Tuesday, August 19, 2025
Homeតារាខ្មែរអ្នកនាងគង់ សុជាតិ និងស្វាមី ជា វិបុល កាន់តែមានសុភមង្គល

អ្នកនាងគង់ សុជាតិ និងស្វាមី ជា វិបុល កាន់តែមានសុភមង្គល

អ្នកនាងគង់ សុជាតិ បានដឹកដៃប្ដីអន្ទិតសក់ខ្លី លោកជា វិបុល ទៅថតរូបភាពបែប Pre-Wedding សម័យថ្មី ដោយតែងខ្លួនជាកសិកររកត្រីតាមវាលស្រែ តែត្រូវបានហ្វេន ហ្វេន របស់នាងមួយចំនួនថា សុជាតិ និងប្ដីរកត្រីមិនសូវសម ព្រោះសាច់សខ្លាំងពេក។

នេះជាការរឹតចំណងស្នេហ៍បន្ថែមទៀត រវាងអ្នកនាងសុជាតិ និងស្វាមី ដើម្បីកុំឲ្យជួបហានិភ័យសាជាថ្មីម្ដងទៀត ហេតុនេះហើយទោះជារវល់ការងារសិល្បៈ និងមុខជំនួញយ៉ាងណា ក៏សុជាតិ នៅតែមិនឲ្យប្ដីអផ្សុក រហូតដល់បែកឆ្វេងដូចមុនទៀតឡើយ។

តាមរយៈការតុបតែងខ្លួនថតរូបភាពកម្រងអនុស្សាវរីយ៍នោះដែរ អ្នកខ្លះថា សុជាតិ-វិបុល ធ្វើខ្លួនដូចក្រមុំកំលោះត្រៀមដឹកដៃគ្នាចូលរោងការអីចឹង ដែលមើលទៅប្ដីប្រពន្ធតារា១គូនេះ ពិតជាស្រលាញ់គ្នាមិនចាញ់គូស្នេហ៍យុវវ័យទេ។

ទោះជាយ៉ាងណា ពេលនេះក្រៅពីមានកូន៣នាក់នោះ សុជាតិ ក៏មានកូនប្រសារដែរពេលនេះ ព្រោះនាងបាននាំកូនប្រុសច្បង (កូនអតីតប្តី លោកម៉ៅ សាល់ភាព) ឈ្មោះម៉ៅ សាលភាពបុត្រ ភ្ជាប់ពាក្យជាមួយនាងឆន ពុទ្ធាវីន កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ។

អ្នកនាងគង់ សុជាតិ បានផ្លាស់ប្ដូរយុទ្ធសាស្រ្ដក្នុងការទប់ស្កាត់ស្វាមីក្មេង លោកជា វិបុល កំឲ្យងាករេទៅរកស្រីក្មេង តាមរយៈការចំណាយពេលវេលានៅចុងសប្ដាហ៍ ទៅលំហែកាយានៅតាមរមណីយដ្ឋាននៅបណ្ដាខេត្តនានា ដើម្បីឲ្យប្ដីបានសប្បាយចិត្ត។

ដោយឡែក លោកជា វិបុល វិញ ដើម្បីលុបលាងកំហុសឆ្គងជាមួយសុជាតិ កន្លងមកដែលធ្វើឲ្យនាងចូលដេកពេទ្យសង្គ្រោះបន្ទាន់ ដោយសារតែលេចឮថា លោក ទៅបង្កាត់ភ្លើងស្នេហាជាមួយដៃគូចាស់ អ្នកនាងចាន់ កែវនិមល នោះ លោកបានទៅសាងផ្នួសជាសាមណេរ (នេន) រយៈពេល១០ថ្ងៃ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង ហើយក្រោយពីលាចាកសិក្ខាបទវិញ មិនទាន់ដុះសក់វែងផង ​ស្រាប់តែពេលនេះ សុជាតិ បាននាំប្ដីទៅថតរូបកៀកកើយគ្នារកត្រីនៅតាមវាលស្រែទៅវិញ។

ប៉ុន្ដែយ៉ាងណា សុជាតិ មិនទាន់យល់ព្រមជាមួយស្វាមីរឿងចង់បានកូនភ្លោះប្រុសនោះទេ បន្ទាប់ពីរៀបការ៧ឆ្នាំ អ្នកទាំង២ ទទួលបានចំណងដៃកូនស្រីម្នាក់ ឈ្មោះជា សុជាតិនារី ហៅដូរី អាយុជាង៣ឆ្នាំ៕

RELATED ARTICLES