បើទោះជាកូវីដ-១៩ នៅមិនទាន់រលត់ ធ្វើឲ្យតារាល្បីៗជាច្រើនធ្លាក់ប្រាក់ចំណូលសឹងគ្រប់គ្នា ព្រោះបណ្ដាឆាកតន្ត្រីធំៗនៅតាមខេត្ត ត្រូវបានផ្អាកក្ដី ប៉ុន្ដែគេឃើញតារាជួរមុខ នៅតែនិយមបង្ហាញភាពហ៊ឺហា តាមរយៈការជិះរថយន្ដតម្លៃរាប់សែនដុល្លារ មានដូចជា Porsche, Range Rover, Mazda, Audi, Lexus LX570 និង Alphard ជាដើម។ ដោយឡែក រថយន្ដ Mercedes ដែលតារាល្បីៗ៥ដួង និយមជិះយ៉ាងកាលីពព្រមគ្នាតែម្ដង។
១. ពេជ្រ ច័ន្ទបរមី ៖ ភរិយាឯកឧត្តម ឧត្តមសេនីយឯក កែវ វណ្ណថន រូបនេះ បានដើរចេញពីអាជីពសិល្បៈជាង១០ឆ្នាំមកហើយ ដែលពេលនេះមានកូន២នាក់ តែមិនទាន់រៀបការ។
អ្នកនាងបរមី ស្ទើរតែជាប្រចាំតែម្ដង គឺអ្នកនាងនិយមជិះរថយន្ដ Mercedes ពណ៌ខ្មៅ ហើយជាញឹកញាប់ គេឃើញនាងកាន់ចង្កូតរថយន្ដខ្លួនឯង ដោយស្លៀកពាក់សំពត់ខ្លីខ្មៅ និងអាវស យ៉ាងសាមញ្ញ ហើយពាក់តែនាឡិកាដៃ១ប៉ុណ្ណោះ មិនមានគ្រឿងពេជ្រ ជ្រែកខ្លួន ។

២. ស្រីតូច ចំណាន ៖ ភរិយាសេដ្ឋី លោកឧកញ៉ាគិត ម៉េង រូបនេះ បានជិះរថយន្ដ Mercedes ម្ដងម្កាល ព្រោះអ្នកនាងមានរថយន្ដច្រើន សម្រាប់ជិះឆ្លាស់គ្នា ដូចជា Rolls-Royce, BMW និង Lexus LX 570 ជាដើម។
អតីតពិធីការិនីនិងតារាសម្ដែងរូបនេះ មានកូន៤ (ស្រី២) ហើយរស់នៅលើគំនរទ្រព្យមហាសាល ដោយទៅណាមកណាមានអង្គរក្សបើករថយន្ដជូន និងតាមការពារជាប្រចាំតែម្ដង។

៣. ឱក បូរី ៖ ក្រោយចាកចេញពីសិល្បៈជាង១ទសវត្ស អ្នកនាងឱក បូរី បានភ្ជាប់ស្នេហ៍ជាមួយលោកស៊ុត តារា ជាអគ្គនាយករងនៃអគ្គនាយកដ្ឋាន ជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម ហើយពេលនេះអ្នកនាងមានកូនស្រី៣ ទៅហើយ។
អ្នកនាងបូរី ក៏និយមជិះរថយន្ដ Mercedes ផងដែរ ក្នុងចំណោមរថយន្ដជាច្រើនគ្រឿង ដែលនាងជិះឆ្លាស់គ្នា ហើយទោះជាដាច់អាល័យពីអាជីពសិល្បៈមែន ប៉ុន្ដែយូរៗម្ដង គេឃើញនាងនៅតែទៅចូលរួមកម្មវិធីអ្នកសិល្បៈដែលជិតដិតបំផុត។

៤. វ៉ាង ស្រីណូ ៖ អតីតតារាសម្ដែងសិចស៊ីរូបនេះ មានទ្រព្យមិនចាញ់ជំទាវឡើយ ក្រោយផ្ដាច់ខ្លួនពីអាជីពសិល្បៈជាច្រើនឆ្នាំមកនេះ។ ស្រីណូ រស់នៅហ៊ឺហាដល់កំពូល មានវីឡាភ្លោះស្កឹមស្កៃ នៅបុរីប៉េង ហួត (បឹងស្នោរ) ហើយរថយន្ដដែលនាងជិះប្រចាំថ្ងៃ គឺ Mercedes ដល់ទៅ៣គ្រឿងជិះឆ្លាស់គ្នា មានឡានទាបពណ៌ស ខ្មៅ និង Mercedes ខ្ពស់ ពណ៌ស១គ្រឿងទៀតផង។
ការបាត់មុខពីសិល្បៈរបស់ស្រីណូ ហើយកើនទ្រព្យយ៉ាងលឿននេះ ក្រោយពីមានពត៌មានថា នាងមានគូស្នេហ៍ជាថៅកែលក់ពេជ្រ នៅសាំងហ្គាពួរ បន្ទាប់ពីស្ងាត់រឿងជាមួយថៅកែសណ្ឋាគារម្នាក់ នៅក្រុងកំពង់សោម។ ទោះជាយ៉ាងណា ស្រីណូ មិនដែលចេញមុខបំភ្លឺរឿងស្នេហ៍ដ៏រសើបទាំងនោះឡើយ។

៥. ពេជ្រ សោភា ៖ អ្នកមេម៉ាយឡើងកូដរូបនេះ បានទិញរថយន្ដ Mercedes–Benz GLC200 4Matic Coupe ដែលមានតម្លៃជាង១០ម៉ឺនដុល្លារ ធ្វើឲ្យនាងកាន់តែកាលីពថែមទៀត។ សោភា មានរថយន្ដទំនើប២គ្រឿងផ្សេងទៀត ជិះឆ្លាស់គ្នានោះ គឺ Porsche និង Range Rover តែគេមិនដែលឃើញនាងជិះរថយន្ដតែ២នាក់សង្សារក្មេង លោកឆឹម សក្កដា សោះឡើយ៕ ហ៊ឹម វិចិត្រ
