ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋសង្កេតឃើញថា ក្លឹបកម្សាន្ត និងខារ៉ាអូខេជាច្រើនកន្លែង នៅខេត្តប៉ៃលិន កំពុងដំណើរការអាជីវកម្មដោយមិនខ្វល់ពីបម្រាម ឬសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ និងការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅតាមសហគមន៍នោះឡើយ។

ជាក់ស្តែង កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ហាងខារ៉ាអូខ ក្នុងភូមិផ្សាយព្រំ ស្រុកសាលាក្រៅជាប់ព្រំដែនថៃ និងនៅទីរួមខេត្តប៉ៃលិន ជាច្រើនកន្លែងទៀត នៅតែបន្តបើកឱ្យភ្ញៀវចូលទៅកម្សាន្ត និងមិនមានការប្រុងប្រយ័ត្នឡើយ។

ពាក់ព័ន្ធករណីការរិះគន់ពីប្រជាពលរដ្ឋនេះដែរ លោកលឹម វាសនា ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន បានបញ្ជាក់ថា លោកកំពុងតែសុំគោលការណ៍ពីខាងរដ្ឋបាលខេត្ត ដើម្បីសហការកម្លាំងចុះទៅត្រួតពិនិត្យ ព្រោះក្លឹបកម្សាន្តយុវវ័យ មានការអនុញ្ញាតពីខាងរដ្ឋបាល សាលាខេត្ត ដូច្នេះត្រូវតែសុំការសហការជាមួយខេត្ត ទើបចុះបាន។
លោកប្រធានមន្ទីរ បន្តថា យ៉ាងយូរ ថ្ងៃទី១២ ខែវិច្ឆកា ឆ្នាំ២០២០ លោកនឹងដឹកនាំកម្លាំងចុះទៅណែនាំ និងឱ្យបិទទាំងស្រុងតែម្តង។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានចេញលិខិតបន្ទាន់មួយ សម្រេចបិទ KTV ក្លឹបកម្សាន្ត រោងភាពយន្ត និងសារមន្ទីរ នៅទូទាំងប្រទេស ជាបណ្តោះអាសន្ន ដើម្បីការពារការរីករាលដាលជំងឺកូវីដ-១៩។

លិខិតរបស់លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាជម្រាបជូនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ថា “ដោយបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ នាយករដ្ឋមន្ត្រី សូមបិទ KTV ក្លឹបកម្សាន្ត រោងភាពយន្ត និងសារមន្ទីរនៅ ទូទាំងប្រទេស ដោយអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី”៕