សូដា នីតា ចាប់ផ្ដើមស្រស់ថ្លារឿងស្នេហាឡើងវិញ បន្ទាប់ពីបេះដូងក្រៀមស្រពោន អស់ជាច្រើនឆ្នាំ។ នាងបានបណ្ដើរគូដណ្ដឹងដែលជាមន្រ្ដីយោធា លោកស៊ិន សូរិយ៉ា ហៅយុទ្ធ ឋានៈ ជាចំហដូចគូស្នេហ៍តារាដទៃទៀតដែរ ខណៈដែលតារារួមអាជីពកាន់តែច្រើនបានជំរុញឲ្យនីតា ឆាប់ចូលរោងការ កុំទុកយូរនាំតែជូរផ្អូម។

ប៉ុន្ដែទាំងនីតា និងលោកឋានៈ បានអះអាងដូចគ្នាថា មិនអាចរៀបការក្នុងពេលឆាប់ៗនេះបានទេ ព្រោះថា ពួកគេកំពុងតែកាន់ទុក្ខម្ដាយនីតា ដែលទទួលមរណៈភាពទៅ ទើបបាន៩ខែនេះ។

ទោះជាយ៉ាងណា ការពន្យារពេលចូលរោងការនេះ មិនត្រូវបានសូដា នីតា និងគូស្នេហ៍ បារម្ភខ្លាចចំណងស្នេហាមានការប្រែប្រួលនោះទេ ដោយថ្មីៗនេះ អ្នកទាំង២ បានចេញមុខមកសន្យារក្សាចំណងស្នេហាឲ្យបានរឹងមាំរួមគ្នាតែម្ដង។

អ្វីដែលកាន់តែធ្វើឲ្យអ្នកទាំង២ ចិត្ត១ថ្លើម១ថែមទៀតនោះ គឺគ្រាន់តែចាប់ដៃគ្នាភ្លាម ពេលនេះសូដា នីតា និងលោកយុទ្ធ ឋានៈ បានដាក់ទុនចូលគ្នាជាច្រើនម៉ឺនដុល្លារ បើកភោជនីយដ្ឋានមួយកន្លែង កណ្តាលរាជធានីភ្នំពេញ ខណៈដែលនីតា ក៏សម្រុករកស៊ីផង និងធ្វើជាទូតសុច្ឆន្ទៈឲ្យខាងផលិតផលគ្រឿងសម្អាងមួយចំនួនផងដែរ។

លោកឋានៈ មិនបានប្រាប់ពីទំហំទឹកប្រាក់ក្នុងការចំណាយលើមុខជំនួញថ្មីរបស់លោក និងសូដា នីតា នោះទេ ប៉ុន្ដែលោកថា មុខរបរនោះអាចនឹងដំណើរការនៅចុងឆ្នាំ២០២០ ឬដើមឆ្នាំ២០២១ ខាងមុខនេះហើយ។

សូដា នីតា ជាញឹកញាប់ បង្ហាញអារម្មណ៍នៅតែអាលោះអាល័យសោកស្ដាយចំពោះម្ដាយរបស់នាង អ្នកស្រីជុំ សារឿន ដែលទទួលរមណៈភាពកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ហេតុនេះហើយ នាងនិងគូដណ្ដឹងនិយាយស្របគ្នាថា មិនអាចបង្កើតកម្មវិធីសប្បាយៗនៅពេលនេះបានទេ ព្រោះកំពុងកាន់ទុក្ខជូនអ្នកមានគុណ។

ប៉ុន្ដែលោកឋានៈ ដែលត្រូវជាគូដណ្ដឹងរបស់នីតា បានបញ្ជាក់ថា យ៉ាងយូរនៅឆ្នាំ២០២២ ឬ ២០២៣ មង្គលការបស់លោក និងនីតា នឹងរៀបចំឡើងហើយ៕