Tuesday, August 19, 2025
Homeព័ត៌មានជាតិចៅភ្លោះសម្តេចហ៊ុន សែន ៦នាក់ ចាប់កំណើតខែតែមួយ

ចៅភ្លោះសម្តេចហ៊ុន សែន ៦នាក់ ចាប់កំណើតខែតែមួយ

ខេត្តសៀមរាប ៖ កូនភ្លោះប្រុសចំនួន៦នាក់ ក្នុងគ្រួសារចំនួន២ បានចាប់កំណើតក្នុងខែជាមួយគ្នា និងក្នុងមន្ទីរពេទ្យជាមួយគ្នា បានទទួលអំណោយពីសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

លោកសេង ទៀង ជំនួយការផ្ទាល់សម្តេចហ៊ុន សែន អមដំណើរដោយលោកគុជ លីណា សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ បានអញ្ជើញចុះសំណេះសំណាល និងនាំយកអំណោយសម្តេចនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋកូនភ្លោះ៣ ទាំងពីរគ្រួសារ ដល់លំនៅឋាន ក្នុងស្រុកក្រឡាញ់ និងស្រុកស្រីស្នំ។

ចៅភ្លោះប្រុស៣នាក់ ក្នុងគ្រួសារទី១ សម្រាលនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៣និង៣០នាទីរសៀល នៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប។ គ្រួសារទី១នេះ មានឪពុកឈ្មោះឡាន់ គឹមលាង អាយុ៣០ឆ្នាំ និងម្តាយឈ្មោះតយ រ៉ានី អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅភូមិកំពង់ថ្កូវ១ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ និងមានកូនក្នុងបន្ទុកមុន ប្រុស២នាក់ផងដែរ។

ចំណែកចៅភ្លោះប្រុស៣នាក់ ក្នុងគ្រួសារទី២ សម្រាលនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៤រសៀល នៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប ដូចគ្នា។ គ្រួសារទី២នេះ មានឪពុកឈ្មោះតឹក តួន អាយុ៣៥ឆ្នាំ និងម្តាយឈ្មោះរស់ ម៉ាច អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅភូមិស្លែងស្ពាន ឃុំស្លែងស្ពាន ស្រុកស្រីស្នំ។

អំណោយរបស់សម្តេចនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានប្រគល់ជូនគ្រួសារកូនភ្លោះ៣ ទាំងពីរគ្រួសារនេះ ក្នុងមួយគ្រួសារ ទទួលបានអង្ករ៥០គីឡូក្រាម ទឹកដោះគោ២កេសធំ ស្ករ-ស៥គីឡូក្រាម ក្រមា២ សារុង២ និងថវិកា៥លានរៀល។

នៅចំពោះមុខគ្រួសារកូនភ្លោះទាំងពីរគ្រួសារ លោកសេង ទៀង មានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដោយសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតពីសម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល សម្តេចទាំងទ្វេ តែងតែគិតគូរដល់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងទាំងអស់ ក្នុងប្រទេសកម្ពុជា។

លោកសេង ទៀង បានបន្តថា ចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ មានគ្រួសារប្រសូត្រទារកភ្លោះបីនាក់ ឬបួននាក់ ចំនួន៣៦៩គ្រួសាររួចហើយ បានទទួលអំណោយឧបត្ថម្ភដ៏សប្បរសធម៌ ពីសម្តេចនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការជួយទំនុកបម្រុងដល់ការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសការចិញ្ចឹមបីបាច់ទារកភ្លោះបីនាក់ ដែលជាចៅៗរបស់សម្តេចទាំងទ្វេ នៅពេលឆ្លងទន្លេរួច។

លោកសេង ទៀង បន្តថា ចំនួនគ្រួសារទារកភ្លោះបីនាក់នេះ មានច្រើនជាងនេះទៀត ដែលសម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភតាមរយៈអ្នកតំណាងរាស្ត្រ និងក្រុមការងារ ចុះជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានភូមិ ឃុំ ស្រុក រាជធានីខេត្ត កាលពីមុនឆ្នាំ១៩៩៩។

លោកសេង ទៀង បានបន្ថែមថា ជំនួយឧបត្ថម្ភទាំងអស់នេះ មិនមែនជាអំណោយរបស់រាជរដ្ឋាភិបាល អំណោយរបស់កាកបាទក្រហមកម្ពុជា ឬអំណោយរបស់គណបក្ស ដែលបម្រើឱ្យសកម្មភាពនយោបាយនោះទេ។ ផ្ទុយទៅវិញ អំណោយទាំងអស់នេះ គឺជាអំណោយទានកើតចេញពីទឹកចិត្តជ្រះថ្លា ប្រកបដោយការគិតគូរខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឈ្វេងយល់ពីការលំបាកពិតប្រាកដចំពោះប្រជាពលរដ្ឋដែលបានប្រសូត្រទារកភ្លោះបីឬបួននាក់។

លោកសេង ទៀង បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាអនាម័យរស់នៅស្អាត លាងដៃជាមួយសាប៊ូ អាល់កុល ឬទឹកលាងដៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវ ដែលបាននិងកំពុងរីករាលដាលនៅជុំវិញពិភពលោក។

តំណាងគ្រួសារកូនភ្លោះទាំងពីរគ្រួសារ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងតែជួយដល់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់។ ជាពិសេស ចំពោះប្រជាពលរដ្ឋមានទុក្ខលំបាក គឺតែងតែមានវត្តមានសម្តេចទាំងទ្វេ ចុះជួយ អន្តរាគមន៍គ្រប់ពេលវេលា៕

RELATED ARTICLES