Tuesday, August 19, 2025
Homeព័ត៌មានជាតិសម្តេចហ៊ុន សែន បញ្ជាក់ថា មិនមានការបិទរាជធានីភ្នំពេញ ដូចការឃោសនាក្រុមពួកអាក្រក់

សម្តេចហ៊ុន សែន បញ្ជាក់ថា មិនមានការបិទរាជធានីភ្នំពេញ ដូចការឃោសនាក្រុមពួកអាក្រក់

បន្ទាប់បែកធ្លាយព័ត៌មានថា រដ្ឋាភិបាលនឹងធ្វើការបិទរាជធានី និងខេត្ត មិនឲ្យមនុស្សចេញចូល ដោយសារតែករណីផ្ទុះកូវីដ-១៩ជាថ្មីនោះ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាំណាចក្រកម្ពុជា បានបញ្ជាក់ច្បាស់ៗថា មិនមានការបិទរាជធានីភ្នំពេញ និងហាមឃាត់ការធ្វើដំណើរពីខេត្តមួយទៅកាន់ខេត្តមួយនោះទេ។

សម្តេចហ៊ុន សែន បានបង្ហោះសារថា “បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ថ្មីៗនេះមានមនុស្សអាក្រក់មួយចំនួនបានបំផុសពាក្យចចាមអារាមថា រាជរដ្ឋាភិបាល នឹងបិទរាជធានីភ្នំពេញ និងហាមឃាត់ការធ្វើដំណើរពីខេត្តមួយទៅកាន់ខេត្តមួយ។

ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាល ខ្ញុំសូមបញ្ជាក់ថានឹងមិនមានការបិទប្រទេស ឬរាជធានីខេត្ត ឬតំបន់ណាមួយនោះទេ។ ការឃោសនាអកុសលរបស់ពួកអាក្រក់ទាំងនេះ សំដៅធ្វើឱ្យប្រទេសមានចលាចល ទំនិញឡើងថ្លៃ ប្រជាជនរស់នៅមិនបានស្ងប់ចិត្តដើម្បីពួកគេគេងចំណេញខាងនយោបាយតែប៉ុណ្ណោះ។

បញ្ហាសំខាន់ក្នុងការប្រយុទ្ធជាមួយជម្ងឺកូវីដ-១៩ នៅពេលនេះ គឺប្រជាជនគ្រប់រូបការពារខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេស ការពាក់ម៉ាស់ ការលាងដៃ ការមិនជួបជុំប្រមូលផ្តុំ ការរក្សាគម្លាតសុវត្ថិភាព។ល។”។

សម្តេចបានបន្តថា “សម្រាប់ការពាក់ម៉ាស់ដែលកាលពីម្សិលមិញនេះ ខ្ញុំបានបញ្ជាឱ្យបញ្ចេញម៉ាស់ក្រណាត់ចំនួន២លានម៉ាស់ ជូនទៅសាលារាជធានីភ្នំពេញ ដើម្បីចែកជូនប្រជាជនក្រីក្រ។ នគរបាលចរាចរណ៍ ក៏នឹងជូនម៉ាស់សម្រាប់អ្នកជិះកង់ ជិះម៉ូតូដែលមិនបានពាក់ម៉ាស់”។

សម្តចបានបន្ថែមថា “សូមបងប្អូនពាក់ម៉ាស់ទាំងអស់គ្នា ដើម្បីយើងឈានទៅបញ្ចប់ព្រិត្តិការណ៍៣វិច្ឆិកា ឱ្យបានឆាប់ ដើម្បីនាំប្រទេសមកកាន់ភាពប្រក្រតីដូចមុនថ្ងៃ៣ វិច្ឆិកា ២០២០ វិញ។ សម្រាប់បងប្អូនដែលបាននឹងកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ត្រូវបន្តធ្វើឱ្យបានហ្មត់ចត់ និងសូមអាជ្ញាធរមូលដ្ឋានតាមដានត្រួតពិនិត្យ និងជួយដោះស្រាយជីវភាពសម្រាប់គ្រួសារក្រីក្រដែលពួកគាត់មិនអាចចេញប្រកបរបររកស៊ីបាន ក្នុងពេលធ្វើចត្តាឡីស័ក។ ត្រូវផ្តល់ស្បៀងអាហារជូនពួកគាត់កុំអោយពួកគាត់ខ្វះស្បៀងអាហារក្នុងពេលធ្វើចត្តាឡីស័ក។ សូមជូនពរបងប្អូនជនរួមជាតិជួបតែ សេចក្តីសុខសេចក្តីចម្រើន”៕

RELATED ARTICLES