ខេត្តសៀមរាប ៖ បុរសវ័យចំណាស់ម្នាក់ជាថៅកែសណ្ឋាគារ និងជាមនុស្សស្រលាញ់ភេទដូចគ្នា ព្រោះតែខឹងនឹងដៃគូស្នេហារបស់ខ្លួន (ប្រុសដូចគ្នា) សុំបែកចែកផ្លូវ ក៏បែកគំនិតផ្ញើរូបថតអាក្រាតរបស់គូស្នេហ៍កាលគ្រានៅល្អូកល្អិននឹងគ្នា ទៅឱ្យបុរសជាគូស្នេហ៍មើល រួចគំរាមទារលុយ៨ម៉ឺនដុល្លារ ពុំនោះទេនឹងបង្ហោះរូបអាក្រាតនេះឱ្យផ្អើលហ្វេសប៊ុក ក៏ត្រូវជនរងគ្រោះប្តឹងសមត្ថកិច្ចចាប់ក្របួចជាប់នាំយកទៅចាត់ការតាមច្បាប់។
ករណីឃាត់ខ្លួនជនសង្ស័យគំរាមបង្ហោះរូបអាក្រាតដៃគូស្នេហារបស់ខ្លួនខាងលើនេះ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០២០ នៅចំណុចក្រុងសៀមរាប។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ GANSHAW JOHN ED-WARD ភេទប្រុស អាយុ៥៧ឆ្នាំ (កើតថ្ងៃទី២១ ខែសីហា ឆ្នាំ១៩៦៣) ជនជាតិអាមេរិកាំង មុខរបរម្ចាស់សណ្ឋាគារបាត់ធ័រប្លាយភី កាន់លិខិតឆ្លងដែនលេខ៥៦៥៤៥៤៦០៧។ ចំណែកជនរងគ្រោះមានឈ្មោះ ច.ស.ប ភេទប្រុស អាយុ៣៣ឆ្នាំ ជាជនជាតិខ្មែរ មុខរបរចុងភៅ មានលំនៅក្នុងភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប។ឮ

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីជនរងគ្រោះខាងលើ ដោយបានប្តឹងចោទប្រកាន់ទៅលើឈ្មោះ GANSHAW JOHN ED-WARD ថាបានផ្ញើរូបភាពអាក្រាតរបស់ខ្លួនមកឱ្យខ្លួនមើល ហើយនិយាយគំរាមកំហែងទារលុយចំនួន៨ម៉ឺនដុល្លារ ជាថ្នូរនឹងការមិនបង្ហោះរូបភាពអាក្រាតរបស់ខ្លួនជាសាធារណៈ។ ចំពោះមូលហេតុដោយសារតែជនសង្ស័យខឹងសម្បានឹងខ្លួនដែលជាជនរងគ្រោះពីរឿងសុំបែកចែកផ្លូវគ្នា។
ក្រោយទទួលបានពាក្យបណ្តឹងខាងលើ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ សមត្ថកិច្ចបានស្រាវជ្រាវ និងចុះឃាត់ខ្លួនជនសង្ស័យជាថៅកែសណ្ឋាគារខាងលើ នាំយកមកសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានផ្ញើរូបភាពអាក្រាតរបស់ជនរងគ្រោះទៅឱ្យជនរងគ្រោះមើលពិតមែន ដោយរូបនោះខ្លួនបានថតទុកតាំងពីកាលនៅល្អូកល្អិននឹងគ្នា។ តែក្រោយមកដោយសារតែខឹងជនរងគ្រោះសុំបែក ឈប់ស្រលាញ់ខ្លួន ទើបខ្លួនបានផ្ញើរូបនោះទៅឱ្យជនរងគ្រោះមើល ដើម្បីជាការគំរាមតែម្តង។
សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា តាមរយៈការស្រាវជ្រាវនិងចុះពិនិត្យឆែកឆេរផ្ទះជនសង្ស័យ សមត្ថកិច្ចបានរកឃើញវត្ថុតាងមួយចំនួន ដូចជាកុំព្យូទ័រយួរដៃ ចំនួន២គ្រឿង iPad ចំនួន២គ្រឿង Camera CANON ចំនួន១គ្រឿង ប្រដាប់ភេទបុរស (លិង្គ) សិប្បនិម្មិត ចំនួន១ និងស្រោមអនាម័យប្រើប្រាស់រួច មួយចំនួនទៀត។

ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕