Tuesday, August 19, 2025
Homeតារាខ្មែរលោកខេម ចង់រៀបការជាមួយសង្សារស្អាត នៅបារាំង

លោកខេម ចង់រៀបការជាមួយសង្សារស្អាត នៅបារាំង

តារាចម្រៀង Galaxy លោកប៉ុន សុណារិន្ទ ហៅខេម បានសារភាពថា មានគូស្នេហ៍ជានារីម្នាក់ជាអាណិកជនខ្មែរ មកពីបារាំង ដែលលោកនិងនាង មានទំនាក់ទំនងស្នេហាជាមួយគ្នាជាង៤ឆ្នាំហើយ។ អនាគតភរិយាលោកខេម ត្រូវគេស្គាល់ថា ជាស្រីស្អាតម្នាក់ ឈ្មោះ ”ស្រីកា” ដែលនាងចុះឡើងៗពីបារាំង មកកម្ពុជា ខណៈដែលខេម ក៏ធ្លាប់ហោះទៅបារាំង ជាញឹកញាប់ដែរ ដើម្បីទៅជួបបណ្ដូលចិត្ត។

ទោះជាយ៉ាងណា ខេម ប្រាប់ថា ពេលនេះគូស្នេហ៍លោកកំពុងរស់នៅស្រុកខ្មែរ ជាមួយលោករយៈពេលជាង១ឆ្នាំហើយ មិនទាន់វិលទៅបារាំង វិញឡើយ។ ប៉ុន្ដែលោកថា មិនណែនាំឲ្យអ្នកកាសែតស្គាល់មុខគូស្នេហ៍នោះទេ គឺទុកឲ្យអ្នកកាសែតដើររកដោយខ្លួនឯងទៅចុះ។

ប៉ុន្តែអតីតតារាថោន រូបនេះ ថា នឹងរៀបការជាមួយបណ្ដូលចិត្តក្នុងពេលឆាប់ៗខាងមុខនេះហើយ ពោលគឺយ៉ាងយូរ២ទៅ៣ឆ្នាំទៀត ព្រោះពេលនេះលោកក៏មានអាយុច្រើនដែរហើយ។

យ៉ាងណា ខេម ថា លោកនឹងអនាគតប្រពន្ធចង់រស់នៅស្រុកខ្មែរ ជាមួយគ្នាមិនទៅរស់នៅប្រទេសបារាំង ជាអចិន្ត្រៃយ៍នោះទេ។

ការព្រមបើកកកាយរឿងមានគូស្នេហ៍នៅពេលនេះ របស់ខេម ក្រោយពីមានព័ត៌មានថា ខេម​មានភាពស្និតស្នាលប្លែកជាមួយអ្នកមេម៉ាយកូន២ នៅអូស្រា្ដលី នាងសុវណ្ណ ម៉ូនីកា នាំឲ្យគេសង្ស័យអ្នកទាំង២ ជាគូស្នេហ៍នឹងគ្នាទៀតផង។ ប៉ុន្ដែម៉ូនីកា ធ្លាប់ចេញមុខច្រានចោល ហើយពេលនេះដើម្បីកុំឲ្យមានពាក្យចចាមអារ៉ាមច្រើនពេកថា ខេម មានស្រីស្នេហ៍ច្រើន ទើបតារា Galaxy ព្រមចេញមុខទទួលស្គាល់ថា តាមពិតសង្សាររបស់លោកជានារីម្នាក់ នៅបារាំង ឈ្មោះ ”ស្រីកា” មិនមែននារីផ្សេងឡើយ។

ខេម មិនកំណត់ថ្ងៃរៀបការជាមួយសង្សារឡើយ ប៉ុន្ដែតាមអារម្មណ៍ គឺតារាចម្រៀងរូបនេះបញ្ជាក់ច្បាស់លាស់ជាមួយគូស្នេហ៍ ស្ទើរតែ១០០%ទៅហើយ។

ខេម ចេញមុខសារភាពមានសង្សារនេះ គឺនៅពេលតារាចម្រៀងរូបនេះ បានធ្វើពិធីសម្ពោធភោជនីដ្ឋាន T&Y ដែលចំណាយទុនអស់ទឹកប្រាក់២០ម៉ឺនដុល្លារ កាលពីរាត្រីថ្ងៃទី៧ ខែវិច្ឆិកាឆ្នាំ២០២០។

ខេម បញ្ជាក់ថា ច្រៀងជាង១០ឆ្នាំហើយ អីចឹងដល់ពេលវេលាដែលត្រូវមានមុខរបរផ្ទាល់ខ្លួនមួយ សម្រាប់វ័យជរាទៅ ព្រោះមិនអាចពឹងសិល្បៈបានជារៀងរហូតទេ។ យ៉ាងណា លោកថា ពេលនេះអាជីពចម្រៀងលោកនៅ Galaxy កំពុងដំណើរការរលូនល្អ ព្រោះទើបចេញពីថោន បាន៣ខែ ផលិតកម្មថ្មីធ្វើបទចម្រៀងឲ្យលោកច្រៀងបាន៥០បទហើយ។

ក្រៅពីបញ្ចេញ២សែនដុល្លារ ធ្វើមុខជំនួញនោះ ខេម ដែលក្លាយជាថៅកែហាងផឹកស៊ីនេះ ក៏ជិះហ៊ឺហាជិះរថយន្ដទំនើប Range Rover ដែលមានតម្លៃជាង១០ម៉ឺនដុល្លាផងដែរ។

ខេម ថា នៅថ្ងៃរៀបការលោកជាមួយស្រីកា ក្រៅពីហៅតារារួមអាជីពឲ្យចូលរួមនោះ លោកក៏ហៅអ្នកសារព័ត៌មានទាំងអស់ ឲ្យធ្វើជាសាក្សីផងដែរ៕ ហ៊ឹម វិចិត្រ  

RELATED ARTICLES