដើមបណ្តឹងបានដាក់ពាក្យបណ្តឹងរួចរាល់ហើយ ហើយលោកនឹងកោះអញ្ជើញភាគីចុងបណ្តឹងមកសាកសួរបន្ថែម នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០។

ជុំវិញករណីខាងលើនេះ “នគរធំ” នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីស្ត្រីជាថៅកែផ្គង់ផ្គង់គ្រឿងសំណង់ឈ្មោះហ៊ួត សុខគា បាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES