ខេត្តរតនគិរី ៖ ស្ត្រីម្នាក់មានផ្ទៃពោះគ្រប់ខែឈឺពោះសម្រាលកូន គ្មានប្តីនៅក្បែរ និងគ្មានលុយកាក់ មធ្យោបាយធ្វើដំណើរទៅកាន់មន្ទីរពេទ្យទៀតផង លុះលេចឮដំណឹងដល់ លោកអធិការស្រុកអូរយ៉ាដាវ ក៏យករថយន្តចុះទៅដឹកស្ត្រីមានផ្ទៃពោះរូបនោះដោយផ្ទាល់ និងបញ្ជូនទៅកាន់មន្ទីរពេទ្យ សម្រាលកូនដោយសុវត្ថិភាព។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិតាកុកច្រាយ ឃុំបរខាំ ស្រុកអូរយ៉ាដាវ។

ស្ត្រីមានផ្ទៃពោះដែលឈឺពោះសម្រាលកូន គ្មានលទ្ធភាពធ្វើដំណើរទៅកាន់មន្ទីរពេទ្យ និងត្រូវបានលោកអធិការ ជួយអន្តរាគមន៍សង្គ្រោះទាន់ពេលវេលានេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។
ស្ត្រីមានផ្ទៃពោះដែលឈឺពោះសម្រាលកូន គ្មានលទ្ធភាពធ្វើដំណើរទៅកាន់មន្ទីរពេទ្យ និងត្រូវបានលោកអធិការ ជួយអន្តរាគមន៍សង្គ្រោះទាន់ពេលវេលានេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ អាជ្ញាធរមូលដ្ឋានបានរាយការណ៍មកថា មានស្ត្រីមានផ្ទៃពោះម្នាក់រស់នៅភូមិតាកុកច្រាយ ឃុំបរខាំ ស្រុកអូរយ៉ាដាវ កំពុងឈឺពោះសម្រាលកូន ប៉ុន្តែខ្វះខាតគ្រប់បែបយ៉ាង តាំងពីលុយកាក់និងមធ្យោបាយ ធ្វើដំណើរទៅកាន់មន្ទីរពេទ្យ ហើយសូម្បីតែប្តី ក៏មិនបាននៅក្បែរទៀត។ លុះទទួលបានព័ត៌មានខាងលើនេះភ្លាម លោកវរសេនីយ៍ឯក សូយ សំណាង អធិការនគរបាលស្រុកអូរយ៉ាដាវ បានយករថយន្តចុះអន្តរាគមន៍ដោយផ្ទាល់ ដឹក បញ្ជូនស្ត្រីមានផ្ទៃពោះខាងលើ ទៅកាន់មន្ទីរពេទ្យ ដើម្បីសម្រាលកូន។

ស្ត្រីមានផ្ទៃះពោះខាងលើ ត្រូវបានលោកអធិការនគរបាលស្រុកអូរយ៉ាដាវ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកបរកែវ និងបានសម្រាលកូនប្រកបដោយសុវត្ថិភាពទាំងម្តាយ និងកូន។

ស្ត្រីខាងលើ បានសម្តែងនូវអារម្មណ៍រំភើបនិងថ្លែងអំណរគុណចំពោះលោកអធិការ សូយ សំណាង ដែលបានឈឺឆ្អាលយកចិត្តទុកដាក់អន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋ ប្រកបដោយទឹកចិត្តសប្បុរសធម៌ និងភាពទទួលខុសត្រូវ ដែលទង្វើនេះ គឺជាគំរូដ៏ល្អក្នុងការបម្រើប្រជាពលរដ្ឋ៕