ខេត្តបន្ទាយមានជ័យ ៖ អ្នកទទួលទិញផលចោរកម្ម រួមទាំងជនសង្ស័យជាចោរលួចម៉ូតូម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់បាន រួមទាំងវត្ថុតាងយកទៅចាត់ការតាមច្បាប់ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។ ចំណែកបក្ខពួកដែលរត់រួច២នាក់ សមត្ថកិច្ចកំពុងបន្តតាមចាប់។

បើតាមមន្ត្រីអាវុធហត្ថ បានឱ្យដឹងថា ការឃាត់ខ្លួនបានជនសង្ស័យខាងលើនេះ គឺយោងតាមពាក្យបណ្តឹងចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ជនរងគ្រោះឈ្មោះអេង បៀកនី ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិក្បាលស្ពាន២ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងពាក្យបណ្តឹងឈ្មោះលន់ ម៉េងទ្រី ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិមិត្តភាព សង្កាត់-ក្រុងប៉ោយប៉ែត ស្តីពីករណីបាត់ម៉ូតូ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចមុខសណ្ឋាគារហាក់ហួត និងចំណុចមុខកាស៊ីណូ នាគទិព្វ ក្នុងក្រុងប៉ោយប៉ែត។
ភ្លាមនោះ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុង បានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវ រហូតរកឃើញជនសង្ស័យកំពុងជិះម៉ូតូចំនួន២គ្រឿង មានគ្នា៣នាក់ ក៏ឃាត់ខ្លួន បានម្នាក់ឈ្មោះសារុន សារិ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិមិត្តភាព សង្កាត់-ក្រុងប៉ោយប៉ែត នៅចំណុចវត្តថ្មី ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់-ក្រុងប៉ោយប៉ែត ព្រមទាំងដកហូតបានម៉ូតូ២គ្រឿង ដែលពួកគេជិះធ្វើសកម្មភាព១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ និង១គ្រឿងទៀត ម៉ាកហ្ស៊ូមមើអ៊ិច ពណ៌ឈាមជ្រូកលាយខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខបន្ទាយមានជ័យ 1R-4165 ដែលជារបស់ ជនរងគ្រោះឈ្មោះអេង បៀកនី។ ចំណែកជនសង្ស័យ២នាក់ទៀតបានរត់គេចខ្លួនបាត់។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាន ត្រូវនាំមកមូលដ្ឋានអាវុធហត្ថក្រុង ដើម្បីសាកសួរ។ ក្រោយពីសួរនាំរួច កម្លាំងបានបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះជួង តុល ហៅតាកាហ្វេ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិព្រៃព្រិច សង្កាត់-ក្រុងប៉ោយប៉ែត ដែលជាអ្នកទទួលទិញផលចោរកម្ម និងដកហូតម៉ូតូ១គ្រឿង ដែលទិញពីជនសង្ស័យខាងលើ ម៉ាកហុងដាស្កុបពី ពណ៌ឈាមជ្រូក ស៊េរីឆ្នាំ២០១២ គ្មានស្លាកលេខ ដែលមានក្នុងពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះលន់ ម៉េងទ្រី។
ជនសង្ស័យឈ្មោះសារុន សារិ បានសារភាពថា ពួកគេតែងតែធ្វើសកម្មភាពលួចកាច់សោម៉ូតូក្នុងក្រុងប៉ោយប៉ែត ជាញឹកញាប់ ហើយយកទៅលក់ឱ្យឈ្មោះជួង តុល ដែលជាអ្នកទទួលទិញ។ ក្រោយពីបានចម្លើយសារភាព និងមានវត្ថុតាង ទើបកម្លាំងជំនាញព្រហ្មទណ្ឌអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានអាវុធហតខេត្ត ចាត់ការបន្ត ហើយជនសង្ស័យរួមទាំងវត្ថុតាង ម៉ូតូហុងដាឌ្រីមសេ១២៥ ដែលជាមធ្យោបាយប្រព្រឹត្តបទល្មើស ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូង ចាត់ការតាមនីតិវិធី។

ចំណែកម៉ូតូរបស់ម្ចាស់បណ្តឹងទាំងពីរ ត្រូវបានប្រគល់ឱ្យម្ចាស់យកទៅប្រើប្រាស់វិញហើយ។ រីឯជនសង្ស័យ២នាក់ ដែលរត់គេចខ្លួន សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់៕