ខេត្តកណ្តាល ៖ បុរសម្នាក់បានទាក់ទងនារីម្នាក់តាមបណ្តាញសង្គមហ្វេសប៊ុក រហូតឈានដល់បង្កើតជាចំណងស្នេហ៍តាមអនឡាញ ទាំងមិនដែលធ្លាប់ជួបមុខផ្ទាល់ ឬស្គាល់ផ្ទះគ្នាសោះ លុះក្រោយខាងស្រីបានបើកភ្លើងខៀវឱ្យភាគីប្រុសនាំចាស់ទុំចូលស្តីដណ្តឹង ស្រាប់តែនៅថ្ងៃកំណត់ដែលភាគីប្រុស នាំសាច់ញាតិចាស់ទុំរបស់ខ្លួន ១រថយន្តក្រុង ទៅដណ្តឹង បែរជារកផ្ទះខាងស្រីមិនឃើញ ទូរស័ព្ទចូលក៏លើក ទើបដឹងថា ខាងស្រីបោកប្រាស់សោះ ព្រោះតាមពិតនាងមានប្តីរួចទៅហើយ បែរជាមកលេងសើច ឲ្យកំលោះជាសង្សារតាមអនឡាញ ខកស្នេហ៍ ខកបំណងអស់។

រឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើល និងហួសចិត្តខាងលើនេះ បានកើតឡើង កាលពីព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចមុខវត្តត្មាតពង ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។

បុរសស្មោះស្នេហ៍ដែលនាំចាស់ទុំចូលស្តីដណ្តឹងស្រីជាសង្សារ បែរជាជួបរឿងខកបំណងត្រូវស្រីបោកប្រាស់ខាងលើនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានស្រុកកំណើតនៅភ្នំព្រះ ខេត្តកំពង់ស្ពឺ។ ចំណែកភាគីស្រី ក៏មិនត្រូវបានស្គាល់អត្តសញ្ញាណដូចគ្នា ប៉ុន្តែតាមប្រភពពីខាងប្រុស បានឲ្យដឹងថា នាងមានលំនៅក្នុងភូមិត្រពាំងកក់ ស្រុកអង្គស្នួល។

យោងតាមគណនីហ្វេសប៊ុក ឈ្មោះ “ឧបាសិកា រ៉េត រស្មី” បានបង្ហោះសារកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ ថា “ករណីបោកស្នេហ៍ខាងប្រុសឱ្យមកដណ្ដឹងតាមហ្វេសប៊ុក ព្រឹកមិញ 9/11/20/20 ខ្ញុំអាណិតចាស់ទំខាងកូនកំលោះនិងកូនកំលោះណាស់ ខំភ្ញាក់តាំងពីព្រឹកមកពីភ្នំព្រះខេត្តកំពង់ស្ពឺ មកដល់ខេត្តកណ្ដាល ចំមុខផ្ទះខ្ញុំ និងវត្តត្មាតពង គាត់គិតថាជិតដល់ហើយខលទៅខាងកូនក្រមុំ ជិត100ដង ដូរលេខខលផងក៏មិនលើកហើយខាងស្រីបិទទូរស័ព្ទបាត់ឈឹងទៅ

ចំណែកខាងប្រុសគាត់ខ្លាចច្រឡំផ្លូវ ពូគាត់ដើរសួគេរកកូនក្រមុំផ្អើលឡើងមួយភូមិ ខ្ញុំក៏ជួយរកតាមអាខោនហ្វេសប៊ុកពួកគាត់បានទាក់ទងគ្នា កូនកំលោះក៏បានឱ្យពួកខ្ញុំមើលរូបថតស្រីនោះ តែមិនមែនអ្នកស្រុកភូមិខ្ញុំទេ តែកូនកំលោះនិងចាស់ទំខាងគាត់ថានៅត្រពាំងកក់ ជាប់ភូមិខ្ញុំ របស់ដល់ម៉ោង11:30នាទី ទើបខ្ញុំនិយាយជាមួយកូនកំលោះនិងចាស់ទុំខាងគាត់ថា គេបោកប្អូនឯងតាមហ្វេសប៊ុក ទេដឹងអូន ហើយក៏ខ្ញុំនិយាយថា បើគេពិតជាឱ្យប្អូនទៅដណ្ដឹងគេមែន គេប្រាកដជាខ្វាយខ្វល់ខលរកប្អូនថា មកដល់ណាៗហើយអូន

ខ្ញុំប្រាប់ពួកគាត់សង្ស័យតែគេបោកទេដឹង ខាងប្រុសពួកគាត់ស្ដាបគំនិតពួកខ្ញុំ ហើយក៏ សម្រេចចិត្តត្រឡប់ទៅផ្ទះវិញទៅ ទីបំផុតខាងខ្ញុំបានរកឃើញថា ខាងកូនក្រមុំនោះបោកគេមែនហើយមានប្ដីទៀតផង ហួសចិត្តម៉ង បើយើងមិនបានជួយគេសូមកុំធ្វើបាបគេ”។
យ៉ាងណា ករណីខាងលើនេះ ចាត់ទុកជាមេរៀនមួយ សម្រាប់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ឲ្យមានការប្រុងប្រយ័ត្ន មុននឹងធ្វើអ្វីមួយ ត្រូវពិចារណា និងស្រាវជ្រាវឱ្យបានច្បាស់លាស់ជាមុនសិន ចៀសវាងចាញ់ល្បិចបោកប្រាស់របស់ជនខិលខូច ដែលនាំឱ្យខាតបង់ទាំងទ្រព្យសម្បត្តិ លុយកាក់ និងពេលវេលា៕